ទីក្រុងរ៉ង់ហ្គូន ៖ ប្រទេសមីយ៉ាន់ម៉ា ឫភូមា បានបញ្ជាក់ជាផ្លូវការនៅថ្ងៃទី១៩ មេសានេះថា រកឃើញអ្នកឆ្លងកូវីដ១៩បន្ថែមចំនួន៩ករណីទៀត នាំឲ្យចំនួនសរុបទូទាំងប្រទេសកើនឡើងដល់ ១០៧ករណី ក្នុងនោះមានអ្នកស្លាប់ ចំនួន៥នាក់ ។ តួលេខនេះបើយោងតាមសាកលវិទ្យាល័យ ចនហបគីន Johns Hopkins University ។
យ៉ាងណាប្រទេសសមាជិកអាស៊ានមួយនេះ ក៏បានព្យាបាលអ្នកជំងឺកូវីដ១៩ ឲ្យបានជាសះស្បើយ ចំនួន៥នាក់ ផងដែរ ។
ប្រទេសភូមា ដែលមានប្រជាជនប្រមាណ ៥៤លាននាក់ បានប្រកាសពីករណីឆ្លង COVID-19 ជាលើកដំបូង កាលពីថ្ងៃចន្ទ ទី២៣ ខែមីនា ឆ្នាំ២០២០ បន្ទាប់ពីរកឃើញលើបុរស២នាក់, ម្នាក់អាយុ៣៦ឆ្នាំ មកពីអាមេរិក និងម្នាក់ទៀត អាយុ២៦ឆ្នាំ មកពីចក្រភពអង់គ្លេស ។
មីយ៉ាន់ម៉ា កំពុងស្ថិតនៅក្រោមការបិទប្រទេស បានប្រកាសនៅថ្ងៃសុក្រ ទី១៧ ខែមេសានេះថា អ្នកទោសជាង១ភាគ៤នៃចំនួនសរុបក្នុងប្រទេសមីយ៉ាន់ម៉ា នឹងត្រូវបានដោះលែង ស្របពេលមានការអំពាវនាវខ្លាំងឡើង ដើម្បីឱ្យបន្ធូរបន្ថយស្ថានភាព នៅតាមពន្ធនាគារ ដែលមានសភាពចង្អៀតណែន ខណៈដែលមានការភ័យខ្លាចឆ្លងរាលវីរុសកូវីដ១៩នៅប្រទេសនេះ ៕
ចែករំលែកព័តមាននេះ