ចំពោះវិធីស្រាស្តក្នុងការទិញម៉ូតូជជុះឬមួយទឹកមកប្រើប្រាស់ គឺមានចំណុចគួរពិនិត្យពិច័យជាច្រើន ដែលអ្នកទិញគ្រប់រូបគួរយកចិត្តទុកដាក់បន្តិច ចៀសវាងខកចិត្តនិងខាតបង់ប្រាក់តាមការបញ្ចុះបញ្ចូលរបស់អ្នកលក់ ដោយមិនបានពិចារណាឱ្យបានដិតដល់ពីលក្ខណសម្បត្តិរបស់ផលិតផលដែលខ្លួនចង់បាននោះ ។ ដូចនេះដើម្បីចូលរួមចែករំលែកបទពិសោធខ្លះទុកជាការផ្តល់ប្រឹក្សាតាមខ្លួនរបស់អ្នកផ្ទាល់នោះ សូមលើកយកនូវរបៀបក្នុងការទិញម៉ូតូជជុះមកប្រើប្រាស់ឱ្យបានសមដូចបំណងដូចតទៅ៖
១-សម្រេចចិត្តជ្រើសយកប្រភេទម៉ូតូណាមួយ ដែលអ្នកពេញចិត្តនិងមានការពេញនិយមប្រើច្រើនបំផុតក្នុងសង្គមរួមមាន ម៉ូតូធំ ម៉ូតូលេខស្វ័យប្រវត្តិ(អូតូ) ម៉ូតូប្រើអំប្រាយ៉ា ប្រើចង្កឹះលេខទូទៅជាដើម ។ នេះគឺជាលក្ខណវិនិច្ឆ័យដ៏មានសារសំខាន់បំផុត ដែលអ្នកចាំបាច់ត្រូវតែធ្វើការសម្រេចចិត្ត ។ ម្យ៉ាងទៀត ត្រូវស្មោះត្រង់ចំពោះខ្លួនលើចំណុចនេះ ពីព្រោះការជ្រើសរើសទិញទាំងបង្ខំនឹងធ្វើឱ្យអ្នកមិនស្ងប់ចិត្តដិតអារម្មណ៍លើការប្រើប្រាស់វានៅពេលខាងមុខទ្បើយ ។
២-ជ្រើសរើសទីតាំងលក់ណាមួយ ដែលមានកេរ្តិ៍ឈ្មោះល្អ មិនមានរឿងអាស្រូវផ្សេងៗពីការខកចិត្តក្រោយពេលទិញម៉ូតូចូលផ្ទះនោះ តាមដែលអាចធ្វើទៅបាន ។ មានពេលខ្លះប្រសិនបើអាជីវកម្មគាត់ផ្តល់កម្មវិធីធានាមួយចំនួនទៀតនោះ ក៏ជាការប្រសើរដែរ ។
៣-ពិនិត្យពិច័យតួគ្រោងផ្នែកខាងក្រៅរបស់ម៉ូតូដោយខ្លួនឯង៖
-ពិនិត្យមើលលក្ខខណ្ឌច្រវាក់និងមីញ៉ុងរបស់វា ។ ច្រវាក់គួរតែស្ថិតក្នុងកម្រិតសមគួរមួយ គឺមិនជ្រួលឬខុសប្រក្រតី ចំណែកមីញ៉ុងវិញ គឺសង្កេតមើលលើធ្មេញឬស្ពឺររបស់វាមិនឱ្យមានភាពសឹកហួសប្រមាណដែរ ។
-ពិនិត្យមើលក្រទ្បាសម្បកកង់
-អង្គុយលើម៉ូតូពិនិត្យទៅលើប្រព័ន្ធបូម លក្ខខណ្ឌហ្វ្រាំង, ដងថ្លឹងអំប្រាយ៉ា និងតាប់ទ្បូជាដើម ។
-ប្រសិនជាអាចធ្វើទៅបានអ្នកគួរពិនិត្យវាស់កម្រិតថាមពលអាគុយម៉ូតូចៀសវាងប្តូរថ្មីក្រោយពីការទិញបានប៉ុន្មានថ្ងៃនោះ ។ ថាមពលអាគុយខ្លាំងល្អ គឺគួរតែមិនតិចជាង១២វ៉ុលទ្បើយ ។
-បើកគម្របធុងសាំងម៉ូតូប្រើពិលពិនិត្យមើលពីសញ្ញាជាក់ស្តែងនៃការច្រែះចាប់ ឬកាត់ស៊ីពុកផុយ ។
-ពិនិត្យមើលបរិវេណប្លុកម៉ាស៊ីន ធុងទឹក ក៏ដូចជាភាពលិចជ្រាបនៃតម្រងប្រេងនិងប្រេងម៉ាស៊ីន ។
-ពិនិត្យមើលកម្រិតប្រេងហ្វ្រាំង ។
៤-ធ្វើតេស្តបើកបរឬជិះសាកល្បង៖
+ជ្រើសយកថ្ងៃល្អ ឬមេឃស្រទ្បះនិងអនុវត្តលើស្ថានភាពផ្លូវស្ងួត ។ យកកាតគ្រីម៉ូតូផ្ទៀងផ្ទាត់ជាមួយលេខតួម៉ាស៊ីនឱ្យបានម៉ត់ចត់និងត្រឹមត្រូវ ។
+ធ្វើតេស្តការជាន់ហ្វ្រាំងមុខ-ក្រោយ គឺមិនត្រូវមានសកម្មភាពជាន់ជាប់ៗនោះទ្បើយ ។
+បង្កើនល្បឿនតាមលេខនីមួយៗដើម្បីស្ទាបស្ទង់ពីអត្រាសន្ទុះរបស់ម៉ាស៊ីនថា តើវានៅមានប្រតិបត្តិការខ្លាំងឬយ៉ាងណា ។ ក្រោយពេលអនុវត្តរួចចូរអ្នកកត់សម្គាល់ពីសំទ្បេងដែលបន្លឺចេញពីម៉ាស៊ីនឮសូរផ្ទាត់តឹកៗនោះទើបជាការល្អ ។
+ស្តាប់សំទ្បេងម៉ាស៊ីនរកមើលភាពមិនប្រក្រតីរបស់វា ប្រសិនជាមានចំណុចខុសឆ្គងនៃសំទ្បេងនោះ ត្រូវសួរអ្នកលក់ជាបន្ទាន់ ៕
៥-ពិនិត្យមើលម៉ូតូម្តងទៀត បន្ទាប់ពីជិះសាកល្បងរួចរាល់ហើយការសង្កេតមើល គឺផ្តោតទៅលើភាពលិចជ្រាប និងតំណក់ប្រេងម៉ាស៊ីនឬប្រេងសាំង ។
៦-ចូរមានភាពប្រាកដនិយមនៅពេលចរចាតម្លៃលើកចុងក្រោយ និងត្រូវដាក់តម្លៃដែលអ្នកគិតថាស័ក្តិសមនឹងអាចទទួលយកបានឬត្រូវរ៉ូវគ្នាទាំងសងខាង ហើយឱ្យស្របឬប្រហាក់ប្រហែលហាងឆេងទីផ្សារ អាស្រ័យលើគុណសម្បត្តិរបស់ម៉ូតូនោះ ៕
ចែករំលែកព័តមាននេះ