ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បែកធ្លាយ​ទីតាំង​ស្តុក​មេតា​ណុ​ល​ជាង​៤០០​កានក្នុង​ខណ្ឌកំបូល​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទីតាំង​ស្តុក​មេតា​ណុ​ល និង​អាល់កុល​មួយ​កន្លែង​ដែល​ឈ្មួញ​នាំ​ចូល​ ព្រមទាំង​ផលិត​ដោយ​ខុសច្បាប់​សម្រាប់​លក់​ក្នុងកំឡុង​​ពេល​វីរុស​Covid-19 កំពុង​តែ​ផ្ទុះ​ឡើង​​នោះ ​ត្រូវ​បាន​កម្លាំង​នៃ​អគ្គនាយកដ្ឋាន​ការពារ​អ្នក​ប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ ក្រសួងពាណិជ្ជកម្ម…

រាជធានី​ភ្នំពេញ ៖ ទីតាំង​ស្តុក​មេតា​ណុ​ល និង​អាល់កុល​មួយ​កន្លែង​ដែល​ឈ្មួញ​នាំ​ចូល​ ព្រមទាំង​ផលិត​ដោយ​ខុសច្បាប់​សម្រាប់​លក់​ក្នុងកំឡុង​​ពេល​វីរុស​Covid-19 កំពុង​តែ​ផ្ទុះ​ឡើង​​នោះ ​ត្រូវ​បាន​កម្លាំង​នៃ​អគ្គនាយកដ្ឋាន​ការពារ​អ្នក​ប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ ក្រសួងពាណិជ្ជកម្ម ចុះ​បង្ក្រាប​ដោយ​រឹបអូស​យក​បាន​ជាង​៤០០​កាន​។

ប្រតិបត្តិការ​ចុះបង្ក្រាប​ខាងលើ​នេះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ល្ងាច​ថ្ងៃ​ទី​៨ ខែមេសា ឆ្នាំ​២០២០ ស្ថិត​នៅ​ក្នុងផ្ទះ​លេខ​A23 ផ្លូវ​P4 ភូមិ​កន្ទោក​ជើង សង្កាត់​កន្ទោក ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ ​ក្រោម​កិច្ចសហការ​ជាមួយ​កម្លាំង​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ​ព្រមទាំង​មន្ទីរពិសោធន៍​ចល័ត កម្លាំង​អាជ្ញាធរ និង​នគរបាល​មូលដ្ឋាន​ខណ្ឌ​កំ​បូល ដោយ​មានការ​សម្របសម្រួល​ពី​លោក​សាយ ណូ​រ៉ា ព្រះរាជអាជ្ញា​រង អម​សាលាដំបូង​រាជធានី​ភ្នំពេញ ។

សមត្ថកិច្ច​ខាងលើ​នោះ​បាន​ឲ្យ​ដឹង​ថា មុន​នឹង​ឈាន​ដល់​ការ​ចុះ​បង្ក្រាបខាងលើ​​នោះ ​កម្លាំង​បាន​ចម្រុះ​ខាងលើ​បាន​ធ្វើការ​ស្រាវ​ជ្រាវ​រហូត​កំណត់​បាន​ទីតាំង​ច្បាស់លាស់ ទើប​ចុះ​ធ្វើការ​បង្ក្រាប ហើយ​ពេលចុះ​​ទៅ​ដល់​​ទីតាំង​ខាងលើ បាន​រក​ឃើញ​​មេតា​ណុ​ល​ចំនួន​២០០​កាន​ និង​អេ​ទីល​អាល់កុល​ចំនួន​២០១​កាន ដែល​ក្នុង​១​កាន​ៗ​មាន​ចំណុះ​៣០​លី​ត្រ ​ស្តុក​ទុក​នៅ​ក្នុងផ្ទះ​លេខ​A23​នោះ​ ដើម្បី​លក់​ចែកចាយ​ដោយ​ខុសច្បាប់​ ។ ​ប៉ុន្តែ​ឈ្មួញ​ដែល​ជា​អ្នក​នាំ​ចូល​មិន​ត្រូវ​បាន​ស្គាល់​នោះ​ទេ ព្រោះ​ខណៈ​ពេល​ដែល​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ចុះ​មិន​បានឃើញ​ឈ្មួញ​រូប​នោះ​ស្ថិត​នៅ​ទីនោះ​ឡើយ ដោយ​មាន​តែ​បុរស​ម្នាក់​ដែល​ជា​តំណាង​មើល​ការ​ខុស​ត្រូវ​នៅ​ទីនោះ​ ហើយ​​ត្រូវ​បាន​កម្លាំង​ហៅ​ទៅ​សាកសួរ ​ដើម្បី​រក​អត្តសញ្ញាណ​ឈ្មួញ​ដែល​ជា​អ្នក​នាំ​ចូល​។

តាម​ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ​ពេល​នោះ​កម្លាំង​បាន​ប្រើប្រាស់​រថយន្ត​មន្ទីរពិសោធន៍​ចល័ត​ធ្វើការ​វិភាគ​និង​តេស្ត​ទៅ​លើ​សារធាតុ​ខាងលើ​នោះ​ភ្លាម​ៗ​នៅ​នឹង​កន្លែង​តែ​ម្ដង​ ​ដោយ​​រក​ឃើញ​ថា​មាន​ភាព​មិន​ប្រក្រតី​ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​អ្នក​ប្រើប្រាស់​ ។​ បន្ទាប់​មក​កម្លាំង​សមត្ថកិច្ច​បាន​ធ្វើការ​ដកហូត​យក​មេតា​ណុ​ល ​និង​អាល់កុល​ទាំង​៤០១​កាន​នោះ​ទុក​នៅ​ក្នុងផ្ទះ​ខាងលើ​ជា​បណ្ដោះអាសន្ន ដោយ​មានការ​ឯកភាព​ពី​លោក​ព្រះរាជអាជ្ញា​រង អម​សាលាដំបូង​រាជធានី​ភ្នំពេញ កម្លាំង​ក៏​បាន​សម្រេច​បិទ​ទីតាំង​ខាងលើ​នោះ​ដើម្បី​ឲ្យ​ម្ចាស់​ទំនិញ​ចូលខ្លួន​ចាត់ការ​តាម​ច្បាប់​នៅ​ពេល​ក្រោយ​៕​ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ