ប្រធានរៀបចំថា កីឡាអូឡាំពិកឆ្នាំក្រោយអាចនឹងលុបចោល បើកូវីដ១៩នៅតែបន្តរាតត្បាត ។
ប្រធានគណៈកម្មាធិការរៀបចំកីឡាអូឡាំពិកទីក្រុងតូក្យូបាននិយាយនៅក្នុងសេចក្តីអត្ថាធិប្បាយមួយដែលបានចេញផ្សាយកាលព្រឹកថ្ងៃអង្គារថា ការពន្យារពេលកីឡាអូឡាំពិកទីក្រុងតូក្យូឆ្នាំ ២០២០ ដែលត្រូវធ្វើនៅឆ្នាំក្រោយ អាចនឹងត្រូវបានលុបចោលតែម្តង ប្រសិនបើការរីករាលដាលនៃវីរុសកូវីដ១៩ មិនស្ថិតនៅក្រោមការគ្រប់គ្រងបាននៅឆ្នាំក្រោយ។
ដោយសារតែវីរុសកូវីដ១៩ បានបង្ខំឲ្យមានការពន្យាពេលមួយឆ្នាំនៃព្រឹត្តិការណ៍កីឡាអូឡាំពិក ដែលតាមកាលបរិច្ឆេទថ្មីនឹងបើកនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ ប៉ុន្តែលោកប្រធាន Yoshiro Mori បាននិយាយថា នឹងគ្មានការពន្យារពេលបន្តទៀតទេ ។
នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Nikkan Sports របស់ជប៉ុនលោក Yoshiro Mori ត្រូវបានគេចោទជាសំណួរថាតើ កីឡាអូឡាំពិកអាចត្រូវបានពន្យារពេលរហូតដល់ឆ្នាំ ២០២២ ប្រសិនបើវីរុសកូវីដ១៩ នៅតែបន្តគំរាមកំហែងនៅឆ្នាំក្រោយ ? លោកបានឆ្លើយថា៖ «ទេ! ក្នុងករណីនោះវាត្រូវនឹងបានលុបចោលតែម្តង» ។
លោកបានបន្តថា ប្រសិនបើវីរុសនេះស្ថិតក្រោមការគ្រប់គ្រងបានដោយជោគជ័យ នោះយើងនឹងរៀបចំកីឡាអូឡាំពិកដោយសន្តិភាពបំផុត នៅរដូវក្តៅឆ្នាំក្រោយ ។
ចែករំលែកព័តមាននេះ