ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

AirAsia និង Malaysia Airlines គ្រោង​បញ្ចូល​គ្នា ដើម្បី​រស់ ព្រោះ​កូ​វី​ដ​១៩ វាយលុក​ខ្លាំង

4 ឆ្នាំ មុន

គូ​ឡា​ឡាំ​ពួរ ៖ មន្ត្រី​ជាន់ខ្ពស់​របស់​ម៉ា​ឡេ​ស៊ី បាន​និយាយ​ថា ការ​រួម​បញ្ចូល​ក្រុមហ៊ុន​រដ្ឋ គឺ​ក្រុមហ៊ុន​អាកាសចរណ៍​ម៉ា​ឡេ​ស៊ី​អ៊ែ​រឡាញ Malaysia Airlines(MAB) ជាមួយ​ក្រុមហ៊ុន​អាកាសចរណ៍​ឯកជន AirAsia…

គូ​ឡា​ឡាំ​ពួរ ៖ មន្ត្រី​ជាន់ខ្ពស់​របស់​ម៉ា​ឡេ​ស៊ី បាន​និយាយ​ថា ការ​រួម​បញ្ចូល​ក្រុមហ៊ុន​រដ្ឋ គឺ​ក្រុមហ៊ុន​អាកាសចរណ៍​ម៉ា​ឡេ​ស៊ី​អ៊ែ​រឡាញ Malaysia Airlines(MAB) ជាមួយ​ក្រុមហ៊ុន​អាកាសចរណ៍​ឯកជន AirAsia Group Bhd (AIRA.KL) គឺជា​ជម្រើស​មួយ ដើម្បី​ជួយ​សង្គ្រោះ​ពួក​គេ នៅ​ពេល​មាន​វិបត្តិ Covid-19 កំពុងវាយ​លុក​ឧស្សាហកម្ម​មួយ​នេះ នេះបើ​តាម​ទីភ្នាក់ងារ​ព័ត៌មាន រ៉​យ​ទ័​រ ចេញផ្សាយ​នៅ​ថ្ងៃ​ទី​១៧ មេ​សា​នេះ ។

ជំងឺកំពុង​រាតត្បាត​ដែល​បាន​សម្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់ចំនួន ១៤៥.០០០​នាក់ នៅ​ជុំវិញ​ពិភពលោក បាន​នាំ​ឱ្យ​មានការ​រាំងស្ទះដល់ប្រទេស​ជា​ច្រើន ក្នុង​ការ​ធ្វើ​ដំណើរ​តាម​ផ្លូវអាកាស ក្នុងនោះមានក្រុមហ៊ុន​អាកាសចរណ៍​ខ្លះ​បាន​ផ្អាក និង​ក្រុមហ៊ុន​អាកាសចរណ៍​ខ្លះ​ទៀត ​កំពុង​ខំប្រឹងត្រដរ​រស់ ព្រោះ​កូ​វី​ដ​១៩ កំពុងវាយលុក​ខ្លាំង។

លោក Datuk Seri Mohamed Azmin Ali រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម និង​ឧស្សាហកម្ម​អន្តរជាតិ​របស់​ម៉ា​ឡេ​ស៊ី បាន​និយាយ​ថា ការ​ពិភាក្សា​នានា នឹង​ចាប់ផ្តើម​ក្នុង​ពេល​ឆាប់​ៗ លើ​ជម្រើស​ជា​ច្រើន ដើម្បី​ជួយ​ឧស្សាហកម្ម​អាកាសចរណ៍​របស់​ប្រទេស​នេះ​រស់រាន​មានជីវិត ។

លោក​បាន​និយាយ​ថា ការ​រួម​បញ្ចូល​គ្នា​រវាង Malaysia Airlines និង AirAsia ដែល​ជា​ក្រុមហ៊ុន​អាកាសចរណ៍​ឯកជន​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី និង​ប្រតិបត្តិការ​នៅ​ក្នុង​ប្រទេស​ជា​ច្រើន ត្រូវ​បាន​គេ​ពិចារណា​ តាំងពីឆ្នាំ​មុន មកម៉្លេះ។

លោក បន្ត​ថា “​ការ​ពិភាក្សា​នោះ បាន​ធ្វើ​ឡើង​កាលពី​ឆ្នាំ​មុន ពោលគឺមុន​ពេល​ជំងឺ​រាតត្បាត​នេះ បាន​កើតឡើង​ទៅ​ទៀត ។ ប៉ុន្តែ​យើង​ត្រូវ​បន្ត​ការ​ពិភាក្សា​” ។ យើង​ត្រូវ​មើល​ថា តើ​យើង​អាច​ជួយ​ក្រុមហ៊ុន​អាកាសចរណ៍​ទាំងនោះ​បាន​យ៉ាងម៉េច ហើយ​វា​មិនមែន​ជា​ចម្លើយ​សាមញ្ញ​ទេ យើង​ត្រូវ​អង្គុយ​ជជែក​គ្នា អំពី​វិធី​ដោះស្រាយ​បញ្ហា​ទាំងនេះ ។

អ្នក​សារព័ត៌មាន​រ៉​យ​ទ័​រ បាន​ស្នើ​សុំ​ការ​អត្ថាធិប្បាយ​ពី​តំណាង​ក្រុមហ៊ុន​អាកាសចរណ៍​ទាំង​២ ប៉ុន្តែ​ភ្លាម​ៗ​មិន​បាន​ផ្តល់​ការ​ឆ្លើយ​តប​នៅឡើយ​ទេ ចំពោះ​សំណើរ​នេះ ។

សូមជម្រាបថា រដ្ឋាភិបាល​ម៉ា​ឡេ​ស៊ី បាន​និង​កំពុង​ស្វែងរក​ដៃគូ​យុទ្ធសាស្ត្រ សម្រាប់​ក្រុមហ៊ុន​អាកាសចរណ៍​ជាតិ​របស់​ខ្លួន ដែល​បាន​ព្យាយាម​ងើបឡើង​វិញ ចាប់តាំងពី​សោកនាដកម្ម​ ចំនួន២ មួយ​ក្នុង​ឆ្នាំ​២០១៤ គឺ​ការ​បាត់​ខ្លួន​ដ៏​អាថ៌​កំបាំង នៃ​ជើងហោះហើរ MH370 និងមួយទៀត គឺ​ការ​បាញ់​ទម្លាក់​ជើងហោះហើរ MH17 លើ​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន ។

បច្ចុប្បន្ននេះ ម៉ា​ឡេ​ស៊ី​ស្ថិត​នៅ​ពាក់កណ្តាល​នៃការ​បិទ​ប្រទេស ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​មេរោគ​ឆ្លង Covid-19 រហូត​មក​ដល់​ពេល​នេះ ក្រសួងសុខាភិបាល​ម៉ា​ឡេ​ស៊ី​បាន​រាយការណ៍​ពី​អ្នក​ឆ្លង​សរុប​កើនឡើង ៥.១៨២​ករណី និង​អ្នក​ស្លាប់​សរុប​ចំនួន ៨៤នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ