១ថ្ងៃរំលង១ថ្ងៃ! ឆក់យកជីវិតនារីដល់ទៅ​២នាក់ជា​បន្តបន្ទាប់


រាជធានីភ្នំពេញ ៖ បច្ចុប្បន្ន​ករណីចោរ​ឆក់ហាក់កំរើកឡើងវិញគួរ​ឱ្យកត់សម្គាល់ ខណៈ​​នៅ​ក្នុងភូមិ​សាស្ត្រ​ខណ្ឌ​បឹង​កេងកង ​មានក្រុមជនសង្ស័យបាន​ធ្វើ​សកម្មភាព​ឆក់​ផ្ទួនៗ​គ្នា បណ្តាល​ឱ្យ​ស្ត្រី​ជា​ជន​រង​គ្រោះ​ចំនួន​២​នាក់​​បាន​បាត់បង់​ជីវិតជា​បន្តបន្ទាប់ ។​

ករណីទី១-ស្ត្រី​ម្នាក់​បាន​​បាត់បង់​ជីវិត​​ទាំង​ព្រឹក​ ក្រោយ​ពី​បញ្ជូន​ទៅសង្គ្រោះ​នៅ​មន្ទីរពេទ្យ​ ​បន្ទាប់ពីស្ត្រីរងគ្រោះ​កំពុង​តែ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ទៅ​ផ្សារ ដោយធ្វើដំណើរ​​តាម​បណ្តោយ​ផ្លូវ​លេខ​៤៣០ ម្តុំ​ខាងក្រោយ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូ​វៀត ​ស្ថិត​​ក្នុង​សង្កាត់​ទំនប់​ទឹក ខណ្ឌ​បឹង​កេងកង ​ត្រូវ​​​ក្រុម​ជនសង្ស័យ​មាន​គ្នា​ពី ៣​ទៅ​៤​នាក់ ជិះ​ម៉ូតូ​ចំនួន​២​គ្រឿង ធ្វើ​សកម្មភាព​ឆក់​យក​កាបូប​លុយ ហើយ​​ស្ត្រីរងគ្រោះ​​បាន​​ជិះ​ម៉ូតូ​ដេញ​តាម​ក៏​ត្រូវ​​ក្រុម​ជនសង្ស័យ​ជា​អ្នក​ជិះ​ម៉ូតូ​បិទ​គូទ​ធាក់​ផ្តួល​ម៉ូតូស្ត្រីរងគ្រោះ​នៅ​លើ​ស្ពាន​អាកាស​​ស្ទឹងមានជ័យ​​ បណ្តាល​ឱ្យ​រង​របួសធ្ងន់ ក្រោយមកក៏បានបាត់បង់ជីវិត ​។

​ហេតុ​ការណ៍​​ខាងលើនេះ​បាន​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង៥​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី៩ ខែ​មេ​សា ឆ្នាំ​២០២០ នៅ​ចំណុច​លើ​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​១ ខណ្ឌមានជ័យ​។

ស្ត្រី​រង​គ្រោះ​ឈ្មោះ ហុង សុខ​ចេ​ង អាយុ​៣៥​ឆ្នាំ មុខរបរ​ជា​អាជីវករ មាន​ទីលំនៅ​ភូមិ​ព្រែក​ទាល់ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​២ ខណ្ឌមានជ័យ ​ជា​អ្នក​បើកបរ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក MOOVE ពណ៌​ក្រហម​លាយ​ខ្មៅ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ ១HJ-៦៩៨៤ ។

​ករណីទី២-​កាលពី​យប់​ថ្ងៃ​ទី៧ មេ​សា ឆ្នាំ ២០២០ នៅ​ចំណុច​មុខ​ផ្ទះ​លេខ ៩៦ ផ្លូវ​លេខ ៣១០ ក្នុង​សង្កាត់​បឹង​កេងកង​ទី​៣ ខណ្ឌ​បឹង​កេងកង មាន​ករណី​ក្រុម​ជនសង្ស័យ​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ​មួយ​គ្រឿង​ពី​នារី​ម្នាក់​ បណ្តាល​ឱ្យដួលរងរបួសធ្ងន់ ក្រោយ​មកក៏បាន​បាត់បង់ជីវិត​ពេល​បញ្ជូនទៅសង្គ្រោះ​នៅ​មន្ទីរពេទ្យ ។

នារីរងគ្រោះ​ឈ្មោះ លីវ ឡាំ​ហួយ អាយុ​២៣​ឆ្នាំ មុខរបរ​លក់​គ្រឿង​អេ​ឡិច​ត្រូ​និ​ច ស្នាក់​នៅផ្ទះ​ជួល​ក្នុង​សង្កាត់​បឹង​ទំពុន ខណ្ឌមានជ័យ ។

ក្រោយពេលកើតហេតុ ក្រុមជនសង្ស័យ​ដែល​ធ្វើសកម្មភាព​​ក្នុងករណីទាំង២ខាងលើ​មិនទាន់​ចាប់​ឃាត់ខ្លួន​បាន​នៅឡើយទេ ៕ (កែសម្រួលដោយ ៖ ធីតា​)

សន្ដិសុខ​សង្គម

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ