ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តរុណី​ហួត គឹ​ម​ហុង រៀបរាប់​ពី​ខ្សែជីវិត​របស់​ខ្លួន​នៅ​លើ​វិ​ថី​បាល់ទាត់​នារី

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កីឡាការិនី​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា​១​រូប ឈ្មោះ ហួត គឹ​ម​ហុង កាលពី​ដើម​ខែមេសា ឆ្នាំ ២០២០ កន្លង​ទៅ​នេះ…

រាជធានី​ភ្នំពេញ ៖ កីឡាការិនី​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា​១​រូប ឈ្មោះ ហួត គឹ​ម​ហុង កាលពី​ដើម​ខែមេសា ឆ្នាំ ២០២០ កន្លង​ទៅ​នេះ បាន​ផ្តល់​កិច្ច​សម្ភាសន៍​នៅ​លើ​គេហទំព័រ​របស់​សហព័ន្ធ​បាល់ទាត់​ពិភពលោក (FIFA) បង្ហើប​ឱ្យ​ដឹង​អំពី​ខ្សែជីវិត​របស់​ខ្លួន​នៅ​លើ​វិ​ថី​បាល់ទាត់ ដែល​ផ្តើម​ចេញពី​ក្មេង​កំព្រា​មួយ​រូប​។

ហួត គឹ​ម​ហុង បាន​និយាយ​ពេល​កំពុង​រៀន​តាម​អន​ឡាញ​នៅផ្ទះ​មិត្ត​របស់​នាង​ឯ​ទីក្រុង Marcellus នៃ​រដ្ឋ New York អំឡុង​ពេល​ជំងឺ COVID-19 កំពុង​រាតត្បាត​ថា ខ្លួន​(​គី​ម​ហុង​)
និង​បងប្អូន​៥​នាក់ បាន​រស់នៅ​មណ្ឌលកុមារកំព្រា​មួយ​កន្លែង​ក្នុង​ខេត្តបាត់ដំបង​តាំងពី​ឆ្នាំ​២០០៨ ពោល​គឺ​ចាប់តាំងពី​ម្តាយ​ឪពុករបស់​នាង​បាន​លែងលះ​គ្នា ។

កីឡា​ការ​នី​វ័យ២២​ឆ្នាំ​រូប​នេះ​បាន​បន្ត​ថា សាលា​បណ្តុះបណ្តាលយុវជន SALT ត្រូវ​បាន​បង្កើត​ឡើង​ដោយគម្រោង​របស់​អង្គការក្រៅរដ្ឋាភិបាល​NGOគាំទ្រ​ដោយ FIFA ហើយ​នាង​ទទួល​បានការ​បណ្តុះបណ្តាល និង​បង្វឹក​ដោយ​លោក Sam Schweingruber ដែល​ជា​គណៈ​គ្រប់គ្រង​របស់ SALT Academy ផ្ទាល់​តែ​ម្តង ។

គឹ​ម​ហុង​និយាយ​ថា​៖«​ខ្ញុំ​ពេញចិត្ត​នឹង​អ្វី​ដែល​ខ្ញុំ​កំពុង​ធ្វើ​ណាស់​ក្នុង​នាម​ជា​កីឡាការិនី​បាល់ទាត់​នេះ ប៉ុន្តែ​ខ្ញុំ​ក៏​បាន​ជួប​ឧបសគ្គ​ក្នុង​ជីវិត ក្រោយ​ពី​ខ្ញុំ​លេង​បាល់ទាត់​ដែរ ។ ឧបសគ្គ​គឺ​បងប្រុស និង​បងស្រី​របស់ខ្ញុំ មិន​ចង់ឱ្យ​ខ្ញុំ​លេង​វា​នោះ​ទេ ហើយ​ពួក​គេ​តែងតែ​វាយ​ខ្ញុំ និង​ឱ្យ​ខ្ញុំ​ធ្វើ​ការងារ​ផ្ទះ​ជា​ច្រើន ដើម្បី​ហាមឃាត់​ឱ្យ​ខ្ញុំ​ឈប់​លេង​បាល់ តែ​ខ្ញុំ​មិន​អាច​ឈប់​បាន​ទេ ព្រោះ​ខ្ញុំ​រីករាយ និង​សប្បាយចិត្ត​ពេល​ណា​ដែល​ខ្ញុំ​បាន​ប៉ះ​បាល់​»​។

ស្ថិត​នៅ​ក្នុង​ក្រុម Mighty Girl ដែល​ជា​ក្រុមបាល់ទាត់​នារី​របស់​សាលា​បណ្តុះបណ្តាល SALT Academy គឹ​ម​ហុង បាន​ចំណាយពេល ៦​ឆ្នាំ​នៅ​ទីនោះ មុន​ចាកចេញ​ទៅ​ចូលរួម​ក្លិប​ធំ ភ្នំពេញ​ក្រោ​ន នៅ​ឯ​ភ្នំពេញ និង​ក៏​ដឹកនាំ​ក្រុម​យុវជន​អាយុ​ក្រោម​១៤​ឆ្នាំ​ផង​ដែរ​នៅ​ទីនោះ​។

នៅ​ឆ្នាំ ២០១៨ គឹ​ម​ហុង ស្រាប់តែ​ទទួលបាន​ឱកាស​កោះហៅ​ឱ្យ​ចូលរួម​ក្នុង​ក្រុម​ជម្រើសជាតិ​បាល់ទាត់​នារី និង​ទទួល​បាន​តួនាទី​ជា​ប្រធាន​ក្រុម​ទៀត​ផង ។ កីឡាការិនី​រូប​នេះ ស៊ុត​បញ្ចូល​ទី ៦​គ្រាប់​ម្នាក់ឯង និង​បញ្ជូន​បាល់​ឱ្យ​មិត្ត​រួម​ក្រុម​ទាត់​បញ្ចូល​ទី ៣​គ្រាប់ យកឈ្នះ​លើ​ទី​ម័​រ​ខាងកើត​១២-០​ក្នុង​ការ​ប្រកួត​ផ្លូវការ​ដំបូង​បង្អស់​របស់​ក្រុម​ជម្រើសជាតិ​នារី​នៅ​ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ​២០១៨​។

នាង​និយាយ​ថា​៖«​ការ​ប្រកួត​បាល់ទាត់​នារី​ក្នុង​ប្រទេស​កម្ពុជា គឺ​ពិតជា​មិន​រីក​ចម្រើន​ខ្លាំង​ដូច​ទៅ​នឹង​ប្រទេស​ដទៃ​ក្នុង​ទ្វីបអាស៊ី​នោះ​ទេ​។ វប្បធម៌​ក្នុង​តំបន់ ក្មេង​ស្រី គឺ​ត្រូវធ្វើ​ការងារ​ផ្ទះ និង​រៀប​មង្គលការ​ពេល​ធំ​ពេញវ័យ​ប៉ុណ្ណោះ អ៊ីចឹង​ហើយ​ទើប​ខ្ញុំ​ចង់​ជួយ​និង​រួមចំណែក​អភិវឌ្ឍ​កម្រិត​លេង​របស់​យើង​ឱ្យ​ខ្ពស់​»៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ