បង្កើត​ក្រុមការងារពិសេស២ក្រុម ដើម្បី​ទទួល​ពលករខ្មែរមកពីក្រៅប្រទេស


ខេត្តមណ្ឌលគិរី​ ៖ គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​០៨ មេ​សា​ នេះ នៅ​ទូ​ទាំង​ខេត្តមណ្ឌលគិរី មន្ត្រី​ជំនាញ​នៅ​មិន​ទាន់​រក​ឃើញ​មាន​ករណី​សង្ស័យឬ​មានអ្នកជំងឺ​កូ​វី​ដ​១៩​នោះ​ទេ ។ អាជ្ញាធរ​ខេត្ត​ក៏បាន​បង្កើត​ក្រុមការងារ​ពិសេស​ចំនួន​ពីរ​ក្រុម ដើម្បី​ត្រៀម​ទទួល​ពលករ​មក​ពី​ក្រៅប្រទេស ដោយ​ក្រុម​ទី​១-​ត្រូវ​ទៅ​ទទួល​ពលករ​ដល់​ព្រំ​ដែន​កម្ពុជា​-​ថៃ ។ ចំណែក​ក្រុម​ទី២-​ត្រូវ​រង់ចាំ​ទទួល​នៅ​ខេត្ត​ ដើម្បី​ពិនិត្យនិង​រៀបចំ​ដាក់​ពលករ​នៅ​ដាច់​ដោយឡែក​១៤​ថ្ងៃ បើ​ក្នុង​ករណី​សង្ស័យ​ និង​យក​វត្ថុ​សំណាក​ទៅ​ពិសោធ​ន៍ ​។

លោក ស្វាយ សំ​អ៊ា​ង អភិបាលខេត្ត​មណ្ឌលគិរី​ បាន​ឱ្យដឹង​ថា ពាក់​ព័​ន្ធ​និង​ក្រុមការងារ​ដែល​ទៅ​ប្រចាំ​នៅ​តាម​ច្រកព្រំដែន​កម្ពុជា-​ថៃ ខេត្ត​បាន​ចាត់តាំង​មន្ត្រី​ចំនួន​៦​នាក់​ទៅ​រង់ចាំ​ទំនាក់ទំនង​ជាមួយ​ពលករ​ ដែល​ចេញពី​ប្រទេស​ថៃ ដើម្បី​ទទួល​ពួក​គាត់​។​ ដោយឡែក​ ក្រុមការងារ​មួយ​ក្រុម​ទៀត ​ប្រចាំការ​នៅ​ទីរួមខេត្ត សម្រាប់​សម្របសម្រួល​ ប្រ​សិន​មាន​ពលករ​បញ្ជូន​ពី​ក្រុម​ទី​មួយ​មក ងាយស្រួល​ត្រួតពិនិត្យ​គាត់ សាកសួរ​ពី​ប្រវត្តិ​ការងារ​មកពីណា មាន​លំនៅ​ឋាន​កន្លែង​ណា ដើម្បី​រៀបចំ​ត្រួតពិនិត្យ​ និង​បញ្ជូន​ទៅ​តាម​មូលដ្ឋាន តាម​ភូមិ​ស្រុក​របស់​គាត់​។ ​ទៅ​ដល់​ផ្ទះ​គាត់​មាន​ថ្នាក់​ភូមិ​ថ្នាក់​ស្រុក​ធ្វើ​កិច្ចការ​បន្ត​ទៀត​ជាមួយ​គាត់​។

លោកស្វាយ សំ​អ៊ា​ង បន្ត​ថា គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​០៨ មេ​សា ​នេះ ក្រុមការងារ​ទទួល​បាន​ពលករ​ចំនួន​៥​នាក់​ហើយ ដែល​មក​ពី​ថៃ ​(​ក្នុង​រយៈពេល​បី​ថ្ងៃ​ដែល​មន្ត្រី​ចុះ​ដល់​ព្រំដែន​)​ ។​ សរុប​ពលករ​មក​ពី​ក្រៅប្រទេស ម៉ា​ឡេ​ស៊ី ចិន កូរ៉េ ថៃ ចាប់ពី​ថ្ងៃ​ទី​១៧ មីនា មាន​ចំនួន​២២​នាក់​។ ក្នុង​ចំណោម​ពលករ​២២​នាក់​នេះ មាន​ពលករ​ចំនួន​១៦​នាក់ ត្រូវ​ក្រុមការងារ​ដាក់​ការ​ត្រួតពិនិត្យ​រយៈពេល​១៤​ថ្ងៃ ក្រៅពី​នេះ​ ពួក​គាត់​បាន​ឆ្លង​ផុត​ដំណាក់​កាល​ដាក់​ដាច់​ដោយឡែក​រួច​ហើយ​ ។

ចំពោះ​កិច្ច​គាំពារ​ដល់​ពលករ​ចំណាកស្រុក​ទាំងនោះ លោក​អភិបាលខេត្ត​មាន​ថ្លែង​ថា ក្រុម​គ្រូពេទ្យ​បាន​ពិនិត្យ​សុខភាព​គាត់ ដោយ​វាស់​កម្តៅ​ បើ​មានការ​សង្ស័យ គ្រូពេទ្យ​និង​យក​សំណាក​របស់​គាត់​ទៅ​ពិសោធ​ន៏​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ​។​កន្លង​មក​ក្រុម​គ្រូពេទ្យ​បាន​យក​កំហាក​របស់​ពួក​គាត់​ចំនួន​៦​នាក់​ទៅ​ពិនិត្យ ល​ទ្ឋ​ផល​គឺ​អវិជ្ជមាន​ទាំងអស់​។​និង​បាន​អនុញ្ញាត​ឲ្យ​ទៅ​ផ្ទះ​រៀង​ៗ​ខ្លួន​។

បើ​តាម​ការ​បញ្ជាក់​ពី​លោក​អភិបាលខេត្ត បច្ចុប្បន្ន​ក្រុមការងារ​កំពុង​បង្កើត​មណ្ឌល​ត្រួតពិនិត្យ​សុខភាព​បន្ថែម​នៅ​ទីរួមខេត្ត និង​បណ្តា​ក្រុង​-​ស្រុក ដើម្បី​ត្រៀម​ទុក​សម្រាប់​ពលករ​ទាំងអស់ ត្រូវ​តែ​ចូល​នៅ​មណ្ឌល​ពិនិត្យ​នេះ​សិន ទើប​បញ្ជូន​ទៅ​តាម​មូលដ្ឋាន ដាក់​ឲ្យ​នៅ​ដាច់​ដោយឡែក​ពី​គេ​ចំនួន​១៤​ថ្ងៃ​។

ព័ត៌មាន​ជាតិ

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ