ទីក្រុងហាណូយ៖រដ្ឋាភិបាលវៀតណាមបានប្រកាសដាក់ចេញនូវអនុក្រឹត្យថ្មីមួយក្នុងគោលបំណងរឹតបន្តឹងការគ្រប់គ្រងលើប្រព័ន្ធឌីជីថល និងសន្តិសុខសាយប័រ ដោយកំណត់ការផាកពិន័យជាប្រាក់យ៉ាងធ្ងន់ធ្ងរចាប់ពី ២០ លាន រហូតដល់ ៥០ លានដុង ដែលស្មើនឹងប្រហែល ៧៦០ ដល់ ១,៩០០ ដុល្លារអាម៉េរិក ចំពោះបុគ្គល ឬស្ថាប័នទាំងឡាយណាដែលចែកចាយព័ត៌មានខុសច្បាប់លើបណ្តាញសង្គម។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Vnexpress នៅថ្ងៃទី២២ ខែឧសភានេះ។
វិធានការផ្លូវច្បាប់ដែលនឹងត្រូវចូលជាធរមាននៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ ខាងមុខនេះ នឹងត្រូវអនុវត្តយ៉ាងម៉ឺងម៉ាត់ទៅលើការបង្ហោះខ្លឹមសារប្រឌិត បំភ្លៃ ឬបរិហារកេរ្តិ៍ដែលធ្វើឱ្យខូចកិត្តិយសអ្នកដទៃ ព្រមទាំងការផ្សព្វផ្សាយរូបភាពអនាចារ អំពើហិង្សា ការជួញដូរមនុស្ស និងការបង្ហោះផែនទីមិនត្រឹមត្រូវតាមអធិបតេយ្យភាពជាតិ។ លើសពីនេះ សម្រាប់បទល្មើសដែលធ្ងន់ធ្ងរជាងនេះ ដូចជាការបង្ហោះខ្លឹមសារបំភ្លៃប្រវត្តិសាស្ត្រ បំផ្លាញសាមគ្គីភាពជាតិ ប្រមាថសាសនា ការទម្លាយអាថ៌កំបាំងរដ្ឋ ឬឯកជនភាព និងការបំផុសព័ត៌មានមិនពិតដែលបង្កឱ្យមានការភ័យស្លន់ស្លោក្នុងសង្គម ក៏នឹងត្រូវរងការផាកពិន័យក្នុងកម្រិតអតិបរមាផងដែរ ដរាបណាទង្វើទាំងនោះមិនទាន់ឈានដល់កម្រិតត្រូវរងទោសទណ្ឌកម្មព្រហ្មទណ្ឌ។
ច្បាប់ថ្មីនេះក៏បានបញ្ជាក់ទៀតថា ម្ចាស់គណនី ឬអ្នកគ្រប់គ្រងទំព័របណ្តាញសង្គមទាំងអស់ នឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ដូចគ្នា ប្រសិនបើពួកគេមិនព្រមលុបចោលនូវរាល់ខ្លឹមសារខុសច្បាប់ ឬមាតិកាដែលប៉ះពាល់ដល់កុមារ តាមការបង្គាប់បញ្ជារបស់អាជ្ញាធរមានសមត្ថកិច្ច៕
ចែករំលែកព័តមាននេះ