ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​កសិករ​ត្អូញ​ខ្សត់ដើម​រំពា​ក់ត្បាញ​​ជា​របស់​របរ​ប្រើប្រាស់​ផ្សេ​ៗ

4 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖​ ដើម​រំ​ពាក់​គឺជា​រុក្ខជាតិ​មួយ​ប្រភេទ​ដែល​ដើម​វា​ជា​វល្លិ មាន​ទំហំ​ប៉ុន​ធូប ឬ​ធំ​ជាង​នេះ​បន្តិច ដើម​វា​មាន​បន្លា​រហូត​ដល់​ស្លឹក ។ រុក្ខជាតិ​មួយ​ប្រភេទ​នេះ ត្រូវ​បាន​ប្រជាពលរដ្ឋ​យក​មក​ផលិត​ជា​របស់​របរ​ប្រើប្រាស់​ផ្សេង​ៗ បានជា​ច្រើន​យ៉ាង​តាម​តម្រូវការ…

ខេត្តកំពង់ឆ្នាំង ៖​ ដើម​រំ​ពាក់​គឺជា​រុក្ខជាតិ​មួយ​ប្រភេទ​ដែល​ដើម​វា​ជា​វល្លិ មាន​ទំហំ​ប៉ុន​ធូប ឬ​ធំ​ជាង​នេះ​បន្តិច ដើម​វា​មាន​បន្លា​រហូត​ដល់​ស្លឹក ។ រុក្ខជាតិ​មួយ​ប្រភេទ​នេះ ត្រូវ​បាន​ប្រជាពលរដ្ឋ​យក​មក​ផលិត​ជា​របស់​របរ​ប្រើប្រាស់​ផ្សេង​ៗ បានជា​ច្រើន​យ៉ាង​តាម​តម្រូវការ ។​ សម្រាប់​ខេត្តកំពង់ឆ្នាំង គេ​សង្កេត​ឃើញ​មាន​ប្រជាពលរដ្ឋ​យក​ដើម​រំ​ពាក់ ផលិត​ជា​របស់​របរ​ប្រើប្រាស់ នៅ​តាម​ភូមិ​ខុស​គ្នា​ៗ ដើម្បី​លក់​ឱ្យ​ឈ្មួញ ។

ប្រជាពលរដ្ឋ​នៅ​ភូមិ​បាត​ឡា​ង ឃុំ​ក្រាំង​លាវ ស្រុក​រលាប្អៀរ បាន​យក​ដើម​រំ​ពាក់​ផលិត​ជា​បង្គី​លក់ ដើម្បី​បាន​កម្រៃ​ផ្គត់ផ្គង់​ជីវភាព​។

ស្ត្រី​ឈ្មោះ សុខ នី អាយុ៤២​ឆ្នាំ​មាន​ទីលំនៅ​ភូមិ​ឃុំ​ខាងលើ​បាន​​រៀបរាប់​ឱ្យ​​ដឹង​ថា​ គាត់​បាន​ប្រកប​មុខរបរ​ត្បាញ​បង្គី​នេះ​ជា​យូរ​ឆ្នាំ​ណាស់​មក​ហើយ ក្នុង​មួយ​ថ្ងៃជា​មធ្យម​គាត់​ត្បាញ​បាន​បង្គី​៤​ទៅ​៦​បង្គី ឬ​ច្រើន​ជាង​នេះ បើ​គាត់​ខំ ។

ចំណែកឯ​ស្ត្រី​ឈ្មោះ​ក្រួច ញ៉ អាយុ​៤៦​ឆ្នាំ វិញ​ក៏​បាន​​រៀបរាប់​ឱ្យ​ដឹង​ថា បើ​មាន​ដើម​រំ​ពាក់​គ្រប់គ្រាន់ ក្នុង​មួយ​ថ្ងៃ​ ពួក​គាត់​ពីរ​នាក់​ប្ដី​ប្រពន្ធត្បាញ​បាន​រហូត​ទៅ​ដល់​១០​សម្រាប់ ស្មើនឹង​២០​បង្គី ។ បង្គី​១​លក់​បាន​តម្លៃ​៣​ពាន់​រៀល ។

ទោះបីជា​យ៉ាងនេះ​ក្តី ប្រជាពលរដ្ឋ​ទាំងនោះ​នៅ​បាន​ត្អូញត្អែ​ថា បច្ចុប្បន្ន​នេះ ដើម​រំ​ពាក់ កាន់តែ​ខ្សត់​ណាស់ ព្រោះតែ​ការ​កាប់​ទន្ទ្រាន​ឈូស​យក​ដី​ព្រៃ ធ្វើ​ឱ្យ​ដើម​រំ​ពាក់​ចេះ​តែ​ហិន​ហោចទៅ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ។

ដើម្បី​បាន​ដើម​រំ​ពាក់យ​កមក​ត្បាញ​ជា​បង្គី ពួក​គាត់​ត្រូវធ្វើ​ដំណើរ​ទៅ​ភូមិ​ប្រ​ស្នឹ​ប ឯណោះ ដែល​ត្រូវ​ចេញ​តាំងពី​ម៉ោង​៥​ភ្លឺ រហូត​ដល់​យប់​ទើប​បាន​មក​ដល់​ផ្ទះ​វិញ ដោយ​វេចបាយ​កញ្ចប់​ទៅជាមួយផងដែរ​ ហើយ​ពេល​បាន​ដើម​រំពា​ក់មក​ត្បាញ​បាន​តែ​២​ថ្ងៃ ក៏​អស់​ទៅ​ហើយ ទើប​នាំ​គ្នា​ចេញ​ទៅ​បោច​ម្តងទៀត ។

ចំណែក​ប្រជាពលរដ្ឋ​រស់នៅ ភូមិ​អូរ​តា​សេក ឃុំ​គោក​បន្ទាយ ស្រុក​រលាប្អៀរ បាន​យក​ដើម​រំ​ពាក់មកត្បាញ​​ជា​របស់របរ​​ប្រើប្រាស់​ផ្សេង​ៗ​ដូច​ជា រង្វាល​ជើង​ឆ្នាំង ថាសសម្រាប់​ហាល​ត្រី កញ្ឆេរ​តូច​-​ធំ កញ្ច្រែង កន្ត្រក​ដាក់​ផ្កា និង​កន្ត្រក​សម្រាប់​ដាក់​ផ្លែ​ឈើ​វេច​ខ្ចប់​ជា កាដូរ ក្នុង​ពិធី​ផ្សេង​ៗ​ជាដើម ។​ល​។ និង​អាច​ធ្វើ​ជា​របស់​ផ្សេង​ទៀត​បាន​តាម​ភ្ញៀវ​តម្រូវការ ។​

ស្រី្ត​ឈ្មោះ សុខ គឹ​ម​ហេង អាយុ​៣៧​ឆ្នាំ ជា​កសិករ​រស់នៅ​ភូមិ​អូរតាសេក ឃុំ​​គោកបន្ទាយ​ ​ស្រុករលាប្អៀរបាន​​រៀបរាប់​​អោយ​ដឹង​ថា​ សព្វ​ថ្ងៃនេះ​ក្រៅពី​ការងារ​ស្រែ​ចំការ ​គាត់​បាន​ចាប់​យកមុខ​របរ​មួយទៀត​គឺ​ត្បាញ​ដើម​រំ​ពាក់​។ មុខរបរ​មួយ​នេះ គាត់​បាន​ចេះ​ត​ពី​ឪពុក​ម្តាយ ដែល​ជា​មុខរបរ​ពី​ដូនតា ។

នៅ​ក្នុងភូមិ​អូរ​តា​សេក ឃុំ​គោក​បន្ទាយ​នេះ មាន​ប្រជាពលរដ្ឋ​ជាង​៨០%​បាន​ប្រកប​របរ​តម្បាញ​ដើម​រំ​ពាក់​នេះ ដែល​ជា​មុខរបរ​បន្ទាប់បន្សំក្រៅពី​ការងារ​ស្រែ​ចំការ​។ ចំពោះ​តម្លៃ​វិញ ចាប់ពី​១៤០០​រៀល​ដល់​ជាង​១​ម៉ឺន​រៀល ​ក្នុងនោះ​រង្វេល​ជើង​ឆ្នាំង​១ លក់ក្នុងតម្លៃ​១៤០០​រៀល កន្ត្រក​តូច​តម្លៃ​៥​ពាន់​រៀល កន្ត្រក​សម្រាប់​ដាក់​កាដូធំ​​តម្លៃ​​៨​ពាន់​រៀល និង​កញ្ឆេ សម្រាប់​ដាក់​ផ្លែ​ឈើ ឬ​ដាក់​ខោអាវ​១​តម្លៃ​១​ម៉ឺន​២​ពាន់​រៀល​ជាដើម ។

ប្រជា​កសិករ​នៅ​ភូមិ​អូរ​តា​សេក ក៍​មិន​ខុស​ពី​កសិករ​នៅ​ភូមិ​បាត​ឡា​ងដែរ ពួក​គាត់​បាន​ត្អូញត្អែរ​​ពី​ការ​ខ្សត់​ដើម​រំ​ពាក់​ខ្លាំង​ណាស់ សព្វ​ថ្ងៃនេះ អ្នក​ភូមិ​អូរ​តា​សេក ដើម្បី​បាន​ដើម​រំ​ពាក់ ត្រូវ​នាំ​គ្នា​ជួល​គោ​យន្តជិះ​​ទៅ​កាប់​ដល់ដល់​ព្រៃ​សហគមន៍ នៅ​ខេត្តកំពង់ធំ ដោយ​ត្រូវ​ចំណាយ​ពេលដេក​ផ្លូវ​៧-៨​ថ្ងៃ​ទើប​មក​ដល់​ផ្ទះ​វិញ ហើយ​បើ​កាលពីមុន ត្រូវធ្វើ​ដំណើរ​តាម​ផ្លូវ​វាង​ដល់​ព្រែក​ក្តាម​ឡើង​ផ្លូវជាតិ​លេខ​៦ តែ​បច្ចុប្បន្នធ្វើ​ដំណើរ​តាម​ផ្លូវ​កាត់ ឆ្លង​តាម​សាឡា​ង​ទៅ​ស្រុក​កំពង់លែង និង​កាត់​ទៅ​ខេត្តកំពង់ធំ​តែ​ម្តង ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ