រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានស្នើសុំដល់ប្រជាពលរដ្ឋ ប្រសិនបើជួបប្រទះ ឬឃើញជនណាកំពុងលក់ទូបាញ់ កម្ចាត់វីរុស និងមេរោគ និងធុងអាគុយសម្លាប់មេរោគ សូមបងប្អូនប្រញាប់ផ្លល់ព័ត៌មានឲ្យអាជ្ញាធរមានសមត្ថកិច្ច ដើម្បីមានវិធានការតាមផ្លូវច្បាប់ ។
ក្រសួងសុខាភិបាល បានប្រកាសកាលពីថ្ងៃទី៣១ មីនា ម្សិលមិញនេះ បន្ទាប់ពីមានបណ្ដាញសង្គមហ្វេសប៊ុកមួយចំនួន បានធ្វើការផ្សព្វផ្សាយ នៅទូបាញ់ថ្នាំកម្ចាត់មេរោគកូរ៉ូណា ហើយថា ការផ្សព្វផ្សាយរបស់បណ្ដាញសង្គមហ្វេសប៊ុក ជាការភូតកុហកបោកប្រាស់ និងបំផ្លើសហួសពីការពិតគ្មានមូលដ្ឋានវេជ្ជសាស្ត្រត្រឹមត្រូវ ។
យ៉ាងណាការផ្សព្វផ្សាយបំភ្លើស លក់ទូបាញ់កម្ចាត់មេរោគ ធុងអាគុយសម្រាប់មេរោគមិនមានច្បាប់ត្រឹមត្រូវនោះក្រសួងសុខាភិបាល បានស្នើសុំឲ្យម្ចាស់គណនីហ្វេសប៊ុកទាំងនោះ បញ្ឈប់ការផ្សព្វផ្សាយព័ត៌មាន ហើយស្នើឱ្យអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការតឹងរ៉ឹងតាមផ្លូវច្បាប់ ចំពោះម្ចាស់គណនីហ្វេសប៊ុក ដើម្បីកុំឲ្យជនឱកាសនិយមទាំងនោះបន្តបោកប្រាស់ប្រជាពលរដ្ឋបន្តទៀត ។
ដោយមានបញ្ជាផ្ទាល់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាធ្វើការស្រាវជ្រាវទៅលើផេក Yana Shanko ដែលបានធ្វើការបង្ហោះផ្សព្វផ្សាយទាក់ទងទៅនឹងការផលិត និងដាក់ឱ្យប្រើប្រាស់ឧបករណ៍ បាញ់សម្លាប់ មេរោគកូវីត-១៩ ដោយស្វ័យប្រវត្តិខាងលើនេះ ។
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានអោយដឹងថា កម្លាំងជំនាញបានទាក់ទងទៅអ្នកផលិតឧបករណ៍នោះ ដើម្បីធ្វើការសាកសួរយកព័ត៌មានលម្អិត ហើយអ្នកផលិតឧបករណ៍នោះ ក៏បានបញ្ជាក់ថា តាមការពិតឧបករណ៍នោះ ប្រើសម្រាប់បាញ់អាល់កុលដោយស្វ័យប្រវត្តិ រាល់ពេលមានមនុស្សឆ្លងកាត់ប៉ុណ្ណោះ ប៉ុន្តែមិនមានន័យថា វាអាចសម្លាប់មេរោគកូវីត-១៩ បានទេ ។
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បញ្ជាក់ដែរថា ហេតុដូច្នេះហើយសូមបងប្អូនប្រជាពរដ្ឋទាំងអស់ កុំមានការយល់ច្រឡំ ព្រោះនេះមិនមែនជាការពិតទេ ដែលថា ឧបករណ៍នេះអាចសម្លាប់មេរោគកូវីត-១៩ បាន១០០% ដោយស្វ័យប្រវត្តិដូចដែលបានផ្សព្វផ្សាយបំផ្លើសក្នុងផេកមួយចំនួននោះ ។
គួរបញ្ជាក់ ផងដែរថា បច្ចុប្បន្ននេះ ពុំទាន់មានឧបករណ៍មួយណា ដែលអាចព្យាបាលឬសម្លាប់មេរោគកូវីត-១៩ បាន ដែលទទួលស្គាល់ពីអង្គការសុខភាពពិភពលោក ឬក្រសួងសុខាភិបាល នៅឡើយទេ ចំពោះការផ្សព្វផ្សាយខាងលើជាការផ្សព្វផ្សាយបំភ្លើស និងជាព័ត៌មានមិនពិតពេលនេះនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាកំពុងធ្វើការស៊ើបរកជនបំពុលសង្គមទាំងនោះ មកចាត់វិធានការតាមផ្លូវច្បាប់ ៕




ចែករំលែកព័តមាននេះ