រាជធានីភ្នំពេញ ៖ ក្នុងពិធីសំណេះសំណាល និងបំពាក់គ្រឿងឥស្សរយសថ្នាក់មហាសេរីវឌ្ឍន៍ នៅវិមានសន្តិភាពកាលពីយប់មិញនេះ សម្តេចតេជោនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានបានឧបត្តម្ភនូវប្រាក់មួយម៉ឺនដុល្លារ បន្ថែមលើប្រាក់របស់រដ្ឋាភិបាល២ម៉ឺនដុល្លារ និងមានសម្ភារ Laptop apple ១គ្រឿង IPad ១គ្រឿង ម៉ូតូ១គ្រឿង ថវិកាសម្រាប់ថ្លៃសិក្សាប្រចាំឆ្នាំ១.៥០០ដុល្លារ ព្រមទាំងផ្តល់ថវិកា៥លានរៀលដល់ម្តាយរបស់កីឡាការិនី ស៊ន សៀវម៉ី សរុបជិត៤ម៉ឺនដុល្លារដល់វីរនារីម្ចាស់មេដាយមាស ស៊ន សៀវម៉ី ដែលបានធ្វើឱ្យប្រទេសកម្ពុជាទាំងមូលល្បីឈ្មោះនៅលើពិភពលោក។
នៅក្នុងពិធីជួបសំណេះសំណាលជាមួយនឹងប្រតិភូកីឡានៅវិមានសន្តិភាពកាលពីយប់ថ្ងៃទី៥ តុលា សម្ដេចហ៊ុន សែន បានលើកសរសើរដល់កីឡាការិនី តេក្វាន់ដូជាខ្លាំង ហើយមិនត្រឹមតែប៉ុណ្ណោះសម្តេចបានចាត់ទុកថាជាវីរនារីរបស់ជាតិ ដែលដណ្តើមបានមេដាយមាសពីព្រឹត្តិការណ៍កីឡា Asian Games ទី១ បើគិតចាប់តាំងពីការចូលរួមរបស់កម្ពុជា កាលពីឆ្នាំ១៩៥៤មក ហើយជ័យជម្នះនេះ គឺជាកិត្តិយសនិងជាមោទនភាពជាតិដ៏ធំធេងរបស់កម្ពុជា»។
បន្ថែមពីលើនោះ សម្តេចតេជោនាយករដ្ធមន្ត្រី មានការកោតសរសើរដល់ម្តាយរបស់កីឡាការិនី ស៊ន សៀវម៉ីដែលបានអប់រំកូនឱ្យដើរតាមគន្លងធម៌និងជាពិសេសការចូលប្រឡូកក្នុងវិស័យកីឡានេះ ធ្វើឱ្យប្រទេសកម្ពុជាមានមុខមាត់លើឆាកអន្តរជាតិ ដែលមានកីឡាការិនីដែលមានឆន្ទះដូចនេះ។
សម្តេចបានផ្តល់ក្តីសង្ឃឹមថា តាមរយៈការដណ្តើមបានជ័យជម្នះនេះយើងសង្ឈឹមនិងជឿជាក់ថា នឹងមានអ្នកដែលមាន សមត្ថភាពដណ្តើមមេដាយជូនជាតិថែមទៀតជាក់ជាមិនខាន ជាពិសេសក្នុងការប្រកួតកីឡាអូឡាំពិកនៅឆ្នាំ២០១៦ បើសិនជាកីឡាការិនីរូបនេះ ឬអត្តពលិកផ្សេងរកបានមេដាយមាសនោះ យើងនឹងធ្វើឱ្យមានអធិកអធមជាងនេះទៀត៕
ចែករំលែកព័តមាននេះ