ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីតាំង​បង្ខាំង​មនុស្ស​សមត្ថ​កិច្ច​ព័ទ្ធ​កន្លែង​ឃុំ​ទុក​ពល​ការិនី​ទៅ​ម៉ា​ឡេ​ស៊ី​ដោយ​ខុស​ច្បាប់

10 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កម្លាំង​ប៉ូលិស​ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ប៉ូលិស​ប៉ុស្ដិ៍​ចោម​ចៅ បាន​ឡោម​ព័ទ្ធ​ទីតាំង​មួយ​ដែល​ដាក់​ស្លាក​ក្រុមហ៊ុន «​ស៊ិ​ន​ជូ​រី ខេ​ម​បូ​ឌា​» បន្ទាប់​ពី​ទទួល​បាន ពាក្យបណ្តឹង​របស់​ស្ត្រី​ម្នាក់​ដែល​លួច​រត់​ចេញ​រួច​ពី​ក្នុង​ក្រុមហ៊ុន​ហើយ​អះអាង​ថា ក្រុមហ៊ុន​នេះ​បង្ខាំង​រូប​នាង​រួម​ជាមួយ​ស្ត្រី​មួយ​ចំនួន​ទៀត​ទុក ដើម្បី​បញ្ជូន​ទៅ​ធ្វើ​ជា​ពល​ការិនី​ដោយ​ខុសច្បាប់​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី ។

រាជធានី​ភ្នំពេញ ៖ កម្លាំង​ប៉ូលិស​ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ប៉ូលិស​ប៉ុស្ដិ៍​ចោម​ចៅ បាន​ឡោម​ព័ទ្ធ​ទីតាំង​មួយ​ដែល​ដាក់​ស្លាក​ក្រុមហ៊ុន «​ស៊ិ​ន​ជូ​រី ខេ​ម​បូ​ឌា​» បន្ទាប់​ពី​ទទួល​បាន ពាក្យបណ្តឹង​របស់​ស្ត្រី​ម្នាក់​ដែល​លួច​រត់​ចេញ​រួច​ពី​ក្នុង​ក្រុមហ៊ុន​ហើយ​អះអាង​ថា ក្រុមហ៊ុន​នេះ​បង្ខាំង​រូប​នាង​រួម​ជាមួយ​ស្ត្រី​មួយ​ចំនួន​ទៀត​ទុក ដើម្បី​បញ្ជូន​ទៅ​ធ្វើ​ជា​ពល​ការិនី​ដោយ​ខុសច្បាប់​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី ។ ហេតុការណ៍​នោះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​ល្ងាច​ថ្ងៃ​ទី​២៤ តុលា ដែល​ទីតាំង​ក្រុមហ៊ុន​ខាងលើ​ស្ថិត​នៅផ្ទះ​លេខ​២៤៤ ផ្លូវ​បេតុង ភូមិ​ជ្រៃ​កោង សង្កាត់ ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ  ។

មន្ត្រី​ប៉ូលិស​ឱ្យ​ដឹង​ថា ស្ត្រី​ម្នាក់​ដែលរ​ត់រក​ការ​អន្តរាគមន៍​ឱ្យ​ជួយ​នេះ​ឈ្មោះ ញ៉ុ​ន ហេង អាយុ​៣១​ឆ្នាំ ជា​កម្មការិនី​ធ្វើ​ចម្ការ​នៅ​ឃុំ​តា​ស្តា ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង និង​មានស្រុក​កំណើត​នៅ​ភូមិ​បឹង​ខ្នារ ឃុំ​បឹង​ខ្នារ ស្រុក​បាកាន ខេត្តពោធិ៍សាត់ ។ នៅ​មុន​ពេល​មានការ​ឡោម​ព័ទ្ធ​នេះ ស្ត្រី​ខាងលើ​ត្រូវ​បាន​ស្ត្រី​ម្នាក់​ទៀត ឈ្មោះ ហ៊ុយ នាង អាយុ​៤០​ឆ្នាំ ជា​មេខ្យល់ និង​ជា​កម្មការិនី​ធ្វើ​ចម្ការ​ជាមួយ​គ្នា មាន​ទីលំនៅ​ក្នុងភូមិ​បុសខ្នុរ ឃុំ​តា​ស្តា លួងលោម​នាំ​មក​ភ្នំពេញ ហើយ​នាំ​មក​កាន់​ក្រុមហ៊ុន​ខាងលើ​ដោយ​ប្រាប់​ថា ក្រុមហ៊ុន​មួយ​នេះ​ធានា​នាំ​ទៅ​ធ្វើ​ជា​ពល​ការិនី​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​ស្របច្បាប់ ព្រមទាំង​ទទួល​បាន​ប្រាក់​ឈ្នួល​ក្នុង​មួយ​ខែ​៣០០​ដុល្លារ ប៉ុន្តែ​ត្រូវ​បង់លុយ​ថ្លៃ​សេវា​ចូល​ក្រុមហ៊ុន​ចំនួន​២០០​ដុល្លារ​ជា​មុន​សិន ។ ខណៈនោះ​នាង​មានការ​ត្រេកអរ​ខ្លាំង​ណាស់ ព្រោះ​សង្ឃឹមថានឹង​បានការ​ងារ​ល្អ ប្រាក់​ឈ្នួល​ខ្ពស់ ហើយ​នាង​ក៏​ព្រមទៅ​ជាមួយ​ស្ត្រី​ជា​មេខ្យល់​នោះ​ដោយ​គ្មាន​ការ​សង្ស័យ​អ្វី​ទាំងអស់ ។

ស្ត្រី​រូប​នេះ​បន្ត​ថា លុះ​ពេល​ទៅ​ដល់​ក្រុមហ៊ុន​ខាងលើ អ្វី​ៗ​មិន​ដូច​ការ​អះអាង​របស់​ស្ត្រី​ជា​មេខ្យល់​ឡើយ ធ្វើ​ឱ្យ​នាង​ខកចិត្ត​យ៉ាង​ខ្លាំង ព្រោះតែ​ពេល​ទៅ​ដល់​ស្រាប់តែ​ប្រធាន​ក្រុមហ៊ុន​ដក​ទូរស័ព្ទ​ដៃ​ពី​នាង និង​ស្ត្រី​ដទៃ​ទៀត​ជិត​១០​នាក់ មិន​ឱ្យ​ប្រើប្រាស់​ទាក់ទង​ទៅ​ក្រុម​គ្រួសារ​ឡើយ ។ មិនតែប៉ុណ្ណោះ ថែម​ទាំង​បង្ខាំង​ទុក​ឱ្យ​នៅ​តែ​ក្នុង​បន្ទប់ មិន​ឱ្យទៅ​ណា​មក​ណា​បាន​ឡើយ សូ​ម្បី​តែ​ចង់ទៅ​បង្គន់ ក៏​មាន​មនុស្ស​ទៅ​តាម​ឃ្លាំមើល​ជាប់​រហូត​ដែរ ។ ស្ត្រី​រូប​នេះ​បន្ត​ថា ដោយ​មើលឃើញ​ពី​សកម្មភាព​បង្ខាំង​មនុស្ស​ស្រស់​ៗ​បែប​នេះ ទើប​នៅ​វេលា​ម៉ោងជាង​១​សៀ​ល​ថ្ងៃ​ទី​២៤ តុលា នាង​បាន​ប្រើ​ល្បិច​ធ្វើ​ជា​ឈឺពោះ​រក​កន្លែង​បត់ជើង ។ ខណៈនោះ​មិនដឹង​ថា អ្នក​ឃ្លាំមើល​រវល់​ទៅ​ណា​ឡើយ មិន​បាន​តាម​មើល​នាង​ទេ ដែល​នៅ​ពេល​មានឱកាស​បែប​នេះ នាង​ក៏​លួច​រត់​ចេញពី​ទីតាំង​ខាងលើ ដោយ​ឡើង​ផ្លោះ​របង​ថ្ម​ដែល​មាន​ព័ទ្ធ​លួស​បន្លា​ផង ហើយ​ចេញ​មក​ខាងក្រៅ​រួច និង​ស្រែក​ឱ្យ​អ្នក​នៅ​ជិត​នោះ​ជួយ ។ ខណៈនោះ​មាន​ជាង​ជួសជុល​រថយន្ត​ឃើញ ក៏​ជួយ​នាំ​នាង​ទៅ​ប្តឹង​ប៉ូលិស ហើយ​បូ​៉​លិ​ស​ក៏​ចុះ​មក​ឡោម​ព័ទ្ធ​ទីតាំង​ក្រុមហ៊ុន​នេះ​ភ្លាម​ៗ​ទៅ​តាម​ពាក្យបណ្ដឹង ។ ប៉ុន្តែ​ពេល​ទៅ​ដល់ ប្រធាន​ក្រុមហ៊ុន​នេះ​បាន​ដឹក​ជញ្ជូន​ពល​ការិនី​ជិត​១០​នាក់​តាម​រថយន្ត​ទួ​រី​ស​១​គ្រឿង​គេច​ចេញពី​ទីតាំង​ខាងលើ​ទៅ​កាន់​កន្លែង​ផ្សេង​ទៀត​បាត់​អស់​ទៅ​ហើយ ដែល​មិនដឹង​ថា​យក​ទៅ​លាក់​ទុក​នៅ​ទីណា​ឡើយ ។ ម្យ៉ាងទៀត​ស្ត្រី​ដែល​ត្រូវ​បង្ខាំង​នោះ​សុទ្ធតែ​ត្រូវ​ដក​ទូរស័ព្ទ​មិន​ឱ្យ​ប្រើប្រាស់​ទៀត ។

ប៉ូលិស​ឱ្យ​ដឹង​ថា ទីតាំង​បង្ខាំង​មនុស្ស​ខុសច្បាប់​នេះ គឺ​ជួល​ពី​អ្នក​ដទៃ មិនមែន​ជា​របស់​ក្រុមហ៊ុន​ទេ ។ ការ​ជួល​ប្រព្រឹត្ត​អំពើ​ខាងលើ​មាន​រយៈពេល​ជាង​២​ឆ្នាំ​មក​ហើយ គិត​ត្រឹម​ពេល​បែក​ការណ៍​នេះ ទើប​ដឹង​ថា​មាន​ស្ត្រី​ជា​ច្រើន​នាក់​ត្រូវ​បាន​មេខ្យល់​លួងលោម​នាំ​ទៅ​កាន់​ទីនោះ និង​បាន​បង្ខាំង​អស់​ជា​ច្រើន​ថ្ងៃ រហូត​គ្រប់​ចំនួន​១០​នាក់ ឬ​២០​នាក់ ទើប​បញ្ជូន​ទៅ​កាន់​ប្រទេស​ម៉ា​ឡេ​ស៊ី​ម្ដង ។ រីឯ​ការ​បញ្ជូន​ទៅ​នោះ​មិនមែន​នៅ​ពេល​ថ្ងៃ​ទេ គឺ​ធ្វើ​ឡើង​នៅ​វេលា​ពាក់កណ្ដាល​យប់ ឬ​វេលា​ម៉ោង​៣​ទៀប​ភ្លឺ ចន្លោះ​ពេល​ដែល​ស្ងាត់​គ្មាន​សមត្ថកិច្ច ។ ទោះបីជា​បែប​ណា ពេល​នេះ​ប៉ូលិស​កំពុង​ស្រាវជ្រាវ​រក​ប្រធាន​ក្រុមហ៊ុន និង​បក្សពួក​ដើម្បី​ចាត់ការ​តាម​ច្បាប់ ចំណែក​ស្ត្រី​ជា​មេខ្យល់​ត្រូវ បាន​ប៉ូលិស​នាំ​យក​ទៅ​សាកសួរ និង​ចាត់ការ​តាម​នីតិវិធី​ផង​ដែរ ៕