តាមសៀវភៅមហាសង្ក្រាន្តបានឱ្យដឹងថា ទេវតាឆ្នាំថ្មីព្រះនាម គោរាគទេវី ជាបុត្រីទី២នៃកបិលមហាព្រហ្ម គង់នៅចាតុមហារាជិកា ទ្រង់អម្ពរពណ៌ លឿង លម្អនៅព្រះកាណ៌ដោយផ្កា អង្គាបុស្ប អាភរណ កែវមុក្តា សោយ តេលំ គឺប្រេងដែលមនុស្សអាចបរិភោគបាន ជាអាហារ គង់លើស្តេចខ្លា ។
មហាសង្ក្រាន្តឆ្នាំ ជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ នឹងចូលមកដល់នៅថ្ងៃចន្ទ ៦រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៣ ខែមេសា គ្រិស្ដសករាជ ២០២០ នាវេលាម៉ោង៨ និង៤៨ នាទីយប់នេះដែលចាត់ថាជាវារមហាសង្ក្រាន្តឆ្នាំថ្មី ។
សូមសាធុជនប្រុសស្រីអុជទៀនធូបនៅតាមផ្ទះរៀងៗខ្លួនដើម្បីគោរពព្រះរតនត្រ័យ និងរៀបចំគ្រឿងសក្ការៈទទួលស្វាគមន៍ទេវតាឆ្នាំថ្មីដែលនឹងចុះមករក្សាមនុស្សលោកយើងនេះ ហើយត្រូវចៀសវាងការប្រព្រឹត្តអំពើអបាយផ្សេងៗ នោះទេវតានឹងថែរក្សាលោកអ្នកឱ្យបានសុខចម្រើនតរៀងទៅ ។ សាន សារិន
ចែករំលែកព័តមាននេះ