ប្រធាន​សហព័ន្ធ​បាល់ទាត់​ថៃ កំពុង​គិត​ឱ្យ​មាន​ប្រកួត​លី​គ​តែ​១​ជើង​ប្រ​សិន Covid-19 បន្ត​រាតត្បាត


ប្រធាន​សហព័ន្ធ​បាល់ទាត់​ថៃ (FAT) កំពុង​សញ្ជឹងគិត​ពី​ផែនការ​កាត់​បន្ថយ​ការ​ប្រកួត​លី​គ​បាល់ទាត់​នា​រដូវ​កាល​នេះ ចំ​ពេល​ដែល​មានការ​ផ្ទុះ​ឡើង​ឥត​ឈប់​ឈរ​នៃ​ជំងឺ​រលាក​ផ្លូវដង្ហើម​ដោយសារ​វីរុស Covid-19 ។
រដូវ​កាល​លី​គ​បាល់ទាត់​ក្នុងស្រុក ដែល​ជា​ធម្មតា​មាន​២​ជើង បច្ចុប្បន្ន​កំពុង​ជាប់​គាំង ហើយ​មិន​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ចាប់ផ្តើម​ឡើង​វិញ​នៅ​មុន​ថ្ងៃ​ទី២ ខែ​ឧសភា ។

ទោះបី​​យ៉ាងណា​ ប្រសិនបើ​ការ​រាតត្បាត​នៃ​វីរុស Covid-19 នៅ​តែ​បន្ត​រីក​រាលដាល នោះ FAT កំពុង​ព្យាយាម​រៀបចំ​ផែនការ​បង្រួម​ការ​ប្រកួត ក្នុង​ករណី​មានការ​ពន្យា​ពេល​បន្ត​ទៀត​។

លោក Somyot Poompunmuang ប្រធាន FAT បាន​មាន​ប្រសាសន៍​ថា «​ដំបូង​ខ្ញុំ​សូម​ថ្លែងអំណរគុណ​ដល់​ក្លិប​ទាំងអស់​ដែល​បាន​ធ្វើការ​ជាមួយ​គ្នា ដើម្បី​ឈាន​ដល់​ដំណោះស្រាយ​រួម​គ្នា​មួយ ។ FAT និង Thai League បាន​និង​កំពុង​តាមដាន​ស្ថានការណ៍ និង​តាមដាន​យ៉ាង​ដិត​ដល់​ពី​ការ​ប្រកាស​របស់​រដ្ឋាភិបាល​»​។

«​យើង​បាន​បង្កើត​ផែនការ​ជា​ច្រើន​ដូច​ជា ការ​លេង​នៅ​ពីក្រោយ​ការ​បិទទ្វារ ។ ហើយ​ប្រ​សិន​ការ​ប្រកួត​ត្រូវ​ពន្យារពេល​បន្ថែម​ទៀត យើង​កំពុង​ពិចារណា​ឱ្យ​មានការ​ប្រកួត​តែ​១​ជើង​នៅ​រដូវ​កាល​នេះ ។ ប៉ុន្តែ​យើង​ក៏​នៅ​តែ​មាន​ជម្រើស​ផ្សេង​ទៀត ដែល​ត្រូវ​យក​មក​ពិភាក្សា​» ។

ក្នុង​នោះ​លោក​បាន​បន្ថែម​ថា ការ​កាត់​បន្ថយ​ការ​ប្រកួត​រដូវ​កាល​ត្រឹមតែ​១​ជើង ក៏​នឹង​ជះ​ឥទ្ធិពល​ដល់​កិច្ចព្រមព្រៀង​ដៃគូ​ផ្សាយ​របស់​ទូរទស្សន៍ TrueVisions ហើយ​ការ​ចរចា​រវាង​ភាគី​ពាក់ព័ន្ធ ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​កើតឡើង​ឆាប់​ៗ​នេះ ៕ (ដកស្រង់​ចេញពី Bangkok Post)

កីឡាអន្តរជាតិ

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ