សម្ព័ន្ធបាល់ទាត់អាល្លឺម៉ង់ (DFL) ដែលទទួលខុសត្រូវក្នុងការដំណើរការក្របខ័ណ្ឌ Bundesliga និងលីគលំដាប់ទី២បានប្តេជ្ញាថា នឹងបញ្ចប់រដូវកាលបច្ចុប្បន្នរបស់ខ្លួននៅចុងខែមិថុនា ។ ក្នុងនោះក្លិបចំនួន ៣៦ របស់ក្របខ័ណ្ឌទាំង២ បានជួបប្រជុំគ្នាកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ដើម្បីពិភាក្សាអំពីការចាប់ផ្តើមរដូវកាលនៅខែឧសភា នេះបើយោងតាមការចុះផ្សាយពី BBC ។
ទោះយ៉ាងណាអាជ្ញាធរបាល់ទាត់របស់ប្រទេសអាល្លឺម៉ង់ នៅតែប្រឈមនឹងសំណួរធំ ៗ មួយចំនួនមុនពេលពួកគេទទួលបានភ្លើងខៀវពីរដ្ឋាភិបាល ដើម្បីចាប់ផ្តើមបាល់ទាត់ក្នុងស្រុកឡើងវិញ នៅពីក្រោយការលេងបិទទ្វារកីឡដ្ឋាន ។
លោក Christian Seifert នាយកប្រតិបត្តិ DFL បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា «ប្រសិនបើការប្រកួតចាប់ផ្តើមនៅថ្ងៃទី ៩ ខែ ឧសភា ពួកយើងបានត្រៀមខ្លួនរួចរាល់ហើយ ហើយប្រសិនបើវាត្រូវពន្យារទៅពេលក្រោយទៀត នោះយើងក៏នៅតែត្រៀមខ្លួនរួចជាស្រេចដូចគ្នា» ។ ការសម្រេចចិត្តគឺស្ថិតលើរដ្ឋាភិបាល មិនមែនពួកយើងនោះទេ» ។
«ការលេងដោយគ្មានអ្នកទស្សនាផ្ទាល់ មិនមែនជាអ្វីដែលយើងចង់បាននោះទេ ប៉ុន្តែនៅពេលនេះវាជារឿងតែមួយគត់ដែលអាចធ្វើទៅបាន»។
ផែនការនេះក៏រួមបញ្ចូលទាំងការធ្វើតេស្តកីឡាករ និងគ្រូបង្វឹកឲ្យបានទៀងទាត់រវាងការហ្វឹកហាត់ និងមុនពេលការប្រកួត ។ លោក Alexander Kekule អ្នកជីវគីមីវិទ្យាមកពីសាកលវិទ្យាល័យ Martin Luther បានធ្វើការប៉ាន់ស្មានថា DFL នឹងត្រូវការធ្វើតេស្តរកវីរុសកូវីដ១៩ រហូតដល់ច្រើនជាង ២០,០០០ តេស្តបូករួមជាមួយនឹងវិធានការរៀបចំពិសេសៗ ជាច្រើនផ្សេងទៀត ។
លោកបានលើកឡើងថា «កីឡាករ និងគ្រូបង្វឹក ត្រូវតែទទួលបានការការពារនៅក្រោមច្បាប់សុវត្ថិភាពជាក់លាក់ ដើម្បីធានាពីសុវត្ថិភាពសុខភាព ពីព្រោះពួកគេមិនអាចចៀសផុតពីការមានទំនាក់ទំនងគ្នានៅលើទីលាននោះទេ» ៕
ចែករំលែកព័តមាននេះ