រាជធានីភ្នំពេញ៖ ខណៈមានបងប្អូនមួយចំនួននៅតែមានះចង់ចាកចេញពីរាជធានីភ្នំពេញទៅកាន់ស្រុកកំណើត ដោយខ្លះលួចជិះម៉ូតូកាត់តាមផ្លូវដែកដើម្បីគេចចេញពីភ្នែកសមត្ថកិច្ចនោះ តើអ្នកបានដឹងទេថា ប្រពន្ធនិងកូនៗរបស់ក្រុមគ្រូពេទ្យជួរមុខមើលថែអ្នកជំងឺកូវីដ ១៩ មានក្តីបារម្ភអំពីសុខទុក្ខមនុស្សជាទីស្រលាញ់របស់ពួកគេយ៉ាងណា ។
https://www.facebook.com/MinistryofHealthofCambodia/videos/565491854071843/?t=2
តួយ៉ាងបទចម្រៀងមួយបទមានចំណងជើងថា «ឃ្លាតបងព្រោះកូវីដ-១៩» ដែលលោកវេជ្ជបណ្ឌិត នូ ចន្ទ្រា គ្រូពេទ្យជួរមុខកំពុងពិនិត្យព្យាបាលអ្នកជំងឺកូវីដ-១៩ ចល័តគ្នានៅមណ្ឌលសុខាភាពចាក់អង្រែក្រោម បាននិពន្ធឡើង តាមទំនុកភ្លេងលំនាំបទ «ដួងចន្ទប្រឹងរះ» និងច្រៀងដោយលោកស្រី ស៊ុយ សីម៉ា ជាអ្នកគ្រូពេទ្យឆ្មប ធ្វើការប្រចាំនៅ មណ្ឌលសុខភាពចាក់អង្រែក្រោមនៅក្នុងក្រុមគ្រូពេទ្យជួរមុខប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ក្នុងការផ្តល់សេវាពិនិត្យនិងព្យាបាលអ្នកជំងឺកូវីដ-១៩ ចល័តគ្នានៅមណ្ឌលសុខភាពចាក់អង្រែក្រោម មានន័យក្តុកក្តួលស្ទើរទប់ទឹកភ្នែកមិនបាន ។
ប៉ារ៉ូលចម្រៀងបានផ្តើមឡើងជាមួយឃ្លាថា «រូបអូននិងកូនរង់ចាំផ្លូវបង កូវីដចូលឆ្លងបងត្រូវចេញជួយ ថែទាំព្យាបាលបងប្អូនឈប់ព្រួយ មានប្តីអូនមួយរួមជួយការពារ» ដែលន័យបញ្ជាក់ឲ្យឃើញច្បាស់ថា គ្រូពេទ្យជួរមុខបានប្រថុយជីវិតមើលថែអ្នកជំងឺកូវីដ ១៩ ចាកចោលប្រពន្ធកូនឲ្យនៅផ្ទះនឹកព្រួយដល់ប្តីដែលធ្លាប់គេងឱបទ្រូង ។
ចំណែកប៉ារ៉ូលក្រោយៗទៀត មានន័យកាន់តែច្បាស់ថាក្រុមគ្រួសាររបស់គ្រូពេទ្យ ត្រូវរស់នៅពោរពេញដោយកង្វល់ ដែលត្រង់នេះអ្នកបកស្រាយចម្រៀងបានបន្លឺសម្លេងឡើងថា «បេះដូងស្រីមួយ ធ្លាប់មានប្តីក្បែរ កូវីដជ្រែកស្នេហ៍បំបែកបងទៅ ធ្លាប់នៅរួមរស់ ប្រលែងកើយភ្លៅ ដល់គ្រាឥឡូវឆ្ងាយបងមួយខែ ។ កូវីដ ចង្រៃ អ្នកកុំចម្លង រាតត្បាតហើយឆ្លង ពេលបងផ្តាច់ខ្លួន សម្រាកការពារឲ្យបានមាំមួន សូមបងថែខ្លួនវិលជួបគ្រួសារ» ។
ក្រោយពីបានឃើញខ្លឹមសារប៉ារ៉ូលចម្រៀងដែលតាក់តែងដោយគ្រូពេទ្យជួរមុខមួយរូប តើលោកអ្នកតោងត្រិះរិះពិចារណាយ៉ាងណាដែរ ?
ចែករំលែកព័តមាននេះ