ខេត្តប៉ៃលិន ៖ គិតរហូតមកដល់ព្រឹកថ្ងៃទី០៧ ឧសភា ២០២០នេះ គម្រប់១សប្ដាហ៍ហើយ ដែលបុរសម្នាក់មិនបានចូលខ្លួនមកដោះស្រាយ និងទទួលយកម៉ូតូវិញនោះឡើយ បន្ទាប់ពីបានដុតម៉ូតូខ្លួនឯងចោលនៅមុខសមត្ថកិច្ច ។ ការដែលដុតនោះ ព្រោះខឹងនគរបាលចរាចរណ៍ ចាប់ផាកពិន័យសរុបទឹកប្រាក់ ជាង១០ម៉ឺនរៀល ខណៈដែលម៉ូតូនោះទិញអស់តែ ១៣ម៉ឺនរៀល ហើយមិនទាន់ឲ្យលុយគេគ្រប់ទៀត ។
ហេតុការណ៍ដុតម៉ូតូខ្លួនឯងចោល បានកើតឡើងតាំងពីម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី០១ ខែឧសភា មកម្ល៉េះ ខណៈពេលនគរបាលចុះដាក់កម្លាំងតាមគោលដៅ ដើម្បីរឹតបន្តឹងច្បាប់ចរាចរណ៍ថ្មី ស្ថិតនៅបណ្តោយផ្លូវជាតិលេខ៥៩ ក្នុងភូមិទួលខ្ពស់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
ពាក់ព័ន្ធនឹងករណីខាងលើនេះ បើតាមលោក រី តារា អធិការនគរបាលស្រុកសាលាក្រៅ ក៏បានប្រាប់កោះសន្តិភាពអោយដឹងថា បុរសដែលដុតម៉ូតូ គឺផ្គើននឹងច្បាប់ចរាចរណ៍ថ្មី ពេលនេះមិនទាន់ចូលមកសុំទោសនគរបាល និងដោះស្រាយនៅឡើយទេ ។ លោកបានបញ្ជាក់ថា បើបុរសខាងលើនេះនៅតែរត់គេចខ្លួនមិនព្រមចូលទេ ខាងលោកនឹងរៀបចំសំណុំរឿងបញ្ជូនទៅថ្នាក់លើ ដើម្បីចាត់ការតាមច្បាប់ ។
ដោយឡែក បើតាមលោក ង៉ែត ទូច ត្រូវជាឪពុកក្មេករបស់បុរសដុតម៉ូតូចោល បានប្រាប់កោះសន្តិភាពឱ្យដឹងដែរថា កូនប្រសារគាត់មានឈ្មោះ ដូង វិឆ័យ ភេទប្រុស អាយុ៣៣ឆ្នាំ មានស្រុកកំណើត នៅស្រុកមោងឬស្សី ខេត្តបាត់ដំបង បច្ចុប្បន្នរស់នៅភូមិទួលខ្ពស់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
លោក ង៉ែត ទូច ក៏ជាមេភូមិទួលខ្ពស់ បានបន្តថា នៅពេលនគរបាលចុះដាក់កម្លាំងតាមគោលដៅ ដើម្បីរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក កូនប្រសាររបស់គាត់ បានជិះម៉ូតូស៊េរីចាស់១គ្រឿង អត់មានមួកសុវត្ថិភាព អត់ស្លាកលេខ អត់កញ្ចក់ និងគ្មានកុងទ័រ ហើយក៏ត្រូវនគរបាល ធ្វើការផាកពិន័យអស់ជាង១០ម៉ឺនរៀល ស្រាប់តែកូនប្រសារគាត់ខឹងបានដុតម៉ូតូខ្លួនឯងចោល បង្កឱ្យមានការភ្ញាក់ផ្អើលតែម្តង តែត្រូវប្រជាពលរដ្ឋ និងនគរបាលនាំគ្នាជួយពន្លត់ទាន់ពេលវេលា រួចក៏អូសយកម៉ូតូនោះ ទៅរក្សាទុកនៅអធិការនគរបាលស្រុក ផងដែរ ។
លោក ង៉ែត ទូច បានបន្ថែមអោយដឹងថា មូលហេតុ ដែលកូនប្រសារគាត់ដុតម៉ូតូខ្លួនឯងចោលនោះ ព្រោះមន្ត្រីនគរបាលស្ទាក់ចាប់ ហើយពេលនោះ រូបគេឃើញម៉ូតូផ្សេងទៀត អត់មួក អត់កញ្ចក់ដែរ តែត្រូវនគរបាលបើកឱ្យធ្វើដំណើរទៅមុខធម្មតា ទើបកូនប្រសារគាត់ខឹងចិត្ត ក៏ដុតម៉ូតូចោល ដើរចេញតែម្តងទៅ ។
លោក ង៉ែត ទូច បានបញ្ជាក់ថា ម៉ូតូចាស់១គ្រឿងដែលកូនប្រសារ ដុតចោល គឺម៉ូតូស៊េរីឆ្នាំ១៩៩៧ មានតែតួដែក ដែលទិញក្នុងតម្លៃ១៣ម៉ឺនរៀល ហើយមិនទាន់ឱ្យប្រាក់គេគ្រប់នៅឡើយទេ ។ ទោះយ៉ាងណា រហូតមកដល់ពេលនេះ ខាងលោកក៏ខំប្រឹងពន្យល់ឱ្យកូនប្រសារខ្លួន កុំបន្តលាក់ខ្លួនបែបនេះទៀត ។
សូមជម្រាបដែរថា ភ្លាមៗ បន្ទាប់ពីជនសង្ស័យដុតម៉ូតូចោល លោកអភិបាលខេត្តប៉ៃលិន បានហៅឪពុកម្តាយមកណែនាំផងដែរ នៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ ៕
ចែករំលែកព័តមាននេះ