មន្ត្រី​អាវុធហត្ថ​ មុន​ចូល​ដល់​ការិយាល័យ​ត្រូវ​តែ​ឆ្លងកាត់​ទូ​បាញ់ថ្នាំ​សម្លាប់​មេរោគ


រាជធានី​ភ្នំពេញ ៖ មន្ត្រី​កងរាជអាវុធហត្ថ​នៅ​ទីបញ្ជាការដ្ឋាន មុន​ចូល​ដល់​ការិយាល័យ​ត្រូវ​តែ​ឆ្លងកាត់​ទូ​បាញ់ថ្នាំ​សម្លាប់​មេរោគ លើ​រាង​កាយ​គ្រប់​ៗ​គ្នា ដែល​ជា​សកម្មភាព​ចូលរួម​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​មេរោគ​កាច​សាហាវ​នេះ ។ ចំណែក​នៅ​តាម​អង្គភាព​រដ្ឋ​ដទៃ​ទៀត ​ដូច​ជា​មិន​ទាន់​មាន​សម្ភារ​ឧបករណ៍​បែប​នេះ ​ប្រើ​នៅឡើយ​ទេ ។

សូមបញ្ជាក់ថា ការ​រីក​រាលដាល​ជំងឺឆ្លង​កូ​វី​ដ​-១៩ ក្នុង​ប្រទេស​កម្ពុជា​ បាន​ស្ថិត​ក្នុង​ស្ថានភាព​មួយ​រួម​គ្នា​ទប់​ស្កាត់​យ៉ាង​សកម្ម​នា​ពេល​នេះ ដោយ​មិន​ធ្វេសប្រហែស​ឡើយ ។ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ពិតជា​បាន​ធ្វើ​សកម្មភាព​ជា​ច្រើន​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ការ​រាលដាល​នៃ​ជំងឺ​ដ៏​សាហាវ​នេះ ​តាំងពី​ដើម​ទី​មក ។

ដោយសារ​តែ​ការ​យកចិត្តទុកដាក់​នេះ​ហើយ ទើប​ការ​ឆ្លង​ជំងឺ​នេះ​មាន​កម្រិត​មួយ​អាច​គ្រប់គ្រង​បាន ។ ចំនួន​ជាង​១០០​នាក់​ដែល​ឆ្លង​ជំងឺ​នេះ ច្រើន​តែ​ជនបរទេស និង​អ្នក​ទើប​មក​ពី​បរទេស​ប៉ុណ្ណោះ និង​មិន​មាន​នរណា​ម្នាក់​ស្លាប់​ដោយសារ​មេរោគ​នេះ​នៅឡើយ​ទេ ។

ក្នុង​ឆន្ទៈ​ប្រយុទ្ធ​ប្រឆាំង​មេរោគ​ដ៏​រំជើបរំជួល​នេះ​លោក​ឧត្តមសេនីយ៍ឯក រ័​ត្ន ស្រ៊ា​ង មេបញ្ជាការ​រងកងរាជ អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និងជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ដាក់​ចេញ​នូវ​ផែនការ ការពារ​ប្រឆាំង​កូ​វី​ដ​-១៩​ជា​បន្តបន្ទាប់ ជា​ពិសេស​ក្នុង​បរិវេណ​នៃ​ទីបញ្ជាការ និង​តាម​បណ្តា​ទីស្នាក់ការ​កងរាជអាវុធហត្ថ​គ្រប់​ខណ្ឌ ។

បាន​កត់សម្គាល់​ឃើញ​ទៀត​ថា កម្លាំង​ក្រោម​ឱវាទ​ទូ​ទាំង​រាជធានី​ភ្នំពេញ អនុវត្ត​បាន​យ៉ាង​ខ្ជាប់ខ្ជួន ដោយ​ផ្តើម​ចេញពី​ការ​ថែរក្សា​អនាម័យ​ផ្ទាល់ខ្លួន អនាម័យ​ជុំវិញ​អង្គភាព អនាម័យ​តាម​គ្រួសារអាវុធហត្ថ​នីមួយ​ៗ និង​មាន​វិធានការ​ប្រុង​ប្រយ័ត្នផ្សេង​ៗ ជា​លំដាប់​ស្រប​តាម​សេចក្តីណែនាំ​របស់​ក្រសួងសុខាភិបាល ថែម​ទាំង​បាន​ចូលរួម​ផ្សព្វផ្សាយ​សេចក្តីណែនាំ​របស់​ក្រសួងសុខាភិបាល ជូនដល់​ប្រជាជន មហាជន​នៅ​តាម​បណ្តា​មូលដ្ឋាន ភូមិ សង្កាត់ ក្នុង​ខណ្ឌ​ទាំង​១៤ នៃ​រាជធានី​ភ្នំពេញ​ផង​ដែរ ។

ជាង​នេះ​ទៀត​នៅ​រសៀល​ថ្ងៃ​ទី​២ មេ​សា ឆ្នាំ​២០២០ លោក​ឧត្តមសេនីយ៍ឯក រ័​ត្ន ស្រ៊ា​ង បាន​បន្ថែម​នូវ​វិធានការ​ការពារ​ដោយ​បំពាក់​ឧបករណ៍​(​ទូ​បាញ់ថ្នាំ​)​សម្លាប់​មេរោគ នៅ​តាម​ច្រកចូល​ទីបញ្ជាការ​កង​រាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ និងបើក​ចែក​នូវ​ធុង​បាញ់ថ្នាំ​សម្លាប់​មេរោគ​កូ​វី​ដ​-១៩ ដល់​បណ្តា​មូលដ្ឋាន​កង​រាជអាវុធហត្ថ​ខណ្ឌ​ទាំង១៤ ក្នុង​រាជធានី​ដោយ​បើក​ភ្ជាប់​ជាមួយ​ទឹក​ថ្នាំសម្លាប់​មេរោគ សាប៊ូ​លាងដៃ ក្រដាស់​ជូត​ដៃស្រោមដៃ ម៉ាស និង​ត្រីខ គ្រប់​ៗ​ខណ្ឌ ។

ជាមួយនោះ​ផង​ដែរ លោក​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បញ្ចេញ​ម៉ូតូ​កង់​៣​រាប់​សិប​គ្រឿង ដែល​បំពាក់​ដោយ​ឧ​ឃោស​ន​ស័ព្ទ​នៅ​តាម​បណ្តា​ខណ្ឌ​ទាំង​១៤ សហការ​ជាមួយ​អាជ្ញាធរ ដើម្បី​ចូល រួម​ផ្សព្វផ្សាយ​សារាចរ​ណែនាំ​របស់​ក្រសួងសុខាភិបាល ស្តី​ពី​ជំងឺឆ្លង ដែល​កំពុង​រីក​រាលដាល​ពាសពេញ​សកលលោក នូវ​វីរុស​កូ​វី​ដ​-១៩​នេះ ។

ដើម្បី​ការពារ និង​ប្រឆាំង​ជាមួយ​មេរោគ​ឆ្លង​កូ​វី​ដ​១៩​ដ៏​សាហាវ​នោះ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​បាន​បង្កើន​ការ​ការពារ​កាន់តែ​ខ្ពស់ គឺ​បាន​ប្រើប្រាស​ឧបករណ៍​បាញ់ថ្នាំ​សម្លាប់​មេរោគ តាម​ច្រក​ចេញចូល​ធ្វើការ ដែល​នេះ​មិនមែន​ជា​រឿង​ធម្មតា​ទេ ។

ព័ត៌មាន​ជាតិ

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ