ខេត្តមណ្ឌលគិរី ៖ តាមសេចក្តីរាយការណ៍ឲ្យដឹងថា កាលពីវេលាម៉ោង៥និង១៥នាទីព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២០ មានករណីអំពើហិង្សាមួយបានកើតឡើងរវាងជនជាតិឥណ្ឌា និងជនជាតិឥណ្ឌា កាប់ចាក់គ្នាបណ្តាលឲ្យម្នាក់រងរបួសធ្ងន់ចូលពេទ្យ ចំណែកម្នាក់ទៀតត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន ដែលហេតុការណ៍នេះបានកើតឡើងនៅចំណុចផ្ទះជួល ស្ថិតនៅភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។
ជនសង្ស័យឈ្មោះ RADHEY SHAYAM ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិឥណ្ឌា មុខរបរលក់ដូរ (លក់មុង ភួយ) កាន់លិខិតឆ្លងដែនលេខ Z4985406 ស្នាក់នៅផ្ទះជួលរាជផល្លី ស្ថិតនៅភូមិកណ្ដាល សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។ ចំណែកជនរងគ្រោះឈ្មោះ CHAND KAPOOR ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិឥណ្ឌា មុខរបរលក់ដូរ កាន់លិខិតឆ្លងដែនលេខ Z5546787 ស្នាក់នៅផ្ទះជួល ភូមិសង្កាត់កើតហេតុខាងលើ របួសចំកំភួនដៃខាងឆ្វេង និងឆ្អឹងជំនីរ ក្រោមដោះខាងឆ្វេង ។
តាមសេចក្តីរាយការណ៍បានបន្តថា មូលហេតុបណ្តាលឲ្យជនជាតិឥណ្ឌាលក់មុង ភួយទាំងពីរនាក់កាប់ចាក់គ្នានោះ គឺដំបូងឡើយ ជនសង្ស័យបានចោទជនរងគ្រោះថា បានលួចលុយរបស់ខ្លួន ទើបមានការឈ្លោះទាស់ទែងគ្នារហូតឈានដល់ការប្រើអំពើហិង្សាបែបនេះតែម្តង ។
ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីសង្គ្រោះ ចំណែកជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួនដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងចាត់ការតាមនីតិវិធី ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ