ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អាល់កុលក្លែងក្លាយ១ពាន់លីត្រ​ ឆែកឃើញ​ក្នុងសង្កាត់​និរោធ (មានវីដេអូ​)

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្លាំង​មន្ត្រី​កាំកុងត្រូល​នៃ​ក្រសួងពាណិជ្ជកម្ម សហការ​ជាមួយ​កម្លាំង​អាជ្ញាធរ​ចម្រុះ​ខណ្ឌ​ច្បារ​អំពៅ ដែល​ដឹកនាំ​ដោយ​លោក​ណុ​ប ផា អភិបាលរង​ខណ្ឌ បាន​ចុះ​ឆែកឆេរ​ទីតាំង​ឃ្លាំង​មួយ​កន្លែងកាលពី​ម៉ោង​៣​រសៀលថ្ងៃទី​៤ ខែ​មេសា ឆ្នាំ​២០២០…

រាជធានី​ភ្នំពេញ ៖ កម្លាំង​មន្ត្រី​កាំកុងត្រូល​នៃ​ក្រសួងពាណិជ្ជកម្ម សហការ​ជាមួយ​កម្លាំង​អាជ្ញាធរ​ចម្រុះ​ខណ្ឌ​ច្បារ​អំពៅ ដែល​ដឹកនាំ​ដោយ​លោក​ណុ​ប ផា អភិបាលរង​ខណ្ឌ បាន​ចុះ​ឆែកឆេរ​ទីតាំង​ឃ្លាំង​មួយ​កន្លែងកាលពី​ម៉ោង​៣​រសៀលថ្ងៃទី​៤ ខែ​មេសា ឆ្នាំ​២០២០ ដែល​មាន​ទីតាំង​ស្ថិត​តាម​បណ្តោយ​ផ្លូវ​ប៉េ​តុង ក្នុង​ក្រុម​ទី​៤ ភូមិ​តា​ង៉ូ​វ សង្កាត់​និរោធ ខណ្ឌ​ច្បារ​អំពៅ ដើម្បី​ឆែកឆេរ​ពិនិត្យ​រក​ឃើញ​អាល់កុល​ខុសច្បាប់ ក្រោយ​កម្លាំង​ជំនាញ​ស្រាវជ្រាវ​រក​ឃើញ​ថា ទីតាំង​នេះ​ជាទី​តាំង​ស្តុក ។

ការ​ចុះ​ឆែកឆេរ​ខាងលើ​នេះ​ដែរ ធ្វើ​ឡើង​ដោយ​មានការ​ដឹកនាំ​សម្របសម្រួល​នីតិវិធី​ច្បាប់ ដោយ​លោក សំ​ម រិ​ទ្ធី​វាសនា ព្រះរាជអាជ្ញារ​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ផង​ដែរ ។ ជា​លទ្ធ​ផល​នៃ​ការ​ចុះ​ឆែកឆេរ កម្លាំង​អាជ្ញាធរ​ចម្រុះ​បាន​រក​ឃើញអាល់​កុល​ក្លែងក្លាយ (​មេតា​ណុល ) ចំនួន​៣៤​​ប៊ី​ដុ​ង ស្មើ​នឹង ១០០០​លី​ត្រ​ ។

លោក​គង់ វុ​ទ្ធី អនុប្រធាន​ផែស្ងួត​ចុង​ទីក្រុង​ភ្នំពេញ នៃ​អគ្គនាយកដ្ឋាន​កាំកុងត្រូល បាន​ប្រាប់​កោះសន្តិភាព អោយ​ដឹង​ថា សារធាតុ​មេតា​ណុល​ដែល​កម្លាំង​ចម្រុះ​រក​ឃើញ​នៅ​ពេល​នេះ គឺ​វា​មាន​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ ដល់​រាង​កា​យរបស់​មនុស្ស​ដែល​បាន​ប៉ះ​ជាមួយ​វា ព្រោះ​វា​មាន​សារធាតុ​មេ​កាត់​ខ្ពស់ ដែល​ធ្វើ​អោយ​ស្បែក​របស់​យើង​របក​យូរ​ៗ​អាច​ឈាន​ដល់​រលួយ ។ លើស​ពី​នេះ វា​ក៏​ជា​ចំណែក​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​អាយុជីវិត​របស់​មនុស្ស​ផង​ដែរ ប្រសិនបើ​សារធាតុ​មួយ​នេះ​បាន​ជ្រាប​ចូល​ទៅ​ក្នុង​ខ្លួន​របស់​យើង​ដោយ​ប្រការ​ណាមួយ​ដែល​យើង​មិន​បាន​ប្រុង​ប្រយ័ត្ន ។

លោក​បន្ថែម​ថា សារធាតុ​មេតា​ណុល គឺ​ច្បាប់​ពុំ​អនុញ្ញាតអោយ​មានការ​ចរាចរ​លក់ ឬ​យក​ទៅ​លាយ​ផ្សំ​ដើម្បី​បំ​លែង​ចេញ​ជា​ផលិតផល​ប្រើប្រាស់​អ្វី​នោះ​ឡើយ ខណៈ​ដែល​បច្ចុប្បន្ន​នេះ កម្លាំង​ជំនាញ​រក​ឃើញ​ថា ឈ្មួយ​ទុច្ចរិត​មួយ​ចំនួន​បាន​យក​សារធាតុ​នេះទៅ​លាយ​ផ្សំ​បង្កើត​ជា​ថ្នាំលាបសក់ ថ្នាំ​បាញ់​សក់ អាល់​កុល​លាងដៃ និង​គ្រឿងសម្អាង​មួយ​ចំនួន​ផង​ដែរ ដែល​ជា​កត្តា​ធ្វើ​អោយ​ប៉ះពាល់​ធ្ងន់ធ្ងរ​បំផុត​ដល់​សុខុម​ាល​ភាព​របស់​បងប្អូន​ប្រជាពលរដ្ឋ​ជា​អ្នក​ប្រើប្រាស់ ដោយ​មិនដឹង​ខ្លួន ។ បន្ថែម​ពី​នេះ សារធាតុ​មេតា​ណុល​នេះ អាច​យក​ទៅ​ប្រើប្រាស់​បាន​សម្រាប់​តែ​យក​ទៅ​ផ្សារ​ដែក ឬ​ធ្វើ​តុទូ​កៅអី​តែ​ប៉ុណ្ណោះ ដែល​វា​មាន​សារធាតុ​កាត់​ខ្ពស់ ក្នុង​ការ​ដុសខាត់​សម្ភា​រះ​ទាំងអស់​អោយ​ស្អាត​បាន ។

លោក​អនុប្រធាន​ផែស្ងួត​បន្ត​ថា អាល់​កុល​ក្លែងក្លាយ ( មេតា​នុ​ល ) ដែល​កម្លាំង​ចម្រុះ​បង្ក្រាប​នៅ​ពេល​នេះ គឺ នាំ​ចូល​មក​ពី​ប្រទេស​វៀតណាម តាម​ច្រក​ជ្រៃ​ធំ នៃ​ខេត្តកណ្តាល​ចូល​មក​ក្រុងភ្នំពេញ ប៉ុន្តែ​ក្នុង​នោះ កម្លាំង​ជំនាញ ពុំ​អាច​ស្រាវជ្រាវ​ដឹង​ពី​អត្តសញ្ញាណ នៃ​អ្នក​ដែល​នាំ​ចូល​បាន​នោះ​ឡើយ ខណៈ​ការ​ចុះ​ដល់ទី​តាំង​ឃ្លាំង​ខាងលើ គឺ​ឃាត់​បាន​តែ​ក្រុម​កម្មករ​យាមឃ្លាំង​តែ​ប៉ុណ្ណោះ ដែល​ពុំ​មែន​ជា​អ្នក​ពាក់ព័ន្ធ ឬ​ដឹង​រឿងរ៉ាវ នៃ​ការ​នាំ​ចូលនេះឡើយ​ ៕ (កែសម្រួលដោយ ៖ ធីតា​)

សូម​បញ្ជាក់​ថា នៅ​ក្នុង​ការ​ចុះ​ឆែកឆេរ​ទីតាំង​ខាងលើ​នេះ​ដែរ កម្លាំង​អាជ្ញាធរ​ចម្រុះ បាន​ធ្វើ​កំណត់ហេតុ ដកហូត​អាកុល​ខុសច្បាប់​ខាងលើ​ទាំងអស់ ប៉ុន្តែ​មិន​បាន​ដឹក​ចេញពី​ទីតាំង​ឃ្លាំង​ខាងលើ​នោះ​ឡើយ គឺ​រក្សា​ទុក​នៅ​ក្នុង​នោះ​ដដែល ដោយ​ក្នុង​នោះ អាជ្ញាធរ​តម្រូវ​អោយ​ក្រុម​កម្មករ​ចំនួន​៧​នាក់ ដែល​ស្នាក់​នៅ​ក្នុង​នោះ ត្រូវ​នាំ​គ្នា​ចាកចេញ ហើយ​អាជ្ញាធរ​ធ្វើ​កំណត់ហេតុ បិទ​ទីតាំង​ខាងលើ​នេះ​ជា​បណ្តោះអាសន្ន​សិន រង​ចាំ​ចាត់ការ​តាម​នីតិវិធី​ច្បាប់​នៅ​ពេល​ក្រោយ បន្ត​ទៀត ។ ទន្ទឹម​នឹង​នោះ​ដែរ សម្ភា​រះ​ជា​ច្រើន ពិសេស​រថយន្ត​ដឹក​ទំនិញ​២​គ្រឿង ដែល​នៅ​ក្នុង​ឃ្លាំង​ក៏​ត្រូវធ្វើ​កំណត់ហេតុ រក្សា​ទុកជា​បណ្តោះអាសន្ន​ផង​ដែរ ពុំ​អនុញ្ញតអោយ​មានការ​យក​ចេញ​នោះ​ឡើយ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ