រាជធានីភ្នំពេញ ៖ ស្ត្រីដែលត្រូវឃាតករវាយជាំពេញរាងកាយរហូតស្លាប់ រួចរំលោភយកសពទម្លាក់ក្នុងទន្លេស្គាល់អត្តសញ្ញាណហើយ ហើយសពត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត ។
ស្ត្រីរងគ្រោះឈ្មោះ សុង ដាវីន អាយុ២០ឆ្នាំ ជានិស្សិតឆ្នាំទី១នៃវិទ្យាស្ថានវ៉ាន់ដាគណនេយ្យ ស្នាក់នៅផ្ទះជួល ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន មានស្រុកកំណើត នៅភូមិភ្នំដែក ឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ ។
គួររំលឹកថា ស្ត្រីវ័យក្មេងម្នាក់ ត្រូវបានឃាតករមិនស្គាល់មុខរំលោភរួចធ្វើទារុណកម្មជាំពេញ ខ្លួនប្រាណរហូតដល់ស្លាប់ហើយដឹកសពយកទៅទម្លាក់ចោល នៅក្នុងទឹកទន្លេ មុខសាលាបឋមសិក្សាជ្រោយចង្វា ខាងត្បូងស្ពានជ្រោយចង្វាប្រហែលកន្លះគីទ្បូម៉ែត្រ ស្ថិតក្នុងភូមិទី២ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា ។ ហេតុការណ៍នេះ បានធ្វើឱ្យមានការភ្ញាក់ផ្អើលទ្បើងកាលពីវេលាម៉ោងប្រមាណ៦ព្រឹក ថ្ងៃទី៧ តុលា នៅពេលដែលប្រជាពលរដ្ឋធ្វើដំណើរទៅហាត់ប្រាណប្រទះឃើញសពអណ្តែតទឹក ។
មន្ត្រីនគរបាលប៉ុស្តិ៍ជ្រោយចង្វាបានឱ្យដឹងថា នៅព្រឹកថ្ងៃទី៧ តុលានោះ មានអ្នកហាត់ប្រាណបានទៅឈប់ឈរលេងនៅក្បែរបង្កាន់ដៃច្រាំងទន្លេ ក៏ប្រទះឃើញសពស្ត្រីម្នាក់នោះអណ្តែតទឹកផ្កាប់មុខ ។ មុនដំបូងអ្នកហាត់ប្រាណរូបនេះ ស្មានថាជាតុក្កតាអណ្តែតទឹក លុះក្រោយមកទើបដឹងថា ជាសពស្ត្រីវ័យក្មេងម្នាក់ ទើបធ្វើឱ្យមានការភ្ញាក់ផ្អើលដល់មនុស្សម្នាគ្រប់គ្នាតែម្តង ។
នាព្រឹកនោះ នៅមាត់ច្រាំងទន្លេពោរពេញទៅដោយមនុស្សម្នាត្រៀបត្រា មកចោមរោមមើល ហើយសមត្ថកិច្ចនិងអាជ្ញាធរក៏បានចាត់ចែងស្រង់សព ដោយជួលទូកអូសតាមទឹកយកទៅកាន់ឈាបនដ្ឋានវត្តប្រជុំសាគរ ហៅវត្តថ្មី ដើម្បីត្រួតពិនិត្យសពនៅទីនោះ ។ បុរសខ្មែរអ៊ិស្លាមម្នាក់បានឱ្យដឹងថា កាលពីវេលាម៉ោងប្រមាណ៨និង៣០នាទីយប់ ថ្ងៃទី៥ តុលា នៅពេលរូបគាត់ទៅរាំលេងកម្សាន្តនៅរង្គសាលមេគង្គតាមផ្លូវជាតិលេខ ៥ បានប្រទះឃើញស្ត្រីរូបនោះ រួមជាមួយមិត្តភក្តិទាំងអស់៦នាក់ ក្នុងនោះមានភេទទី៣ម្នាក់ផង ចូលរាំលេងនៅក្នុងក្លិបនោះដែរ ។ លុះរំលងបានមួយយប់ នៅព្រឹកថ្ងៃទី៧ តុលា ស្រាប់តែប្រទះឃើញស្ត្រីរូបនេះ ក្លាយជាសពអណ្តែតទឹកទៅវិញ ។
តាមការត្រួតពិនិត្យរបស់សមត្ថកិច្ចបង្ហាញថា ស្ត្រីរូបនេះទើបតែស្លាប់ថ្មីៗ មានស្នាមជាំពេញដងខ្លួន ហើយប្រដាប់ភេទមានទឹកកាមដែរ ។ ប្រសិនបើលង់ទឹក ច្បាស់ជាផឹកទឹកពេញពោះហើយ តែសពគ្មានសញ្ញាបែបនេះទេ គឺមានន័យថា ត្រូវគេសម្លាប់រួចយកមកទម្លាក់ទឹក ។ សមត្ថកិច្ចបានធ្វើការសន្និដ្ឋានថា ស្ត្រីរូបនេះ អាចត្រូវបុរសដែលជាឃាតករ ឬអាចជាប្រុសស្នេហ៍នាំនាងទៅរួមរ័កនៅកន្លែងណាមួយហើយវាយធ្វើ ទារុណកម្មជាំពេញខ្លួន រហូតដល់ស្លាប់ ក៏ដឹកសពយកទៅទម្លាក់ទឹកតែម្តង ។ តាមរយៈការរកឃើញទឹកកាមនៅក្នុងប្រដាប់ភេទ ឃាតករអាចវាយធ្វើបាបរហូតដល់ស្លាប់ រួចរំលោភសេពសន្ថវៈរហូតបានសម្រេច ទើបដឹកសពយកទៅបោះចោលក្នុងទឹក ៕
ចែករំលែកព័តមាននេះ