ខេត្តត្បូងឃ្មុំ ៖ សមត្ថកិច្ចបានអនុវត្តតាមព្រំប្រទល់ស្រុកនិងខេត្ត ដោយធ្វើការដាក់បារាស់ចាប់តាំងពីម៉ោង១២យប់ថ្ងៃទី៩ មេសា បន្តរហូតដល់ល្ងាចថ្ងៃទី១០ មេសា ស្ថិតក្នុងទឹកដីត្រើយខាងកើតទន្លេមេគង្គ គឺបានប្រព្រឹត្តទៅជាធម្មតា បើទោះមានអ្នកធ្វើដំណើរទាំងរថយន្តធំ តូច និងម៉ូតូសម្រុកមកច្រើនយ៉ាងណាក្តី ក៏សមត្ថកិច្ចបានទប់ស្កាត់និងបង្អាក់ដំណើរគាត់បានទាន់ពេល ដោយសុំឱ្យពួកគាត់ត្រឡប់ទៅកាន់កន្លែងដើមរៀងៗខ្លួនវិញ ។
អ្វីដែលកត់សម្គាល់ គឺបងប្អូននៅខាងខេត្តត្បូងឃ្មុំ មានការទទួលដឹងបានច្រើន គឺពួកគាត់មានការចូលរួមសហការបានល្អ ។ ប៉ុន្តែកាលពីវេលាមុនម៉ោង១២យប់ថ្ងៃទី០៩ មេសា គឺមានតែកម្មករប្រមាណ១២នាក់ប៉ុណ្ណោះ ដែលគាត់បានធ្វើដំណើរដល់ស្រុកកំណើត មុនការប្រកាសបិទនេះ ។
លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំបានមានប្រសាសន៍ថា ក្នុងស្រុកក្រុងនីមួយៗ ត្រូវបានចាត់ឱ្យលោកស្នងការរងខេត្តចំនួន៦រូប ដើម្បីដឹកនាំកម្លាំងធ្វើការត្រួតពិនិត្យតាមគោលដៅនីមួយៗ ដែលអនុវត្តផែនការនេះ រហូតដល់ថ្ងៃទី១៧ មេសា ២០២០ ទើបបើកឱ្យពលរដ្ឋធ្វើដំណើរបានវិញ ។
គួរបញ្ជាក់ថា វិធានការបិទផ្លូវគឺបន្ទាប់ពីមានបទបញ្ជាលេខ០២ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ឱ្យកម្លាំងចុះពិនិត្យជាបន្ទាន់ នៅតាមព្រំប្រទល់ស្រុកក្រុងចំនួន៧ ក្នុងខេត្តត្បូងឃ្មុំ ដែលមានព្រំប្រទល់ជាប់ជាមួយបណ្ដាខេត្តផ្សេងៗ គឺបិទការធ្វើដំណើរ ដើម្បីបង្ការនិងការពារជំងឺកូវីដ១៩នេះ ។
ចែករំលែកព័តមាននេះ