ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ប្រជាពលរដ្ឋ​​​ព្រួយ​បារ​ម្ភ​ពី​អនាគត​កូនចៅ ​ខណៈ​បទល្មើសដដែលៗ​អុក​ឡុកមូលដ្ឋាន​

3 ឆ្នាំ មុន
  • ព្រៃវែង

ខេត្ត​ព្រៃវែង ៖ លោក សន ឈឿ​ន មេឃុំ​ច្រេស បាន​ឱ្យ​ដឹង​ថា បច្ចុប្បន្ន​ទាំង​អាជ្ញាធរ​ និង​ប្រជាពលរដ្ឋ នៅ​ក្នុង​មូលដ្ឋាន​របស់​លោក​កំពុង​មានការ​ព្រួយ​បារ​ម្ភខ្លាំង​ណាស់…

ខេត្ត​ព្រៃវែង ៖ លោក សន ឈឿ​ន មេឃុំ​ច្រេស បាន​ឱ្យ​ដឹង​ថា បច្ចុប្បន្ន​ទាំង​អាជ្ញាធរ​ និង​ប្រជាពលរដ្ឋ នៅ​ក្នុង​មូលដ្ឋាន​របស់​លោក​កំពុង​មានការ​ព្រួយ​បារ​ម្ភខ្លាំង​ណាស់ ចំពោះ​បញ្ហា​គ្រឿងញៀន ព្រោះ​ក្រុម​ជនល្មើស​បាន​លួ​ច​​ចែកចាយ​រហូត​ដល់​តាម​ភូមិ​ទៅ​ហើយ ទាំង​ដែល​សមត្ថកិច្ច​ខំប្រឹង​បង្ក្រាប និង​ចាប់​យ៉ាងណា​ក៏​មិន​អស់​។

លោក​មេឃុំ​បាន​បន្ត​ថា ករណី​ថ្នាំ​ញៀន​នៅ​ក្នុង​ឃុំ​ច្រេស​នេះ មិនមែន​អាជ្ញាធរ និង​សមត្ថកិច្ច​មិន​យកចិត្តទុកដាក់​បង្ក្រាប​ទេ គឺ​ចាប់​បញ្ជូន​ទៅ​តុលាការ​ច្រើន​ករណី ទាំង​ថ្នាំ​ញៀន​ និង​ជនល្មើស​ ប៉ុន្តែ​ពេល​បញ្ជូន​ទៅ​ដល់​តុលាការ​ហើយ មិន​បាន​ប៉ុន្មាន​ផង ជនល្មើស​ទាំងនោះ​ក៏​ត្រូវ​បាន​ដោះ​លែង​មក​វិញ ហើយ​វិល​មក​ធ្វើ​សកម្មភាព​ជួញដូរ​ថ្នាំ​ញៀន​នៅ​ក្នុង​មូលដ្ឋាន​វិញ​ដដែល​។

លោក សន ឈឿ​ន បាន​បញ្ជាក់​ថា ជាក់ស្តែង​ករណី​មេ​ជួញ​ដូរ​ថ្នាំ​ញៀន​ដ៏​សកម្ម​ម្នាក់ ក្នុង​ចំណោម​បក្ខ​ពួក​ជា​ច្រើន​នាក់​ទៀត​ឈ្មោះ សឿង លាង ត្រូវ​បាន​សមត្ថកិច្ច​ស្រុក​និង​ខេត្ត​ចាប់​បាន​ចំនួន​៤​ដង​ហើយ ប៉ុន្តែ​រាល់​លើក​ក្រោយ​ពី​បញ្ជូន​ទៅ​ដល់​តុលាការខេត្ត​ព្រៃវែង មិន​បាន​ប៉ុន្មាន​ថ្ងៃ​ផង ស្រាប់តែ​ត្រូវ​បាន​ដោះ​លែង​មក​វិញ​ដដែល​ៗ ហើយ​មក​ដល់​ថ្ងៃ​ទី​៣​ ឧសភា កន្លងទៅ​នេះ ឈ្មោះ សឿង លាង នេះ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​បានជា​លើក​ទី​៥​ហើយ ក្នុង​ករណី​ជួញដូរ​ថ្នាំ​ញៀន​ដដែលៗ ហើយ​ពេល​នេះ​សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង បញ្ជូន​ទៅ​តុលាការ​ជា​លើក​ទី​៥​ផង​ដែរ​។

ដោយឡែក ប្រជាពលរដ្ឋ​នៅ​ក្នុង​ឃុំ​ច្រេស ស្រុក​មេ​សាង បានអោយ​ដឹង​ដែរ​ថា សព្វ​ថ្ងៃនេះ​ពួក​គាត់​ពិបាកចិត្ត​ខ្លាំង​ណាស់ ព្រោះ​បារ​​ម្ភ​ពី​សុវត្ថិភាព​ក្រុម​គ្រួសារ​ផង និង​ភ័យ​ខ្លាច​កូនចៅ​ត្រូវ​ជនខិលខូច​អូស​ទាញ​អោយ​ជក់​ថ្នាំ​ញៀន​ផងដែរ ។ ពេល​ឃើញ​សមត្ថកិច្ច​ចាប់​បាន​ពួក​ជួញដូរ​ថ្នាំ​ញៀន​ម្តង​ៗ ពួក​គាត់​សប្បាយចិត្ត​ខ្លាំង​ណាស់ ព្រោះ​គិត​ថា​ សមត្ថកិច្ច​ចាប់​អស់​ទៅ នឹង​លែង​មាន​វត្តមាន​ថ្នាំ​ញៀន នៅ​ក្នុងភូមិ​ស្រុក​របស់​ពួក​គាត់​ទៀត​ហើយ ប៉ុន្តែ​មិន​ដូច​ការ​គិត​​ទេ​ ព្រោះ​ជនល្មើស​ទាំងនោះ ត្រូវ​ចាប់ខ្លួន​បញ្ជូន​ទៅ​ខេត្ត​មិន​បាន​ប៉ុន្មាន​ផង ស្រាប់តែ​ឃើញ​មុខ​ត្រឡប់​មក​វិញ​ដដែល​ៗ មិនដឹង​មក​ពី​មូលហេតុ​អ្វី?

តាម​ប្រភពដដែលបានបន្ត​ថា ចំណែក​ជនល្មើស​ឈ្មោះ សឿង លាង ដែល​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន កាលពី​ថ្ងៃ​ទី​៣ ឧ​សភា ​នោះ គឺជា​មុខសញ្ញា​ជួញដូរ​ថ្នាំ​ញៀន​ដ៏​សកម្ម​នៅ​ក្នុង​ឃុំ​ច្រេស និង​ធ្លាប់​ត្រូវ​បាន​ចាប់ខ្លួន​ចំនួន​៤​ដង​រួច​មក​ហើយ ដូច្នេះ​នៅ​លើក​ទី​៥​នេះ ពួក​គាត់​សូម​សំណូមពរ​ទៅ​លោក​តុលាការ មេត្តា​ឃុំខ្លួន​ជន​នេះ​អោយ​បាន​យូរ កុំ​លែង​មក​វិញ​អី ដើម្បី​អោយ​ភូមិ​ឃុំ​របស់​ពួក​គាត់​បាន​សុខ​ផង​។

ពាក់​ព​ន្ធ័​នឹង​ការ​ចាប់ខ្លួន​ជនសង្ស័យ​ខាងលើ​នេះ​ដែរ លោក នៅ ហាច អធិការ​នគរបាល​ស្រុក​មេ​សាង បានអោយ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​៤ ឧ​សភា​ថា ជនសង្ស័យ សឿង លាង រួម​ជាមួយ​នឹង​ស្ត្រី​ជាស​ង្សា​ម្នាក់​ទៀត កាលពី​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃ​ទី​៣​ ឧ​សភា នៅ​ក្នុងផ្ទះ​សំណាក់​យីហោ មេន សុ​ឃុន ខណៈ​ពេល​ដែល​រូបគេ​និង​​ស្ត្រីជា​សង្សារ​កំពុង​ធ្វើ​សកម្មភាព​វិច​ខ្ចប់​ថ្នាំ​ញៀន និង​ដកហូត​បាន​ថ្នាំ​ញៀន​១​កញ្ចប់​ធំ​។

លោក​អធិការ​​បាន​បញ្ជាក់​ថា មុន​ឈាន​ដល់​ការ​ចាប់ខ្លួន​ជនសង្ស័យ សឿង លាង រួម​ជាមួយ​សង្សា​នេះ គឺ​កំលាំង​របស់​លោក​ចាប់​បាន​ជនសង្ស័យ​ម្នាក់ នៅ​ភូមិ​បឹង និង​ដកហូត​បាន​ថ្នាំ​ញៀន​១​កញ្ចប់​។ ក្រោយ​ត្រូវ​ចាប់ខ្លួន ​ជនសង្ស័យ​ម្នាក់​​នោះ​បាន​ឆ្លើយ​សារភាព​ថា ថ្នាំ​ញៀន​១​កញ្ចប់​នោះ គឺ​ខ្លួន​បាន​ទិញ​ពី​ឈ្មោះ សឿង លាង ទើប​សមត្ថកិច្ច​អនុវត្ត​និ​តិ​វិធី រហូត​ឈាន​ដល់​ការ​ចាប់ខ្លួន​ជនសង្ស័យ​បាន​នៅ​ក្នុងផ្ទះ​សំណាក់​តែ​ម្តង ហើយ​បច្ចុប្បន្ន​នេះ ជនសង្ស័យ​រួម​ទាំង​វត្ថុ​តាង ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រៃវែង ដើម្បី​ចាត់ការ​បន្ត​ហើយ​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ