ខេត្តព្រះសីហនុ ៖ លោក សរ កក្កដា អភិបាលស្រុកព្រៃនប់ដែលប្រចាំការជាមួយសមត្ថកិច្ចចម្រុះត្រួតពិនិត្យហាមឃាត់មិនអោយពលរដ្ឋធ្វើដំណើរបន្លាស់ទី(ឆ្លងខេត្ត)បានអោយដឹងថា មានប្រជាពលរដ្ឋមួយចំនួនតូចបានបន្លំជិះម៉ូតូតាមផ្លូវរថភ្លើងឆ្លងពីស្រុកព្រៃនប់ឆ្ពោះទៅស្រុកកំណើតនៅឯខេត្តកំពតនៅពេលយប់។

លោកអភិបាលស្រុកព្រៃនប់បានបន្តថា ហេតុការណ៍ខាងលើនេះត្រូវបានគេសង្កេតឃើញកាលពីយប់ថ្ងៃ១១ មេសា ឆ្នាំ២០២០ ក្រោយពីពួកគាត់មិនអាចធ្វើដំណើរតាមផ្លូវជាតិបាន ប៉ុន្តត្រូវបានមន្ត្រីតាមទៅឃាត់អោយពួកគាត់ត្រឡប់ក្រោយវិញ ជាមួយនឹងការពន្យល់ ក៏ដូចជាការស្នើសុំអោយយោគយល់ចំពោះការបិទផ្លូវនេះ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃមេរោគកូវីដ១៩ និងថា បើទោះជាពួកគាត់បន្លំចេញទៅបានដោយប្រការណាមួយ នៅពេលទៅដល់ផ្ទះ ក៏ត្រូវមន្ត្រីមូលដ្ឋានផ្ទាល់នឹងអនុវត្តន៍វិធានការឃាត់ទុកដាក់ដោយឡែក១៤ថ្ងៃផងដែរ មិនបានអនុញ្ញាតអោយដើរហើរក្នុងភូមិបានឡើយ ហើយពេលពួកគាត់ត្រឡប់មកកន្លែងស្នាក់នៅធ្វើការវិញ ក៏មានវិធានការឃាត់ទុកដាក់ដោយឡែក១៤ថ្ងៃត្រូវធ្វើដូចគ្នាដែរ។

ទោះបីជាបែបណា មន្ត្រីរដ្ឋបាលខេត្តព្រះសីហនុក៍បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋនៅខេត្តព្រះសីហនុ បងប្អូនកម្មករ កម្មការីនី មន្ត្រីរាជការ និងបុគ្គលិកវិសយ័ឯកជននានាដែលនៅបន្តធ្វើការធម្មតា មិនធ្វើដំណើរចាកចេញបន្លាស់ទីក្នុងរដូវបុណ្យចូលឆ្នាំថ្មីនេះ ដោយចាត់ទុកថាជាការចូលរួមទាំងអស់គ្នា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ផង និងការពារខ្លួនឯងផង ការពារក្រុមគ្រួសារផង និងការពារមិត្តភក្តិបងប្អូនក្នុងសហគមន៍ផង ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ