ខេត្តកំពង់ស្ពឺ ៖ បុរសវ័យចំណាស់ជាប្តីបានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ស្ត្រីជាប្រពន្ធទៀតបានរងរបួសស្រាល ខណៈដែលបុរសជាសន្តិសុខផ្សារបានឡើងបើករថយន្តដឹកទឹកកក ដែលម្ចាស់កំពុងឈប់យកទឹកកកដាក់ឱ្យម៉ូយ ហើយក៏បានជ្រុលចង្កូតទៅបុករះម៉ូតូមួយគ្រឿងនិងរថយន្តមួយគ្រឿងទៀតចំពីមុខយ៉ាងពេញទំហឹង បង្កឱ្យមានការភ្ញាក់ផ្អើលទាំងព្រឹក។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៦និង២០នាទីព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦ នៅតាមបណ្តោយផ្លូវក្រាលបេតុងក្នុងផ្សារតាប៉ាក ស្ថិតនៅចំណុចក្នុងភូមិត្រពាំងខ្យង ឃុំទួលអំពិល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។
នគរបាលស្រុកបសេដ្ឋបាននិយាយឱ្យដឹងថា នៅមុនពេលកើតហេតុមានរថយន្ត០១គ្រឿងម៉ាកហ៊ីយ៉ាន់ដាយ (HYUNDAI PORTER) ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ2BL-6856 ដែលមានម្ចាស់ឈ្មោះ ស ពិសិដ្ឋ ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅក្នុងភូមិព្រៃស្រូល ឃុំទួលអំពិល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ បានឈប់រថយន្តរួចម្ចាស់រថយន្តដើរយកទឹកកកដាក់តាមតូបក្នុងផ្សារ ស្រាប់តែមានសន្តិសុខផ្សារម្នាក់ឈ្មោះ កែវ វាសនា ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅក្នុងភូមិស្រែព្រីង ឃុំស្វាយរំពារ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ បានឡើងបើករថយន្តដឹកទឹកកកនោះ រួចក៏ជ្រុលទៅបុកជាមួយម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ផ្លាកលេខកំពង់ស្ពឺ1K-1084 បើកបរដោយឈ្មោះ ឡាយ ស៊ុន ភេទប្រុស អាយុ៦៧ឆ្នាំ(ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ) ឌុបប្រពន្ធពីក្រោយឈ្មោះ ទូច ស្រីអ៊ិត ភេទស្រី អាយុ៥២ឆ្នាំ អ្នកទាំងពីររស់នៅក្នុងភូមិព្រៃពាយ ឃុំទួលអំពិល ស្រុកបសេដ្ឋ ខេត្កកំពង់ស្ពឺ ដែលកំពុងបើកបរមកពីមុខបញ្ច្រាសទិសគ្នាពេញទំហឹង រួចក៏បន្តជ្រុលទៅបុកជាមួយរថយន្ត០១គ្រឿងទៀតម៉ាកហ៊ីយ៉ាន់ដាយ(HYUNDAI PORTER) ពណ៌ស ស៊េរីឆ្នាំ១៩៩៩ ពាក់ផ្លាកលេខតាកែវ2C-7759 ដែលមានម្ចាស់ឈ្មោះ សាន រាជ្រ ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅក្នុងភូមិត្រពាំងរំដួល ឃុំជំរៈពេន ស្រុកសំរោង ខេត្តតាកែវ ដែលកំពុងឈប់យកសាច់ជ្រូកដាក់តាមតូបក្នុងផ្សារទៀត បង្កឱ្យមានការភ្ញាក់ផ្អើលដល់អ្នកលក់ដូរនិងសមត្ថកិច្ចជំនាញ។
នគរបាលស្រុកបសេដ្ឋបានបញ្ជាក់ថា ក្រោយកើតហេតុនគរបាលជំនាញបានចុះធ្វើការវាស់វែងនៅកន្លែងកើតហេតុ សពបុរសវ័យចំណាស់ជនរងគ្រោះ ប្រគល់ជូនសាច់ញាតិក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។
ចំពោះសន្តិសុខផ្សារឈ្មោះ កែវ វាសនា ដែលឡើងបើករថយន្តដឹកទឹកកក បង្កហេតុ ត្រូវបានសមត្ថកិច្ចនគរបាលជំនាញបាននាំខ្លួនយកទៅធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំទួលអំពិល នៃអធិការដ្ឋាននគរបាលស្រុកបសេដ្ឋ។
ចំណែកវត្ថុតាងរថយន្តដឹកទឹកកក ម៉ូតូ និងរថយន្តដឹកសាច់ជ្រូក ផ្នែកនគរបាលជំនាញបានយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទួលអំពិល ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមផ្លូវច្បាប់៕


ចែករំលែកព័តមាននេះ