មៀន​ប៉ៃលិន​គ្មាន​ហាងឆេង​នៅ​ថៃ ​តែ​ឈ្មួញ​កាក់កប​ជាមួយ​ទីផ្សារ​ក្នុងស្រុក​ព្រោះ​ចំ​រដូវ​សែនផ្នូរ


​ខេត្ត​ប៉ៃលិន ៖ ឈ្មួញកណ្តាល​សម្រាប់​ផ្លែ​តា​ង៉ែ​ន ឬ​ហៅ​ថា​មៀន​ប៉ៃលិន​បាន​ឲ្យ​ដឹង​ថា
តម្លៃ​ដំណាំ​ហូប​ផ្លែ​មួយ​នេះ​គឺ​ធ្លាក់​ថ្លៃ​ខ្លាំង ជា​ពិសេស​គឺ​គ្មាន​ទីផ្សារ​តែ​ម្តង​សម្រាប់​ការ​នាំ​ចេញ
ថៃ ។ យ៉ាងណាមិញ​ផ្លែ​តា​ង៉ែ​ន​ទោះ​គ្មាន​ទីផ្សារ​នៅ​ថៃ តែ​ឈ្មួញ​បាន​អះអាង​ថា​ការ​ប្រ​មួល​ផល
ផ្លែ​តា​ង៉ែ​ន គឺ​ចំ​ពេល​រដូវ​សែន​ផ្នូរ​ធ្វើ​ឲ្យ​ពួក​គាត់​នៅ​មាន​ទឹកមាត់​លេប​ខ្លះ​ៗ​តាម​រយៈ​ការ​ប្រ​មួល
ផល​យក​ទៅ​លក់​ឲ្យ​បងប្អូន​ខ្មែរ​ជាប់​ខ្សែស្រឡាយ​ចិន ។

ជាក់ស្តែង​នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ខែមីនា ឆ្នាំ​២០២០ គេ​សង្កេត​ឃើញ​មាន​ឈ្មួញ​ម្នាក់​បាន​ដឹក
នាំ​កម្មករ​ប្រមាណ​ជាង​៥០​នាក់​សម្រុក​បេះ​ផ្លែ​តា​ង៉ែ​ន ឬ​ហៅ​ថា «​មៀន​ប៉ៃលិន​» ជាង​៣០០​ដើម ដោយ​អ្នកខ្លះ​បេះ​ផ្លែ​បណ្តើរ​ច្រក​កេស​បណ្តើរ និង​អ្នកខ្លះ​ទៀត​កាត់​មែក​តម្រឹម​ស្លឹក​ជា​បណ្តើរ​ៗ ។ ខណៈ​កំពុង​មមាញឹក​នឹង​ការ​ប្រមូល​ផល​ផ្លែ​តា​ង៉ែ​ន ឈ្មួញ​ជួញដូរ​កសិផល​ហូប​ផ្លែ​មួយ​រូប បាន​ប្រាប់​ឲ្យ​ដឹង​ថា ផ្លែ​តា​ង៉ែ​ន​ពេល​នេះ​មានការ​ធ្លាក់​ថ្លៃ​បើ​ធៀប​នឹង​ឆ្នាំ​មុន​គឺ​ធ្លាក់​ថ្លៃ ខ្លាំងណាស់ ហើយ​បើ​ដឹក​យក​ទៅ​លក់​នៅ​ប្រទេស​ថៃ​ទៀត គឺ​អត់​ចំណេញ​អ្វី​នោះ​ទេ គឺ​ខាតចុង
ខាតដើម​តែ​ម្តង ព្រោះ​គ្មាន​ទីផ្សារ​។

​ប្រភព​ព័ត៌មាន​ពី​ស្ត្រី​ម្នាក់ ឈ្មោះ ស្រី​ម៉ៅ អាយុ​៣៥​ឆ្នាំ ជា​ឈ្មួញ​ផ្លែ​តា​ង៉ែ​ន រស់នៅ
ក្នុង​ក្រុងប៉ៃលិន បាន​រៀបរាប់​ឱ្យ​ដឹង​ថា «​ប្រមូល​ឆ្នាំ​នេះ​និយាយ​ទៅ​តា​ង៉ែ​ន​អត់​មាន​ទីផ្សារ
សោះ​បើសិន​យក​ទៅ​លក់​នៅ​ថៃ តែ​វា​ហាក់ដូចជា​សំណាង​ដែរ​សម្រាប់​ខ្ញុំ ព្រោះ​ប្រមូល​ផល
ពេល​នេះ​គឺ​ចំ​រដូវ​បងប្អូន​ខ្សែ​ចិន​សែន​ផ្នូរ អ​ញ្ចឹ​ង​តម្លៃ​គឺ​គ្រាន់បើ​» ។ អ្នក​នាង​បាន​បន្ត​ថា «​ពួក
ខ្ញុំ​បេះ​យក​ទៅ​លក់​ឱ្យ​ប្រជាពលរដ្ឋ​ជាប់​ខ្សែស្រឡាយ​ចិន នៅ​តាម​បណ្តា​ខេត្ត​នានា ដែល​មាន
តម្រូវការ​ទិញ​យក​ទៅ​សែន​ផ្នូរ ទើប​លក់​បាន​ថ្លៃ​ខ្ពស់​ជាង​លក់​ឱ្យ​ខាង​ឈ្មួញ​ថៃ​បន្តិច »​។

​អ្នក​នាង​បាន​បន្ត​ថា អ្នក​នាង​បាន​ម៉ៅ​ចម្ការ​គេ​មួយ​កន្លែង ស្ថិត​នៅ​ក្នុងភូមិ​តា​ង៉ែ​ន​ក្រោម សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ដោយ​ម្ចាស់​ចម្ការ​លក់​ឱ្យ​គាត់ ក្នុង​១​គីឡូក្រាម តម្លៃ​៣០០០ រៀល ។ បើ​គាត់​បេះ​យក​ទៅ​លក់​បន្ត​នៅ​ប្រទេស​ថៃ គេ​ឱ្យ​ត្រឹមតែ​១​គីឡូក្រាម តម្លៃ​១៣០០ រៀល​ទៅ ១៥០០​រៀល​ប៉ុណ្ណោះ ខាត​អស់ ពាក់កណ្តាល ។ គាត់​បាន​បន្ត​ទៀត​ថា​ការ​ទិញ​ផ្លែ​តា​ង៉ែ​ន​ពេលនេះ ពិតជា​មានការ​ធ្លាក់​ចុះ​ខ្លាំង តែ​គាត់​ក៏​មានសំណាង​ដែរ ដោយសារ​ជួល​កម្មករ​បេះ​តា​ង៉ែ​ន ប៉ះ​ចំ​រដូវ ដែល​ប្រជាពលរដ្ឋ​ខ្មែរ​ជាប់​ខ្សែស្រឡាយ​ចិន​មួយ​ចំនួន នៅ​តាម​បណ្តា​ខេត្ត​នានា គេ​មាន​តម្រូវការ​ទិញ​យក​ទៅ​សែន​ផ្នូរ ទើប​គាត់​បេះ​លក់​បាន​ខ្ពស់​បន្តិច គឺ​១​គីឡូក្រាម​អាចលក់​បាន​ចាប់ពី​៤០០០​រៀល ទៅ​៥០០០​រៀល​ដែរ ។ ហើយ​គាត់​ក៏​ជួល​កម្មករ​ជា​ច្រើន​នាក់ ឱ្យ​ចូល​បេះ​ផ្លែ​តា​ង៉ែ​ន​នេះ ដោយ​១​កញ្ឆេ ទម្ងន់​២៥​គីឡូក្រាម ឱ្យ​ថ្លៃ​ឈ្នួល​៥០០០​រៀល បើ​កាលពីមុន​១​កញ្ឆេ​ឱ្យ​ថ្លៃ​ឈ្នួល​៨០០០​រៀល ។

ប្រភព​ពី​នារី​ឈ្មួញ​ផ្លែ​ឈើ​ខាងលើ​បាន​បន្ត​ថា ប៉ុន្តែ​ដោយសារ​តែ​តម្លៃ​ទីផ្សារ​តា​ង៉ែ​ន​មាន
ការ​ធ្លាក់​ចុះ​ខ្លាំង​ការ​ជួល​កម្មករ​ក៏​កាត់​បន្ថយ​ទៅ​តាម​នោះ​ដែរ​។ គាត់​បញ្ជាក់​ថា​ការ​បេះ​ផ្លែ​តា
ង៉ែ​ន​នេះ មាន​រយ​:​ពេល​ជាង​១០​ថ្ងៃ​មក​ហើយ ដោយ​ចម្ការ​ខ្លះ​បេះ​បាន​៥​តោន តែ​ការ​បេះ​នៅ
ចម្ការ​នេះ បាន​ប្រហែល​ជាង​១០​តោន ហើយ​ដឹក​យក​ទៅ​លក់ដូរ​នៅ​តាម​បណ្តា​ខេត្ត​នានា ក្នុង​ប្រទេស​កម្ពុជា ជា​បណ្តើរ​ៗ​ដែរ ខណ​:​បេះ​ចម្ការ​មួយ​អស់ ចូល​ទៅ​បេះ​នៅ​ចម្ការ​មួយទៀត
ជា​ហូរហែ​ដែរ​។ ចំណែក​ម្មករ​ដែល​បេះ​ផ្លែ​តា​ង៉ែ​ន បាន​រៀបរាប់​ឱ្យ​ដឹង​ដែរ​ថា ពួក​គាត់​ម្នាក់​ៗ ខ្លះ​មាន​កូ​ច​ចៅ​តូច​ៗ មក​ពី​ស្រុក​កំ​រៀង ខេត្តបាត់ដំបង ខ្លះមក​ពី​ក្រុងប៉ៃលិន និង​មក​ពី​ខេត្ត
ផ្សេង​ៗ ទៀត​ដែរ ដោយ​ស៊ីឈ្នួល​បេះ​ផ្លែ​តា​ង៉ែ​ន​ហៅ​មៀន​ប៉ៃលិន ក្នុង​១​ថ្ងៃ បាន​កម្រៃ​ជួនកាល
៣០០០០​រៀល ទៅ​៥០០០០​រៀល ។ ពួក​គាត់​បន្ត​ទៀត​ថា យប់​នៅ​ត្រង់​កន្លែង​ណា នាំ​គ្នា​បោះ
តង់​ស្នាក់​នៅ​កន្លែង​នោះ ហើយ​ដាំបាយ​ធ្វើ​ម្ហូប​ហូប​ជាមួយ​គ្នា ។

ចំណែក​កម្មករ​ណា​រស់នៅជិត​ៗ​ក្នុង​ក្រុង ក៏​ត្រឡប់​ទៅ​ស្នាក់​នៅផ្ទះ​របស់​ខ្លួន​វិញ លុះ​ព្រឹក​ឡើង​នាំ​គ្នា​បន្ត​ដើរ​បេះ​ផ្លែ​តា​ង៉ែ​ន ឱ្យ​ថៅកែ​នៅ​តាម​ចម្ការ​នីមួយ​ៗ រហូត​ដល់​អស់ ទើប​ឈប់​ទៅ​រក​ការងារ​ផ្សេង​ទៀត ៕

កសិកម្ម

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ