រាជធានីភ្នំពេញ ៖ រថយន្តដឹកត្រី១គ្រឿងបើកបរនៅពេលមេឃកំពុងភ្លៀង ស្រាប់តែផ្លូវរអិលជាន់ហ្វាំងមិនជាប់ក៏ជ្រុលទៅបុករថយន្តដឹកប្រេងនៅពីមុខ ហើយក៏មានរថយន្តដឹកដី១គ្រឿងផ្សេងទៀតបើកបរមកពីក្រោយក្នុងល្បឿនយ៉ាងលឿន ដោយសារផ្លូវរអិលក៏រេចង្កូតទៅបុករថយន្តដឹកត្រីកំពុងតែឈប់បណ្ដាលឱ្យធ្លាក់ចេញពីផ្លូវជ្រុះត្រីរាយប៉ាយពេញផ្លូវ ចំណែកអ្នកបើកបររថយន្ដដឹកត្រីរងរបួសធ្ងន់ត្រូវបានរថយន្តគ្លីនិកឯកជនដឹកយកទៅសង្គ្រោះភ្លាមៗ រីឯអ្នកបើកបររថយន្ដដឹកដីបានរត់គេចខ្លួនបាត់ ។
ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១១និង៤៥នាទីយប់ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០ តាមបណ្តោយផ្លូវវិថីឈ្នះឈ្នះ ហៅផ្លូវទំនប់កប់ស្រូវ ភូមិកប់ស្រូវតូច សង្កាត់គោករកា ខណ្ឌព្រែកព្នៅ ។
ភាគីខាងរថយន្តបែនដឹកដីមួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ឆ្នាំង ៣A-១១៧០ បើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ បានរត់គេចខ្លួនបាត់ ។ ចំណែករថយន្តដឹកត្រីមួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណខៀវ ពាក់ស្លាកលេខ ភ្នំពេញ ២G-២៧៥១ បើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ បានរងរបួសធ្ងន់ ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋម្នាក់ដែលឃើញហេតុការណ៍ខាងលើបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ ដោយសារម៉ូតូរបស់គាត់ខូចនៅជិតកន្លែងកើតហេតុ ក៏ឃើញរថយន្ដដឹកត្រីកំពុងតែឈប់ចត បន្ទាប់ពីបានបុកជាមួយនឹងរថយន្តដឹកប្រេង១គ្រឿងពីក្រោយ ដោយសារតែផ្លូវរអិលជាន់ហ្វ្រាំងមិនជាប់ ដោយមិនចង់វែងឆ្ងាយ រថយន្តដឹកប្រេងខាងលើបានបើកចេញពីកន្លែងកើតហេតុទៅបាត់។
តាមប្រភពដដែលបានបន្តថា ពេលរថយន្តដឹកត្រីកំពុងតែឈប់ចតនោះ ក៏ស្រាប់តែមានរថយន្តបែនដឹកដីធុនធំ១គ្រឿងបានបើកបរក្នុងទិសដៅពីលិចទៅទៅកើតក្នុងល្បឿនយ៉ាងលឿន ស្របទិសគ្នាជាមួយរថយន្តដឹកត្រី បានរអិលជាន់ហ្វាំងមិនជាប់រេចង្កូតផ្នែកខាងឆ្វេងជ្រុលទៅបុកចំទទឹងរថយន្តដឹកត្រីយ៉ាងពេញទំហឹង ធ្វើឱ្យរថយន្តដឹកត្រីធ្លាក់ចេញពីផ្លូវ ជ្រុះត្រីរាយប៉ាយពេញតាមផ្លូវ បណ្តាលឱ្យអ្នកបើកបររថយន្ដដឹកត្រីរងរបួសធ្ងន់សន្លប់ស្តូកស្តឹង ភ្លាមៗនោះត្រូវរថយន្តគ្លីនិកឯកជនបានមកដឹកយកជនរងគ្រោះទៅសង្គ្រោះភ្លាមៗនៅឯមន្ទីពេទ្យព្រះកុសុមៈ។ ចំណែកអ្នកបើកបររថយន្ដដឹកដីបានរត់គេចខ្លួនបាត់ស្រមោល។
ក្រោយពេលកើតហេតុ ក៏មានកំលាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍គោករកាបានចុះមកដល់កន្លែងកើតហេតុហើយបានទាក់ទងទៅផ្នែកជំនាញចរាចរណ៍ក្រុងភ្លាមៗផងដែរ។ បន្ទាប់មកសមត្ថកិច្ចជំនាញផ្នែកចរាចរណ៍រាជធានីភ្នំពេញបានចុះមកវាស់វែង និងស្ទូចរថយន្តទាំង២គ្រឿងយកទៅរក្សាទុក រង់ចាំធ្វើការដោះស្រាយនៅពេលថ្ងៃក្រោយ ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ