ខេត្តឧត្តរមានជ័យ ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា ប្រជាពលរដ្ឋបានប្រទះឃើញគ្រាប់បែកដៃចំនួន៣គ្រាប់ដែលគេដាក់រុំជាមួយនឹងថង់ប្លាស្ទិក ហើយក៏បានរាយការណ៍មកសមត្ថកិច្ច ហេតុការណ៍នេះកើតឡើងកាលពីព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២០ ស្ថិតនៅក្នុងភូមិកូនគ្រៀល សង្កាត់កូនគ្រៀល ក្រុងសំរោង។
សេចក្តីរាយការណ៍បន្តថា ប្រជាពលរដ្ឋដែលបានប្រទះឃើញគ្រាប់បែកដៃខាងលើឈ្មោះ គៀត សាមៀន ភេទប្រុស អាយុ៥៣ឆ្នាំ មុខរបរកសិករ រស់នៅក្នុងភូមិ-ឃុំកើតហេតុខាងលើខាងលើ។
បើតាមប្រជាពលរដ្ឋប្រទះឃើញគ្រាប់នេះ បានឱ្យដឹងថា មុនពេលកើតហេតុ រូបគាត់បានចាកចេញពីផ្ទះទៅស្រែចំការ ហើយក៏បានប្រទះឃើញគ្រាប់បែកដៃ ដែលត្រូវគេដាក់រុំនឹងថង់ប្លាស្ទិច បន្ទាប់មកខ្លួនបានមករាយការណ៍ប៉ូលិសប៉ុស្តិ៍រដ្ឋបាលសង្កាត់កូនគ្រៀល ផងដែរ។
បើតាមប៉ូលិសប៉ុស្តិ៍រដ្ឋបាលកូនគ្រៀល បានឱ្យដឹងថា ក្រោយពីបានទទួលព័តមានរាយការណ៍ពីប្រជាពលរដ្ឋភ្លាម សមត្ថកិច្ចក៏បានចុះទៅនឹងកន្លែងកើតហេតុ ធ្វើការពិនិត្យ ក៏ឃើញគ្រាប់បែកដៃប្រភេទ HD-១ ចំនួន៣គ្រាប់ ដែលមានគុណភាព និងបង់ AK៤៧ ចំនួន១ និងគ្រាប់ចំនួន២២គ្រាប់ មានគុណភាព។
គួររំលឹកផងដែរថា ពីមុនក៏មានប្រជាពលរដ្ឋឈ្មោះ ស្រឿន សារ៉ាត់ ភេទប្រុស អាយុ៥៦ឆ្នាំ ជាប្រជាការពារភូមិបុស្បូវ សង្កាត់បុស្បូវ បានប្រទះឃើញគ្រាប់បែកដៃ១គ្រាប់ប្រភេទ HG ចំនួន01 និងម្នាក់ទៀតឈ្មោះឧត្តម ភេទប្រុស អាយុ៣៨ឆ្នាំ ក៏ប្រទះឃើញគ្រាប់មីនប្រភេទ៦៩ ដោតជាប់នឹងដើមឈើផងដែរ រស់នៅក្នុងភូមិ-សង្កាត់ជាមួយគ្នា រួចក៏យកមកប្រគល់ឱ្យប៉ូលិសប៉ុស្តិ៍រដ្ឋបាលសង្កាត់បុស្បូវ ក្រុងសំរោង ខេត្តឧត្តរមានជ័យ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ