កីឡាករ​នៅ​តែ​បាន​ប្រាក់ខែ ទោះ​គ្មាន​ការ​ប្រមូលផ្ដុំ​ហ្វឹកហាត់


រាជធានី​ភ្នំពេញ ៖ ចាប់តាំងពី​ក្រសួង​អប់រំ​យុវជន និង​កីឡា បាន​ប្រកាស​រំសាយ​នូវ​ការ​ប្រមូលផ្តុំ​ក្រុម​ជម្រើសជាតិ​ថ្នាល​ដែល​ជា​កីឡាករ​ស្នូល​គ្រប់​វិស័យ​ជា​បណ្តោះអាសន្ន ដោយសារ បារម្ភ​ការ​រីក​រាលដាល​នៃ​ជំងឺ​ផ្លូវដង្ហើម​ប្រភេទ​ថ្មី COVID-19 កីឡាករ​ទាំងនោះ​ត្រូវ​បាន​ប្រកាស​ថា នៅ​តែ​តម្រូវ​ឱ្យ​មានការ​ហ្វឹកហាត់​ដដែល ដើម្បី​អាច​ទទួល​បាន​ប្រាក់ខែ​នៅ​ក្នុង​ដំណាក់កាល​នេះ ។

ក្រសួង​បញ្ជាក់​ថា ទោះបីជា​មានការ​រំសាយ​ការ​ប្រមូលផ្តុំ តែ​កីឡាករ​ជម្រើសជាតិ​ថ្នាល​ទាំងនោះ​នៅ​តែ​ទទួល​បាន​ប្រាក់​របប​ប្រចាំខែ និង​ថ្លៃ​អាហារ​ដដែល​ដោយ​មិន​មានការ​កាត់​ចោល​នោះ​ទេ​។
តាំងពី​ថ្ងៃ​ទី​១៨ ខែមីនា ឆ្នាំ​២០២០ មក​ម៉្លេះ ដែល​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ចេញ​សេច​ក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ការ​សម្រេច ផ្អាក​ការ​ប្រមូលផ្តុំ​ហ្វឹកហាត់ ដោយ​រាប់​បញ្ចូល​ទាំង​ការ​បរិ​ភោគ​អាហារ​ជុំ​គ្នា និង​ស្នាក់​នៅ​រួមគ្នា​ជាដើម ដោយ​កំណត់​ឱ្យ​កីឡាករ​កីឡាការិនី​ជម្រើសជាតិ​ថ្នាល​ទាំង​៣២​ប្រភេទ​កីឡា​ត្រូវ​តែ​ហ្វឹកហាត់​ជា​លក្ខណៈ​ឯកជន​ជា​បណ្តោះអាសន្ន​។

គោលការណ៍​នេះ នឹង​ប្រកាស​ឡើង​ដោយ​មិន​កំណត់​ពេលវេលា​នោះ​ទេ ពោល​គឺ​រហូត​ទាល់តែ​មានការ​ស្ងប់ស្ងាត់​ពី​COVID-19 ទើប​អាច​ហ្វឹកហាត់​ជុំ​គ្នា​ឡើង​វិញ ។ ក្រសួង​បន្ត​ថា ដរាបណា​គ្មាន​ការ​ជូនដំណឹង​ជា​ថ្មី គឺ​ការ​ប្រមូលផ្តុំ​ទាំងឡាយ​ក្នុង​ការ​ហ្វឹកហាត់ នឹង​មិន​អាច​កើតឡើង ។ ប៉ុន្តែ​ថវិកា​ទាំងឡាយ​ដែល​ក្រសួង​ប្រកាស​ឱ្យ​គឺ​មិន​កាត់​នោះ​ទេ ដ្បិតថា គ្មាន​ការ​ហ្វឹកហាត់​ជា​ក្រុម​ជាក់លាក់​ដូច​មុន​ក្ដី​។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន បាន​លើក​ឡើង​ទៀត​ថា ការ​ផ្អាក​នេះ គឺ​ធ្វើ​ឡើង ដើម្បី​រួម​ចំណែក​បង្ការ និង​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​ផ្លូវដង្ហើម​ប្រភេទ​ថ្មី COVID-19 ដែល​កំពុង​រាតត្បាត​ស្ទើរ​ពាសពេញ​ពិភពលោក ។

ការ​ផ្អាក​នេះ​ដែរ​ធ្វើ​ឡើង​ស្រប​ពេល​ក្រសួងសុខាភិបាល​កម្ពុជា ប្រកាស​រក​ឃើញ​អ្នក​ផ្ទុក COVID-19 ​ជា​បន្តបន្ទាប់ ។ ក្រសួង​បន្ត​ថា នឹង​នៅ​តែ​ផ្តល់​ប្រាក់​របប​ប្រចាំខែ និង​ថ្លៃ អាហារ​ជូន​កីឡាករ​-​កីឡាការិនី​ដូច​ធម្មតា ទោះបី​ពួក​គេ​ត្រូវ​បាន​រំសាយ​ការ​ប្រមូលផ្តុំ​ហ្វឹកហាត់ជា​​បណ្តោះ​អាសន្ន​ក៏​ដោយ ។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ដែល​ចុះហត្ថលេខា​ដោយ លោក ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា ដែល​ក្រើន​រំ​ឮ​ក​កីឡាករ​ឲ្យ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន រក្សា​អនាម័យ​ឲ្យ​បាន​ខ្ជាប់ខ្ជួន តាមរយៈ​ការ​លាងដៃ​ជាមួយ​សាប៊ូ អាល់​អុល ឬ ជែ​ល​ជា​ប្រចាំ មុន​ប៉ះ​ពាល់​របស់​អ្វីមួយ ។

យ៉ាងណាមិញ​ក្រសួង​បាន​ទាមទារ​ឱ្យ​កីឡាករ​ទាំងអស់​មានការ​ទទួលខុសត្រូវ ដោយ​មិនមែន​អាង​ថា គ្មាន​ការ​ឃ្លាំមើល​ដិត​ដល់ ហើយ​ក៏​រយាល​ពី​ការ​ហ្វឹកហាត់ ដោយ​អាង​តែ​ដល់​ខែ​បើក​ប្រាក់ខែ និង​បើកប្រាក់​អាហារ​នោះ​ទេ​។

ក្នុង​សេចក្ដី​ប្រកាស​នោះ ក្រសួង​អប់រំ​ក៏​បាន​លុប​ចោល​នូវ​រាល់​ការ​ប្រកួត ដើម្បី​បញ្ចៀស​ការ​ជួបជុំ​គ្នា និង​បញ្ជៀ​ស​ពី​ការ​ចម្លង​ផ្សេង​ៗ ព្រោះតែ​ដើម្បី​សុវត្ថិភាព​កីឡាករ​នោះ​ផង​ដែរ ។ កីឡាករ​ដែល​ទទួល​បាន​ប្រាក់ខែ​ក៏​ហាក់​បង្ហាញ​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​មួយ បន្ទាប់​ពី​ក្រសួង​តម្រូវ​ឱ្យ​ហ្វឹក​ហាត់​រៀងខ្លួន តែ​ស្ថិត​ក្រោម​ការ​សួរនាំ​ពី​គ្រូបង្វឹក​នោះ​ផង ។ ក្នុង​នោះ​កីឡាករ​ដែល​ខ្វះ​ការ​ព្យា​យាម ក៏​ត្រូវ​បាន​ក្រសួង​ព្រមាន​ថា​នឹង​ដក​ចេញ​ផង​ដែរ ដើម្បី​ស្វែងរក​អ្នកមាន​សមត្ថភាព​ផ្សេង​ទៀត​ឱ្យមក​បម្រើ​នៅ​ក្នុង​វិស័យ​កីឡា ប្រសិនបើ​រក​ឃើញ​ថា​ក្នុង​អំឡុង​COVID-19 កីឡាករ​ណា​មិន​ខំ​ហ្វឹកហាត់ ហើយ​បណ្ដោយ​ឱ្យ​ប្រែប្រួល​សមត្ថភាព នោះ​នឹង​ត្រូវ​សើរើ ៕ (កែ​សម្រួល​ដោយ ៖ បុប្ផា)

កីឡាជាតិ

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ