រាជធានីភ្នំពេញ ៖ ជនសង្ស័យឆក់យ៉ាងសកម្មម្នាក់ក្នុងចំណោមបក្សពួកជាច្រើននាក់ត្រូវបានកម្លាំងនគរបាលខណ្ឌសែនសុខប្រទះឃើញ និងដេញតាមឃាត់ខ្លួនបាន ខណៈពេលដែលជនសង្ស័យម្នាក់នោះជិះម៉ូតូម៉ាកស្តុបពីមួយគ្រឿងផ្តួលរត់ចូលក្នុងផ្ទះ។

ហេតុការណ៍ខាងលើនេះបង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងប្រមាណ១១និង៣៥នាទីព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២០ នៅចំណុចផ្ទះគ្មានលេខ តាមបណ្តោយផ្លូវលេខ៣៤៥ ភូមិ៤ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ជនសង្ស័យម្នាក់ដែលត្រូវឃាត់ខ្លួនខាងលើឈ្មោះសុខ ដេវីត ភេទប្រុស អាយុ២២ឆ្នាំ ស្នាក់នៅភូមិឃុំកើតហេតុខាងលើ ។ នៅពេលឃាត់ខ្លួនជនសង្ស័យម្នាក់នេះ នគរបាលបានដកហូតម៉ូតូមួយគ្រឿងម៉ាកស្គូពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ១IA-៦៦៧៨ ។

តាមប្រភពពីនគរបាលខណ្ឌសែនសុខបានអោយដឹងថា ជនសង្ស័យម្នាក់ខាងលើជាមុខសញ្ញាឆក់យ៉ាងសកម្មនៅក្នុងមូលដ្ឋានសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ និងត្រូវបានសមត្ថកិច្ចកំណត់មុខសញ្ញាអស់ហើយ។មុនពេលកើតហេតុ ជនសង្ស័យបានជិះម៉ូតូមួយគ្រឿងម៉ាកស្គូពីក្នុងគោលបំណងប្រុងធ្វើសកម្មភាពនៅចំនុច ផ្លូវលេខ១០០៣ ខាងត្បូងផ្សារទំនើបមួយកន្លែងក្នុងសង្កាត់ភ្នំពេញថ្មី ខណៈនោះក៏ត្រូវកម្លាំងនគរបាលជិះល្បាតក្នុងមូលដ្ឋានប្រទះឃើញបានដេញតាមឃាត់ខ្លួនតែម្តង។

តាមប្រភពពីនគរបាលបានឱ្យដឹងទៀតថា នៅក្នុងការដេញតាមប្រមាញ់ ជនសង្ស័យក៏បានជិះម៉ូតូគេចខ្លួនហើយផ្តួលម៉ូតូមុខផ្ទះ រួចគេចខ្លួនចូលក្នុងផ្ទះ ។ ភ្លាមៗនោះដែរនគរបាលក៏មានទំនាស់ពាក្យសម្តីជាមួយក្រុមគ្រួសារជនសង្ស័យ ដែលព្យាយាមមិនប្រគល់ខ្លួនជនសង្ស័យផងដែរ ។ ដោយមានការសហការពីនគរបាលប៉ុស្តិ៍បឹងកក់ទី១ ជនសង្ស័យត្រូវបាននគរបាលនាំខ្លួនបញ្ចូនទៅកាន់អធិការដ្ឋានខណ្ឌសែនសុខ ដើម្បីសាកសួរ ។

តាមចម្លើយរបស់ជនសង្ស័យបានសារភាពថា កន្លងមកខ្លួនធ្លាប់ធ្វើសកម្មភាពឆក់កាបូប និងទូរស័ព្ទចំនួន ៣លើកមកហើយ ដោយមានបក្ខពួកចំនួនន៣នាក់ ខណៈនគរបាលកំពុងតែសាកសួរ ដើម្បីឈានទៅឃាត់ខ្លួន បក្ខពួកជាបន្តទៀត ៕ (កែសម្រួលដោយ ៖ ធីតា)


ចែករំលែកព័តមាននេះ