ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អារម្មណ៍​របស់​កីឡាករ ពេល​គ្មាន​អ្នក​ទស្សនា​ផ្ទាល់​នៅ​សង្វៀន

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​ប៉ុន្មាន​ស​ប្ដា​ហ៍នេះ ការ​ប្រកួត​ប្រដាល់​នៅ​លើ​សង្វៀន​នានា​នៅ​តែ​ដំណើរ​ការ​ធម្មតា​គ្រាន់តែ​បិទទ្វារ​មិន​ឱ្យ​មានអ្នក​ចូល​ទស្សនា​ដូច​មុន​ប៉ុណ្ណោះ ដើម្បី​ការពារ​ពីការ​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩ ។ ជាមួយនឹង​ការ​ផ្លាស់ប្ដូរ​នេះ តើ​អ្នក​ប្រដាល់​ដែល​ធ្លាប់​មាន​កម្លាំង​ស៊ុ​ហ្វខ្លាំងក្លា​ព្រោះតែ​សម្រែក​អ្នក​ទស្សនា​ផ្ទាល់​នៅ​ជុំវិញ​សង្វៀន​ប្រដាល់​នឹង​មាន​អារម្មណ៍​ដូច​ម្ដេច​នៅ​ពេល​ការ​ប្រកួត​លែង​មាន​អ្នក​ផ្ដល់​កម្លាំងចិត្ត​បែប​នេះនោះ​។ កីឡាករ ហ៊ឹ​ម…

រាជធានី​ភ្នំពេញ ៖ ក្នុង​ប៉ុន្មាន​ស​ប្ដា​ហ៍នេះ ការ​ប្រកួត​ប្រដាល់​នៅ​លើ​សង្វៀន​នានា​នៅ​តែ​ដំណើរ​ការ​ធម្មតា​គ្រាន់តែ​បិទទ្វារ​មិន​ឱ្យ​មានអ្នក​ចូល​ទស្សនា​ដូច​មុន​ប៉ុណ្ណោះ ដើម្បី​ការពារ​ពីការ​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩ ។ ជាមួយនឹង​ការ​ផ្លាស់ប្ដូរ​នេះ តើ​អ្នក​ប្រដាល់​ដែល​ធ្លាប់​មាន​កម្លាំង​ស៊ុ​ហ្វខ្លាំងក្លា​ព្រោះតែ​សម្រែក​អ្នក​ទស្សនា​ផ្ទាល់​នៅ​ជុំវិញ​សង្វៀន​ប្រដាល់​នឹង​មាន​អារម្មណ៍​ដូច​ម្ដេច​នៅ​ពេល​ការ​ប្រកួត​លែង​មាន​អ្នក​ផ្ដល់​កម្លាំងចិត្ត​បែប​នេះនោះ​។

កីឡាករ ហ៊ឹ​ម សា​រ៉ា​ន់ ដែល​បាន​ឡើង​ប្រដាល់​នៅ​ប៉ុស្តិ៍​លេខ​៥ កាលពី​ថ្ងៃ​ទី​២ ឧសភា ឆ្នាំ​២០២០​បញ្ជាក់​ពី​អារម្មណ៍​របស់​ខ្លួន​មុន​ឡើង​រេញ​ថា ធ្លាប់តែ​វ៉ៃ​ឱ្យ​គេ​មើល ហើយ​មាន​អ្នក​ទស្សនា​ច្រើន​ៗ ដល់​មក​វ៉ៃ​ឱ្យ​រេញ​មើល​បែប​នេះ ដូច​យ៉ាងម៉េច​យ៉ាង​ម៉ា​ទេ ។ លោក​អះអាង​ពី​ការ​គ្មាន​កម្លាំងចិត្ត​វ៉ៃ ដោយសារ​តែ​អ្នក​ប្រដាល់​គឺ​មិន​ខុស​ពី​អ្នកចម្រៀង​នោះ​ទេ បើ​ច្រៀង​លើ​ឆាក​ហើយ​គ្មាន​អ្នក​ទស្សនា គឺ​ពិតជា​ខ្វះ​កម្លាំងចិត្ត​។

លោក​អះអាង​ថា ការ​ប្រកួត​នៅ​លើ​សង្វៀន​ដែល​មាន​អ្នក​ទស្សនា​ច្រើន និង​គ្មាន​អ្នក​ទស្សនា គឺ​ខុស​គ្នា​មេឃ​និង​ដី ដោយសារ​តែ​ពេល​មាន​អ្នក​ទស្សនា បើ​ប្រកួត​ចាញ់​ប្រៀប​ល្មម​ៗ គឺ​ត្រូវ​តែ​ស៊ូ ហើយ​រុលទៅមុខ ព្រោះ​មាន​អារម្មណ៍​ថា​ខ្មាស​បើ​ចាញ់​ដោយ​មិន​ប្រឹង​អស់ពី​លទ្ធភាព ឬ​មិន​ឈ្នះ​គូប្រកួត ។ ប៉ុន្តែ​ដល់​ពេល​ប្រកួត​គ្មាន​អ្នក​ទស្សនា គឺ​ទឹកចិត្ត​ទាំងនោះ​ហាក់​មិនសូវ​មាន ។ ទោះ​បី​យ៉ាងណា​លោក​បង្ហើប​ថា ពេល​ប្រកួត​គ្មាន​អ្នក​ទស្សនា លោក​ក៏​ស្រួល គូប្រកួត​ក៏​ស្រួល ដោយ​សារ​តែ​ភាព​ជាក់ស្ដែង​គឺ​ប្រកួត​ឱ្យតែ​ចប់​ទឹក ព្រោះ​មិនសូវ​មាន​កម្លាំង​ជំរុញ​នោះ​ផង ។

លោក​ប្រកួត​នៅ​ក្នុង​ថ្ងៃ​នោះ បាន​ឈ្នះ​ពិន្ទុ​កីឡាករ អ៊ុំ កំសត់ ប៉ុន្តែ​លោក​ថា បើ​ធៀប​នឹង​ការ​ប៉ះ​គ្នា​ដោយ​មាន​អ្នក​ទស្សនា​ស្រែក​បន្ទរ​នៅ​ជុំវិញ​រេញ គឺ​ការ​ប្រកួត​គ្មាន​អ្នក​ទស្សនា​ហាក់​ស្រួល​ឈ្នះ​ជាង ។ បើ​ទោះជា​ការ​ប្រកួត​ទាំងមូល​មាន​អ្នក​ទស្សនា​តាម​ការ​ផ្សាយ​ផ្ទាល់​រាប់​ម៉ឺន​នាក់ តែ​លោក​នៅ​តែ​យល់​ថា មិន​ដូច​មាន​អ្នក​ទស្សនា​ផ្ទាល់​នោះ​ទេ ទើប​លោក​មិនសូវ​ចង់​ប្រកួត​អស់ដៃ ។លោក​បាន​លើក​ឡើង​ថា ប្រកួត​គ្មាន​អ្នក​មើល​ហាក់ដូចជា​មិនសូវ​មាន​ន័យ​នៅ​ពេល​វ៉ៃ​ខ្លាំង ឬ​ឈ្នះ​គូប្រកួត​នោះ​។

ផ្ទុយ​ពី​អារម្មណ៍​របស់​ហ៊ឹ​ម សា​រ៉ា​ន់ កីឡាករជ័យ ស៊ី​នេ​ត ដែល​បាន​ឡើង​ប្រកួត​នៅ​លើ​សង្វៀន
ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​បាន​លើក​ឡើង​ថា មិនសូវ​ខុស​គ្នា​នោះ​ទេ​នៅ​ពេល​ឡើង​វ៉ៃ​លើ​រេញ​ដោយ​គ្មាន​អ្នក​មើល ឬ​មាន​អ្នក​មើល​នោះ ។ លោក​ថា កីឡាករ​គ្រប់​រូប​នៅ​ពេល​ជក់​វ៉ៃ​លើ​រេញ មិនសូវ
ខ្វល់ខ្វាយ​រឿង​អ្នក​ណា​មើល​ឬ​មិន​មើល​នោះ​ទេ គឺ​គិតតែ​វាយ​សម្រុក ។ មិនតែប៉ុណ្ណោះ​លោក​ចាត់​ទុក​ថា ពេល​ប្រកួត​ដោយ​គ្មាន​សំឡេង​រំខាន​ពី​អ្នក​ទស្សនា ហាក់​ធ្វើ​ឱ្យ​អារម្មណ៍​កីឡាករ​មិនសូវ​បែក​សមាធិ និង​អាច​ពង្រឹងសមត្ថភាព​បាន​ល្អ ។ លោក​ថា កីឡាករ​ខ្លះ​ពេល​គ្មាន​អ្នក​ទស្សនា​អាច​ពិបាក​ប្រកួត តែ​សម្រាប់​រូប​លោក​គឺ​ធម្មតា ។

យ៉ាងណា​ក៏​ដោយ​លោក​បាន​បញ្ជាក់​យ៉ាង​ខ្លី​ថា សម្រាប់​លោក​គឺ​ចង់ឱ្យ​មាន​អ្នក​ទស្សនា​ផ្ទាល់​ច្រើន​ជាង ដោយសារ​តែ​លោក​ក៏​ហាក់​ប្លែក​អារម្មណ៍​នៅ​ពេល​ការ​ប្រកួត​មាន​តែ​គណៈកម្មការ​មើល​ការ​ខុស​ត្រូវ​។

យោង​តាម​បរិយាកាស ការ​ប្រកួត​មាន​អ្នក​ទស្សនា និង​គ្មាន​អ្នក​ទស្សនា សម្រាប់​ការ​ប្រកួត​គឺ​ប្រែប្រួល​ខុស​គ្នា ដោយ​រាល់ពេល​មាន​អ្នក​ទស្សនា គេ​ឃើញ​កីឡាករ​ម្នាក់​ៗ​មិន​ចង់​ចាញ់​ទេ​ដោយ​ប្រឹង​ស្ទុះស្ទា ហើយ​គ្រូបង្វឹក​កីឡាករ​ម្ខាង​ៗ​ក៏​មក​ធ្វើ​សញ្ញា​បញ្ជា​ចង់​ដាច់​ដៃ​ដាច់​ជើង ប៉ុន្តែ​ចាប់​តាំងពី​ការ​ប្រកួត​អត់​មាន​អ្នក​ទស្សនា​គឺ​មិនឃើញ​គ្រូបង្វឹក​មក​ជំរុញ​ទេ ហើយ​ការ​ប្រកួត​គឺ​មើល​តែ​ចាញ់​ប្រៀប​ល្មម​ៗ កីឡាករ​ម្ខាង​ទៀត ក៏​បោះបង់​ការ​ប្រកួត​គឺ​មិន​បន្ត​តែ​ម្ដង ។

ការ​ប្រកួត​ដែល​បាន​ធ្វើ​ឡើង​ក៏​មិនសូវ​ឃើញ​គូ​ណា​វាយ​ទៅ​វាយ​មក​ឱ្យ​ល្អមើល​ទាក់ភ្នែក​ដូច​គ្នា ក្នុង​ពេល​ដែល​គណៈកម្មការ​ក៏​មិនសូវ​ជំរុញ​ឱ្យ​ប្រកួត​ខ្លាំង បើ​ធៀប​នឹង​ពេល​សង្វៀនមាន​អ្នក​ទស្សនា​កកកុញ​នោះ​ទេ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ