ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្វៀន​ប៉ុស្តិ៍​លេខ 5 ប្រកាស​បើក​ប្រដាល់​​មួយ​សង្វៀន​វិញ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យោង​តាម​ការ​ប្រជុំរបស់​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ និង​គណៈកម្ម​ការ​ប្រដាល់​ប៉ុស្តិ៍​លេខ​៥ បញ្ជាក់​ថា ប៉ុស្តិ៍​លេខ៥ នឹង​ដំណើរការ​ការ​ប្រដាល់​បិទទ្វារ​ដែល​ធ្លាប់​ធ្វើ​ឡើង​នៅ​រៀងរាល់ថ្ងៃ​សៅរ៍​នោះ​វិញ​ហើយ បន្ទាប់ពី​សហព័ន្ធ​ស្នើ​ឱ្យ​បើក​ប្រកួត​បិទទ្វារ​តាំងពី​ដើម​ខែ​មេសា ។ វត្តមាន​បើក​ឡើង​វិញ​នេះ…

រាជធានី​ភ្នំពេញ ៖ យោង​តាម​ការ​ប្រជុំរបស់​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ និង​គណៈកម្ម​ការ​ប្រដាល់​ប៉ុស្តិ៍​លេខ​៥ បញ្ជាក់​ថា ប៉ុស្តិ៍​លេខ៥ នឹង​ដំណើរការ​ការ​ប្រដាល់​បិទទ្វារ​ដែល​ធ្លាប់​ធ្វើ​ឡើង​នៅ​រៀងរាល់ថ្ងៃ​សៅរ៍​នោះ​វិញ​ហើយ បន្ទាប់ពី​សហព័ន្ធ​ស្នើ​ឱ្យ​បើក​ប្រកួត​បិទទ្វារ​តាំងពី​ដើម​ខែ​មេសា ។ វត្តមាន​បើក​ឡើង​វិញ​នេះ គឺជា​ការ​បើក​ប្រកួត​បិទទ្វារ​ក្រោយ​គេ​ប៉ុណ្ណោះ បើ​ធៀប​នឹង​សង្វៀន​ផ្សេង​ៗ ដែល​គេ​បើក​ប្រកួត​បិទទ្វារ​ជា​ច្រើន​ស​ប្ដា​ហ៍​មក​ហើយ​។

លោក អូ​ឡា​ឡា អ្នកសម្របសម្រួល​កម្មវិធី​បញ្ជាក់​ថា សង្វៀន​ទាំងមូល​ត្រូវ​បិទ​ចោល​មួយ​រយៈ ដោយ​ការ​សម្រេច​បិទ​ចោល​នេះ គឺ​ដើម្បី​ចូលរួម​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​COVID-19​ដែល​កំពុង​បង្ក​ផល​ប៉ះពាល់​។

លោក​ថា ការ​បិទ​ចោល​កន្លង​មក​របស់​សង្វៀន​ប៉ុស្តិ៍​លេខ​៥ គឺ​ធ្វើ​ឱ្យ​ប៉ះពាល់​មួយ​ចំនួន ជា​ពិសេស​នៅ​ពេល​កីឡាករ​នីមួយ​ៗ លែង​មាន​សកម្មភាព ។ យ៉ាងណាមិញ លោក​បាន​សម្រេចចិត្ត​​បើក​​វិញ ដោយ​ការ​ប្រកួត​នេះ គឺ​មិន​មានការ​អនុញ្ញាត​ឱ្យ​មាន​អ្នក​ចូល​ទស្សនា​ទេ ដោយ​លោក​ធ្វើ​ឡើង​សម្រាប់​តែ​ការ​ផ្សាយ​ផ្ទាល់​លើ​ផេ​កនិង​លើ​កញ្ចក់​ទូរទស្សន៍​សុទ្ធសាធ​ប៉ុណ្ណោះ​។ លោក​ថា ការ​ប្រកួត​ឡើង​វិញ​មួ​យស​ប្ដា​ហ៍​នេះអាច​ជា​ការ​សាកល្បង​ប៉ុណ្ណោះ ប្រសិនបើ​មានការ​គាំទ្រ គឺ​អាច​បន្ត​បន្ថែម ប៉ុន្តែ​បើ​ខ្វះ​ការ​គាំទ្រ​នោះ​នឹង​ពិចារណា ។

ការ​ប្រកួត​នេះ គឺជា​ការ​ប្រកួត​មិត្តភាព​រវាង​កីឡាករ​ក្នុងស្រុក និង កីឡាករ​ក្នុងស្រុក ដែល​ការ​ប្រកួត​នៅ​ថ្ងៃ​សៅរ៍​ទី ២៥ មេ​សា នេះ មាន​ជំនួប​រវាង​កីឡាករ​កម្ពុជា សេក គឹ​ម​សាន និង​កីឡាករ​កម្ពុជា លន់ សៀ​ក​ឡេ​ង អម​ដោយ​កីឡាករ​កម្ពុជា​ជា​ច្រើន​គូ​ផ្សេង​ទៀត ។ លោក​ថា ការ​ប្រកាស​បើក​ឡើង​វិញ​នេះ ទី​មួយ​គឺ​ដើម្បី​កុំឱ្យ​កីឡាករ និង​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​បាត់បង់​ការងារ​ទាំងស្រុង និង​ទី​២​ដោយសារ​តែ​មាន​ឯកភាព​ពី​ខាង​ស្ពុ​ន​ស័​រ​។

ការ​ប្រកួត​នេះ នឹង​ផ្សាយ​ផ្ទាល់​លើ​ផេ​ក និង​លើ​ទូរទស្សន៍​ចាប់ពី​ម៉ោង​៦​ល្ងាច​តទៅ នៅ​ថ្ងៃ​សៅរ៍​ទី​២៥ មេ​សា ។

លោក សេង ក​ដិ​កា អ្នក​រៀបចំ​ការ​ប្រកួត​បាន​អះអាង​ថា លោក​សប្បាយចិត្ត​ដែល​ប៉ុស្តិ៍​លេខ​៥​សម្រេច​បើក​ការ​ប្រកួត​ឡើង​វិញ ។ លោក​ថា ការ​បើក​ហើយ​ផ្ដោត​តែ​លើ​ផ្សាយ​ផ្ទាល់លើ​​ផេ​ក គឺ​មិន​មាន​បញ្ហា​ប៉ះពាល់​ពី​ការ​រីក​រាលដាល​ដោយ​ជំងឺ​COVID-19​នោះ​ទេ ។ លោក​រំលឹក​ត្រឡប់​មក​វិញ​ថា នៅ​ពេល​សង្វៀន​ប្រដាល់ត្រូវ​បាន​បិទ កីឡាករ​ភាគច្រើន​ឮ​ថា​លែង​ចង់​ហ្វឹកហាត់​តែ​ម្ដង ជា​ពិសេស​ការ​ហ្វឹកហាត់​ក្នុង​ក្លិប ដោយ​លោក​ចាត់​ទុក​នោះ​មិនមែន​ជា​រឿង​ល្អ​នោះ​ទេ ។ ផ្ទុយ​ទៅ​វិញ​កីឡាករ​ដែល​ធ្លាប់តែ​ខ្លាំង នឹង​អាច​បោះបង់​អាជីព​នេះ​ចោល ដោយសារ​តែ​ពេល​សង្វៀន​មិន​ដំណើរការ គឺ​កីឡាករ​នឹង​ទៅ​ធ្វើការ​ផ្សេង ហើយ​បើ​ទោះជា​មិន​ទៅ​ធ្វើការ​ផ្សេង ក៏​ពិតជា​ខ្លាច​សង្វៀន​ហើយ​នៅ​ពេល​ខាន​យូរ ។

លោក​ថា អ្នក​ផ្សេង​មិនសូវ​ប៉ះពាល់ តែ​សម្រាប់​កីឡាករ​គឺ​បើ​អត់​ការ​ប្រកួត​គឺ​ដឹង​តែ​ដាច់​លុយ​តែ​ម្ដង ។ លោក​ថា លោក​ចង់​បើក​សង្វៀន​តាំងពី​សហព័ន្ធ​តម្រូវ​ឱ្យ​ប្រកួត​បិទទ្វារ​ភ្លាម​ៗ​ម្ល៉េះ ប៉ុន្តែ​បណ្ដាល​មក​ពី​លោក​ចង់​គិតគូរ

ស្វែងរក​គូប្រកួត​មក​ប្រកួត​ឱ្យ​ល្អ​សិន ទើប​បើក​ឡើង​វិញ ។ លោក​ថា មិន​ចេះ​តែ​ឱ្យ​ប្រកួត​នៅ​ក្នុង​កាលៈទេសៈ​នៃ​ជំងឺ​COVID-19​នេះ​ទេ ប៉ុន្តែ​បណ្ដាល​មក​ពី​ស្ថានភាព​នេះ​ល្អ​ប្រសើរ​ហើយ ទើប​លោក​សម្រេច​បើក​ប្រកួត​។

លោក អូ​ឡា​ឡា ជំនួយការ​កម្មវិធី​ប្រដាល់​របស់​ប៉ុស្តិ៍​លេខ​៥ បាន​អះអាង​បន្ថែម​ថា ស្ថាប័ន​របស់​លោក​បើក​ប្រកួត​ក្រោយ​គេ មិនមែន​មាន​ន័យ​ដើរ​ក្រោយ​គេ​ទេ ប៉ុន្តែ​គឺ​ដើម្បី​គិតគូរ​ឱ្យ​មានគុណ​ភាព​សិន ។ លោក​ថា ការ​បិទ​កន្លង​មក​ប៉ះពាល់​គ្រប់​ផ្នែក​ដែល​ពាក់ព័ន្ធ​នឹង​វិស័យ​ប្រដាល់​ទាំង​អស់ តែ​លោក​ថា​ធ្វើ​ម៉េច​បើ​នេះ​គឺជា​បញ្ហា​របស់​ពិភពលោក មិនមែន​មាន​តែ​នៅ​កម្ពុជា​ទេ ។

លោក​ក៏​បាន​សម្ដែង​ការ​សោកស្ដាយ​ដែល​ជំងឺ COVID-19​នៅ​តែ​បន្ត​ការ​វាយលុក​ក្នុង​នោះ​ក៏​ធ្វើ​ឱ្យ​វិស័យ​ប្រដាល់​ក៏​រង​ផល​ប៉ះពាល់​ច្រើន បើ​ទោះជា​បណ្ដា​សង្វៀន​ទាំងអស់ ចាប់ផ្ដើម​បើក​ឡើង​វិញ​ក្ដី ។ លោក​ទទូច​ឱ្យ​កីឡាករ​ដែល​រង​ផល​ប៉ះពាល់ កុំ​បោះបង់​ការ​ហ្វឹកហាត់ កុំ​បណ្ដោយ​ឱ្យ​កម្លាំង និង​សមត្ថភាព​ចុះ​ខ្សោយ ។​លោក​ក៏​ទទូច​ផង​ដែរ​ថា បើ​សង្វៀន​បើក​ដំណើរការ ម្ចាស់​ស្ពុ​ន​ស័​រទាំង​អស់​ត្រូវ​បន្ត​ការ​គាំទ្រ​នៅក្នុង​វិស័យ​មួយ​នេះ ជា​ពិសេស​នៅ​ពេល​ការ​ប្រដាល់​គ្រប់​សង្វៀន​របស់​ទូរទស្សន៍​នីមួយ​ៗ​ដំណើរការ​ឡើង​វិញ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ