រាជធានីភ្នំពេញ ៖ ក្រុមគ្រួសារមួយបានរៀបចំកម្មវិធីខួបកំណើត និងមានការជួបជុំមិត្តភក្តិផឹកស៊ីចាក់ធុងបាស់រំខានដល់អ្នកជិតខាង ដោយមិនគោរពតាមការណែនាំដែលបានហាមមិនឲ្យមានការជួបជុំផឹកស៊ីដើម្បីចូលរួមកាត់បន្ថយការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ត្រូវបានសមត្ថកិច្ចចុះទៅអន្តរាគមន៍ណែនាំឱ្យឈប់ចាក់ធុងបាស់ តែអនុញ្ញាតឲ្យនៅបន្តការផឹកស៊ីជាធម្មតា ។

ហេតុការណ៍ខាងលើនេះបានបង្កអោយមានការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង៧និង១០នាទីយប់ ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០ នៅភូមិថ្នល់បំបែក សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅជិតខាងកន្លែងកើតហេតុបានទូរស័ព្ទទៅប៉ុស្តិ៍នគរបាលចោមចៅទី៣ដើម្បីឲ្យជួយអន្តរាគមន៍ករណីផឹកស៊ីចាក់ធុងបាស់រំខានដល់អ្នកជិតខាង ភ្លាមៗនោះលោកថេង កុសល នាយប៉ុស្ដិ៍ចោមទី៣បានទទួលដំណឹងនេះភ្លាមៗ ហើយបានចាត់កំលាំងអោយលោកនាយរងប៉ុសិ៍ និងមន្ត្រីបានចុះទៅណែនាំនៅកន្លែងកើតហេតុខាងលើ ដោយហៅម្ចាស់ផ្ទះមកណែនាំអោយបញ្ឈប់ការចាក់ធុងបាស់ជាបន្ទាន់ ហើយម្ចាស់ផ្ទះបានយល់ស្របតាមការណែនាំរបស់សមត្ថកិច្ច តែនៅផឹកស៊ីបន្តដោយផឹកស៊ីដោយស្ងៀមស្ងាត់មិនមានបង្កប៉ះពាល់ដល់អ្នកជិតខាងទៀតឡើយ។

បន្ទាប់ពីសមត្ថកិច្ចធ្វើការណែនាំរួចហើយ ពួកគាត់ក៏បានបញ្ឈប់ការចាក់ធុងបាស់តែនៅបន្តការផឹកស៊ីបន្តធម្មតា។
ទាក់ទិននឹងករណីខាងលើនេះ ប្រជាពលរដ្ឋបានលើកឡើងថា មានប្រជាពលរដ្ឋមួយចំនួនតូចនៅតែបន្តផឹកស៊ីជួបជុំគ្នាដដែល ដោយមិនមានការភ័យខ្លាច និងចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃជម្ងឺកូវីដ១៩សោះ ។ ទន្ទឹមនឹងនេះប្រជាពលរដ្ឋក៏បានសំណូមសូមឲ្យប្រជាពលរដ្ឋទាំងអស់មេត្តាកុំផឹកស៊ីជួបជុំមនុស្សច្រើនបន្តទៀត ដើម្បីចូលរួមកាត់បន្ថយការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ