យល់​ល្អ អ្នក​មិន​គួរ​ពាក់​ម៉ាស់​ពេល​ធ្វើ​លំ​ហាត់ប្រាណ​ឡើយ


ប្រទេស​ចិន ៖ ជំងឺ​កូ​វី​ដ​១៩ នៅ​ប្រទេស​ចិន មាន​ភាព​ធូរស្បើយ​ជាង​មុន​ច្រើន ដោយ​ជាង​ពាក់កណ្តាល​ប្រទេស មិន​មាន​ករណី​ជំងឺ​នេះ​ទៀត​។ សាធារណជន​នៅ​តែ​តម្រូវ​ឱ្យ​ពាក់​ម៉ាស​នៅ​តាម​ទី​សាធារណៈ ជា​ពិសេស​កន្លែង​ដែល​មាន​មនុស្ស​ច្រើន​កកកុញ​។

ថ្នាក់រៀន​បាន​ចាប់ផ្តើម​ឡើង​វិញ ជាមួយនឹង​ការ​បើក​សាលា​បឋម និង​អនុ​វិទ្យាល័យ ប៉ុន្តែ​វា​មិនមែន​ជា​ការ​ចាប់ផ្តើម​ល្អ​សម្រាប់​វិស័យ​អប់រំ​ទេ​។ ការ​បាត់​បង់ជីវិត​ជា​ច្រើន​ត្រូវ​បាន​គេ​រាយការណ៍​នៅ​ក្នុង​សាលារៀន បន្ទាប់​ពី​សិស្ស​ពាក់​ម៉ាស់ បាន​សន្លប់ និង​បាត់បង់​ជីវិត​ក្នុងអំឡុងពេល​នៃ​ការ​ហាត់ប្រាណ​នៅ​សាលា ដែល​គេ​ហៅ​ថា ម៉ោង​អប់រំ​កាយ (PE)​។

ម្នាក់​ក្នុង​ចំណោម​ពួក​គេ មាន​អាយុ​១៥​ឆ្នាំ ដែល​ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ​ថា Xiao Li មក​ពី​អនុ​វិទ្យាល័យ Caiyuan ក្នុង​ទីក្រុង Zhoukou ខេត្ត Henan ។ យោង​ទៅ​តាម​ឪពុក​របស់​គាត់​ឈ្មោះ Li Jian បានឱ្យ​ដឹង​ថា ក្មេង​ជំទង់​នោះ​បាន​ដួល​ពេល​កំពុង​រត់​ជុំវិញ​សាលារៀន​។ ក្រុម​គ្រួសារ​សង្ស័យ​ថា សិស្សសាលា​នេះ​បាត់បង់​ជីវិត ដោយសារ​លទ្ធផល​នៃ​ការ​ពាក់​ម៉ាស់ ដែល​តម្រូវ​ឱ្យធ្វើ​នៅ​ពេល​មក​សាលារៀន ដើម្បី​ការពារ​កូ​វី​ដ​១៩​។

នៅ​ថ្ងៃ​ទី​១៤ ខែមេសា ក្មេង​ជំទង់​អាយុ​១៦​ឆ្នាំ​ម្នាក់ មក​ពី​ទីក្រុង Wenzhou នៃ​ខេត្ត Zhejiang បាន​បាត់បង់​ជីវិត​ពេល​កំពុង​រត់ ខណៈ​ដែល​ពាក់​ម៉ាស់​៣​ស្រទាប់​។

កាលពី​ថ្ងៃ​ទី​៣០ ខែមេសា សិស្ស​អាយុ​១៥​ឆ្នាំ​ម្នាក់ មក​ពី​ទីក្រុង Changsha នៃ​ខេត្ត Hunan បាន​ស្លាប់ ខណៈ​ពេល​ឆ្លងកាត់​ការ​រត់​ចម្ងាយ​១​គីឡូម៉ែត្រ នៅ​សាលារៀន ពេល​កំពុង​ពាក់​ម៉ាស់ N95​។

សាស្ត្រាចារ្យ Sun Hongtao មក​ពី​មន្ទីរពេទ្យ Beijing Fuwai បាន​និយាយ​ថា ម៉ាស់ N95 ដែល​មាន​ខ្យល់​ចេញចូល​តិចតួច មិន​សម​នឹង​មនុស្ស​ទូទៅ​យក​មក​ពាក់​នោះ​ទេ​។ គាត់​បាន​និយាយ​ថា កង្វះ​អុក​ស៊ី​សែន អាច​បណ្តាល​ឱ្យ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ​ដល់​ខួរក្បាល​របស់​មនុស្ស និង​សរីរាង្គ​ដទៃ​ទៀត ខណៈ​ដែល​ស្ទះ​ការ​ដកដង្ហើម​អាច​បំផ្លាញ​ដល់​សួត​។

វេជ្ជបណ្ឌិត Wang Yantong នៃ​មន្ទីរពេទ្យ Huaxi បាន​ប្រឆាំង​នឹង​ការ​ពាក់​ម៉ាស់ N95 លើ​កុមារ​អាយុ​៧​ឆ្នាំ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា នាយករង​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង CDC ទីក្រុង​ប៉េ​កាំ​ង លោក Liu Xiaofeng បាន​និយាយ​ថា សាធារណជន​មិន​គួរ​ពាក់​ម៉ាស់​ទេ ពេល​កំពុង​ហាត់ប្រាណ​នៅ​ខាងក្រៅ តែ​ពួក​គេ​គួរតែ​រក្សា​គម្លាត​ពី​គ្នា​ឱ្យ​បាន​ឆ្ងាយ​ទើប​ជា​ការ​ល្អ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ thestar (​កែសម្រួល​ដោយ ៖ បុប្ផា​)

ព័ត៌មាន​អន្តរជាតិ

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ