ប្រទេសរុស្សុី៖ ទូរទស្សន៍រដ្ឋរុស្សុីROSSIYA 24រាយការណ៍ នាថ្ងៃទី៣១ មីនា ថា គ្រូពេទ្យម្នាក់ដែលប្រធានាធិបតីរុស្សុី លោកវ្ល៉ា ឌីមៀរពូទីន បានជួបកាលពីសប្ដាហ៍មុន ក្នុងឱកាសនៃទស្សនកិច្ចរបស់លោក ក្នុងមន្ទីរពេទ្យមួយនៃក្រុងមូស្គូ ត្រូវបានធ្វើតេស្តឃើញលទ្ធផលវិជ្ជមាននៃការឆ្លងវីរុសCOVID-19។
លោកពូទីន កាលពីសប្ដាហ៍មុន បានទៅកាន់មន្ទីរពេទ្យKOMMUNARKA ដែលនៅទីនោះ លោកបានជួបពិភាក្សាជាមួយគ្រូពេទ្យ ជាប្រមុខនៃមន្ទីរពេទ្យនោះ លោកដឺនីសប្រូតសេនកូ។ ទាំង២នាក់ពុំមានពាក់ម៉ាស់ការពារឡើយពេលជួបគ្នានោះ។
វិមានក្រឹមឡាំងអះអាងថា អ្វីៗប្រព្រឹត្តទៅដោយល្អ ហើយរំឭកថា លោកពូទីនតែងធ្វើតេស្តជាប់ជាប្រចាំ។ វីរុសដែលឆ្លងរាលដាលក្នុងទូទាំងពិភពលោកនោះ ក៏ឆ្លងរាលដាលក្នុងប្រទេសរុស្សុី ដែលមកទល់ពេលនេះមានអ្នកឆ្លងកើនដល់២.៣៣៧នាក់ ហើយជាមួយអ្នកស្លាប់១៨នាក់។
ប្រឈមមុខនឹងការឆ្លងរាលដាលនៃវីរុសនេះ រុស្សុីបានបិទក្រុងមូស្គូហើយគ្រោងបិទប្រទេសទាំងមូលផង៕
ចែករំលែកព័តមាននេះ