ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូ​វី​ដ​១៩ ​ធ្វើ​ឱ្យ​ស្វាយ​ធ្លាក់​ថ្លៃ កសិករ​យំ​លែង​​ចេញ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​ពេល​ប្រទេស​កម្ពុជា​កំពុង​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​ដ ១៩ ដែល​វា​មិន​ត្រឹមតែ​ធ្វើ​អោយ​ប៉ះពាល់​ដល់​សុខភាព​សាធារណៈ​ប៉ុណ្ណោះ​ទេ តែ​ពេល​នេះ​វីរុស​មួយ​នេះ​បាន​ធ្វើ​ឲ្យ​អ្នក​ដាំ​ស្វាយ​ស្រក់​ទឹកភ្នែក ​ព្រោះ​គ្មាន​ទីផ្សារ​ទាល់តែ​សោះ ជា​ពិសេស​ការ​បិទ​ច្រក​ព្រំដែន​រវាង​ប្រទេស​កម្ពុជា ​និង​ប្រទេស​ជិតខាង ធ្វើ​ឲ្យ​ផ្លែស្វាយ​របស់​កសិករ​កម្ពុជា​មិន​អាច​នាំ​ចេញ…

រាជធានី​ភ្នំពេញ ៖ ក្នុង​ពេល​ប្រទេស​កម្ពុជា​កំពុង​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​ដ ១៩ ដែល​វា​មិន​ត្រឹមតែ​ធ្វើ​អោយ​ប៉ះពាល់​ដល់​សុខភាព​សាធារណៈ​ប៉ុណ្ណោះ​ទេ តែ​ពេល​នេះ​វីរុស​មួយ​នេះ​បាន​ធ្វើ​ឲ្យ​អ្នក​ដាំ​ស្វាយ​ស្រក់​ទឹកភ្នែក ​ព្រោះ​គ្មាន​ទីផ្សារ​ទាល់តែ​សោះ ជា​ពិសេស​ការ​បិទ​ច្រក​ព្រំដែន​រវាង​ប្រទេស​កម្ពុជា ​និង​ប្រទេស​ជិតខាង ធ្វើ​ឲ្យ​ផ្លែស្វាយ​របស់​កសិករ​កម្ពុជា​មិន​អាច​នាំ​ចេញ និង​តម្លៃ​បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​។

លោក​ពៅ ស៊ី​ថេ​ត អ្នក​ដាំ​ស្វាយកែវ​រមៀត​មួយ​កន្លែង​នៅ​ខេត្តកំពត បាន​និយាយ​ថា ​តម្លៃ​ស្វាយ​ឆ្នាំ​នេះ​ហៅ​លែង​លឺ​ហើយ ទុក​ទុំ​ចោល ជ្រុះ​ពេញ​ដី គ្មាន​អ្នកទិញ​ទេ ហើយ​បើ​បេះ​យក​ទៅ​លក់​ក៏​មិន​ដឹង​លក់​នៅ​ទីណា ព្រោះ​ព្រំដែន​ត្រូវ​បាន​បិទ​ដែល​កន្លង​មក​យក​ទៅ​ប្រទេស​វៀតណាម​តាម​ច្រក​របៀង តែ​ដល់​ពេល​បិទ​អស់ ក៏​អត់​មាន​អ្នកទិញ​ដូច​ឆ្នាំ​មុន ។

តម្លៃ​ស្វាយកែវ​រមៀត ​គឺ​អាច​លក់​បាន​ត្រឹមតែ ៣០០ ទៅ ៣៥០ រៀល​ក្នុង​មួយ​គី​ឡូ​ក្រាម
ខណៈ​​ឆ្នាំ​មុន​លក់​បាន​តម្លៃ​ដល់​ទៅ ៨០០ រៀល​ឯណោះ ។ ដែល​ការ​ធ្លាក់​ចុះ​នេះ​ក៏​បាន​ធ្វើ​អោយ​ក្រសួង​សា​ម៉ី​ចេញ​វិធានការ​បន្ទាន់ ដើម្បី​ដោះស្រាយ​បន្ទាន់​ជួយ​ស្រោចស្រង់​ដល់ទី​ផ្សារ​ផ្លែស្វាយ។

យោង​តាម​សេចក្តីណែនាំ​របស់​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ ​និង​នេសាទ ស្ដី​ពី​វិធានការ​បន្ទាន់​ដើម្បី​​ដោះស្រាយ​បញ្ហា​នៃ​ការ​ធ្លាក់​ចុះ​នៃ​តម្លៃ​ផលិតផល​ផ្លែស្វាយ បានអោយ​ដឹង​ថា ពេល​នេះ​គឺ​ជា​រដូវ​កាល​ប្រមូល​ផល​ផ្លែស្វាយ ធ្វើ​អោយ​ផលិតផល​នេះ សំបូរ​នៅ​គ្រប់​ទីកន្លែង​ក្នុង​ប្រទេស ។ ហើយ​ក្នុង​ពេល​ដែល​មានការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ ១៩ ទើប​ធ្វើ​អោយ​ផ្លែស្វាយ​ធ្លាក់​ចុះ​បែប​នេះ ។ ម្យ៉ាងទៀត អ្នក​ដាំ​ដុះ​ផ្លែស្វាយ​មួយ​ចំនួន​មិន​ទាន់​បាន​អនុវត្ត​តាម​គោលការណ៍​នៃ​ការ​អនុ​វត្តន៍​កសិកម្ម​ល្អ ហៅ​កាត់​ថា GAP និង​ធ្វើ​ផែនការ​ដាំ​ដុះអោយ​បាន​ត្រឹមត្រូវ ។

នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់​ និង​នេសាទ ​ក៏​បានអោយ​ដឹង​ថា «​រោងចក្រ​ និង​សិប្បកម្ម​កែ​ច្នៃ​ផលិតផល​ស្វាយ​នៅ​ក្នុងស្រុក​នៅ​មាន​ចំនួន​តិច បច្ចេកទេស​កែ​ច្នៃ នៅ​មាន​កម្រិត ។ នៅ​ក្នុងអំឡុងពេល​ឆ្លង​រាលដាល​ជំងឺ​កូ​វី​ដ ១៩​នេះ រោងចក្រ​ និង​សិប្បកម្ម​កែ​ច្នៃ​ដំណាប់​ស្វាយ​មួយ​ចំនួន បាន​ផ្អាក​ដំណើរការ​បណ្ដោះអាសន្ន ដោយសារ​តែ​ការ​បញ្ជា​ទិញ​ផលិត​ផល​ដែល​កែ​ច្នៃ​រួច​នាំ​ចេញ​បាន​តិចតួច និង​ខ្វះ​កម្មករ ហើយ​រោងចក្រ និង​សិប្បកម្ម​កែ​ច្នៃ​ដំណាប់​ស្វាយ​ដែល​នៅ​ដំណើរការ បាន​និង​កំពុង​ប្រមូល​ទិញ​ផ្លែស្វាយ​ស្រស់​សម្រាប់​ធ្វើការ​កែ​ច្នៃ​ត្រឹមតែ​២០​ទៅ​៣០​តោន​ក្នុង​មួយ​ថ្ងៃ ក្នុង​តម្លៃ​តែ​៣២០​រៀល​ក្នុង​មួយ​គីឡូក្រាម​ប៉ុណ្ណោះ ខុស​ពី​ឆ្នាំ​មុន ដែល​មាន​តម្លៃ​រហូត​ដល់​៨០០​រៀល​ក្នុង​មួយ​គីឡូក្រាម​» ។

នៅ​ក្នុង​សេចក្តី​ប្រកាស​នោះ​បានអោយ​ដឹង​ទៀត​ថា ដើម្បី​ដោះស្រាយ​បញ្ហា​នេះ ក្រសួង​បាន​ណែ​នាំ​ទៅ​ដល់​អគ្គនាយកដ្ឋាន​កសិកម្ម នាយកដ្ឋាន​ក​សិ​-​ឧស្សាហកម្ម និង​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់​និង​នេសាទ​ខេត្ត​មួយ​ចំនួន ដូច​ជា ត្រូវ​សហការ​ជាមួយ​នាយកដ្ឋាន​ក​សិ​-​ឧស្សាហកម្ម​ដើម្បី​ជំរុញ​កសិករ​អោយ​ចងក្រង​ជា​ក្រុម​ផលិត និង​សហគមន៍ ដោយ​ត្រូវ​ចុះបញ្ជី​អោយ​បាន​ត្រឹមត្រូវ ដើម្បី​ងាយស្រួល​រៀបចំ​ផែនការ​ផលិតកម្ម​ស្វាយ​ជា​លក្ខណៈ​ប្រមូលផ្ដុំ បណ្ដុះបណ្ដាល​បច្ចេកទេស​ស្រប​តាម​ស្តង់ដា និង​ការ​ផ្សា​ភ្ជាប់​ទីផ្សារ​តាម​រយៈ​ការ​ចុះ​កិច្ចសន្យា​ទិញ​លក់ ។

ក្នុង​នោះ​ផង​ដែរ​ ក្រសួង​បាន​បញ្ជាក់​ថា «​ត្រូវ​ជំរុញ​ផ្សព្វផ្សាយ​ការ​ប្រើប្រាស់​បណ្ដាញ​ព័ត៌មាន​ទីផ្សារ​​ផលិតផល​កសិកម្ម តាម​បច្ចេកទេស​ទំនើប ដល់​កសិករ រួម​ទាំង​ការ​ដាំ​ដុះ បច្ចេកទេស​ក្រោយ​​​ប្រមូល​ផល និង​ការ​ស្តុក​ទុក​រយៈពេល​វែង ត្រូវ​ជំរុញ​លើកទឹកចិត្ត​ដល់​ការ​កែ​ច្នៃ​ផលិតផល​ស្រស់​ជា​លក្ខណៈ​គ្រួសារ​អោយទៅ​ជា​ដំណាប់ និង​ទឹក​ស៊ី​រ៉ូ​ស្វាយ​ដើម្បី​លក់​ក្នុងស្រុក​» ៕ (កែ​សម្រួល​ដោយ ៖ បុប្ផា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ