ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឯកឧត្តម ហ៊ុន ម៉ា​នី អំពាវនាវ​ជនរួមជាតិ​រួម​គ្នា​ការពារ​បូរណភាព​ទឹកដី និង​គាំទ្រ​ចំណាត់ការ​រដ្ឋាភិបាល ក្នុង​ការ​ដោះស្រាយ​បញ្ហា​ព្រំដែន​កម្ពុជា​-​ថៃ

21 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ឯកឧត្តម ហ៊ុន ម៉ា​នី បាន​អំពាវនាវ​ដល់​ជនរួមជាតិ​ត្រូវ​តែ​រួបរួមសាមគ្គី​គ្នា​ដើម្បី​ការពារ​កិត្តិយស​ជាតិ ការពារ​ជាតិ ការពារ​បូរណភាព​ទឹកដី​ហើយ​គាំទ្រ​រាល់​ចំណាត់ការ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​ស្វែងរក​ដំណោះស្រាយ​ដោយ​សន្តិវិធី និង​តាម​រយៈ​តុលាការ​យុត្តិធម៌​អន្តរជាតិ​ឡា​អេ ដើម្បី​ធានា​និរន្តរភាព​បាន​យូរអង្វែង…

រាជធានី​ភ្នំពេញ ៖ ឯកឧត្តម ហ៊ុន ម៉ា​នី បាន​អំពាវនាវ​ដល់​ជនរួមជាតិ​ត្រូវ​តែ​រួបរួមសាមគ្គី​គ្នា​ដើម្បី​ការពារ​កិត្តិយស​ជាតិ ការពារ​ជាតិ ការពារ​បូរណភាព​ទឹកដី​ហើយ​គាំទ្រ​រាល់​ចំណាត់ការ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​ស្វែងរក​ដំណោះស្រាយ​ដោយ​សន្តិវិធី និង​តាម​រយៈ​តុលាការ​យុត្តិធម៌​អន្តរជាតិ​ឡា​អេ ដើម្បី​ធានា​និរន្តរភាព​បាន​យូរអង្វែង ក្នុង​ការ​ដោះស្រាយ​បញ្ហា​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ ។

យោង​តាម​សំ​ណេ​រ​ក្នុង​បណ្ដាញ​សង្គម​ផ្លូវការ​របស់​ឯកឧត្តម ហ៊ុន ម៉ា​នី បានឱ្យ​ដឹង​ថា ប្រជាពលរដ្ឋ​ខ្មែរ​ពិតជា​បានឃើញ​ទ​ង្វើ និង​សកម្មភាព​នានា ដែល​ទាហាន​ឈុត​ខ្មៅ​របស់​ថៃ បាន​ប៉ុនប៉ង​បង្កហេតុ​ដោយ​យក​រូប​បដិមា​ព្រះ​មក​តម្កល់​នៅ​តំបន់​បន្ទាត់​ព្រំដែន ដែល​កំពុង​តែ​មាន​ជម្លោះ ។

ឯកឧត្តម ហ៊ុន ម៉ា​នី បាន​លើក​ឡើង​ថា សកម្មភាព​នេះ និង​ទ​ង្វើ​ដ៏​គឃ្លើន​ផ្សេង​ៗ​ទៀត​នា​ពេល​ថ្មី​ៗ​នេះ បាន​រំលឹក​បន្ថែម​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​រូប ដែល​ជា​ផ្នែក​មួយ​នៃ​ខឿន​ការពារ​ជាតិ​ប្រជាជន​ថា គ្រប់​កាលៈទេសៈ​ទាំងអស់ ហានិភ័យ​តែង​មាន​ជា​ប្រចាំ​។ ប្រទេស​ជិតខាង​នេះ តែង​ប្រឹង​បង្ហាញ​ពី​ភាព​ត្រឹមត្រូវ​របស់​ខ្លួន ប៉ុន្តែ​សកម្មភាព​ជាក់ស្តែង ប្រាសចាក​ទាំងស្រុង​ពី​ការ​អះអាង​របស់​ពួក​គេ​។ កាយវិការ និង​ទ​ង្វើ​ទាំងនេះ មិន​បាន​បង្ហាញ​ពី​ចេតនា​ណាមួយ​ក្នុង​ការ​បន្ធូរបន្ថយ​ស្ថានការណ៍​នោះ​ទេ ផ្ទុយ​ទៅ​វិញ​បែរជា​ទ​ង្វើ​បង្កើន​នូវ​កម្តៅ ដែល​ពួក​គេ​ចង់​ឆ្លៀតឱកាស ។

ជាមួយ​គ្នា​នេះ ឯកឧត្តម ហ៊ុន ម៉ា​នី បាន​ចាត់​ទុក ទ​ង្វើ និង​សកម្មភាព​របស់​គេ ជា​ការ​រំលឹក​នូវ​ជំហរ​របស់​កម្ពុជា​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ទាំងអស់​ដោយ​សន្តិវិធី ដូចដែល​សម្តេច​តេ​ជោ និង​សម្តេច​ធិ​បតី តែងតែបាន​លើក​ឡើងជា​ប្រចាំ និង​ជា​បន្តបន្ទាប់​។ ក្នុង​នោះ ការ​បោះបង្គោល​ព្រំដែន​ជាមួយ​ភាគី​ថៃ​ត្រូវ​ប្រើប្រាស់​គ្រប់​មធ្យោបាយ​ទាំងអស់​ឈរ​លើ​មូលដ្ឋាន​នៃ​អនុស្សរណៈ​ឆ្នាំ​២០០០ និង​ដោយឡែក លើកលែងតែ​តំបន់​ប្រាសាទតាមាន់ធំ តា​មាន់​តូច ប្រាសាទ​តា​ក្របី និង​តំបន់​មុំ​បី ដែល​ត្រូវការ​ចូលរួម​ដោះស្រាយ​ដោយ​សន្តិវិធី​តាម​រយៈ​ភាគី​ទី​៣ ពោល​គឺ​តុលាការ​យុត្តិធម៌​អន្តរជាតិ​ឡា​អេ (ICJ)​។

ទន្ទឹម​នឹង​នេះ ឯកឧត្តម ហ៊ុន ម៉ា​នី បាន​គូសបញ្ជាក់​ថា ក្នុង​នាម​ជា​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​ៗ​រូប និង​ក្នុង​នាម​ជា​ខឿន​ការពារ​ជាតិ​ប្រជាជន ពេល​នេះ ម៉ោង​នេះ យើង​ត្រូវ​ចង​ចាំ​ថា​ហានិភ័យ ការ​គំរាមកំហែង ការ​ប្រមាថ ការ​ប៉ុនប៉ង​ធ្វើ​សកម្មភាព​ឈ្លានពាន​ការ​រំលោភ​បំពាន​មក​លើ​បូរណភាព​ទឹកដី​របស់​កម្ពុជា​ពី​សំណាក់​ប្រទេស​ជិតខាង តែងតែ​កើត​មាន​ជា​ប្រចាំ​។

ពិសេស ស្ថានភាព​ថ្មី​ៗ​ចុង​ក្រោយ​នា​ព្រឹក​ថ្ងៃ​ទី​៩ ខែកក្កដា ឆ្នាំ​២០២៥​នេះ បាន​បញ្ជាក់​ទៀត​ថា យើង​ត្រូវ​តែ​រួបរួមសាមគ្គី​គ្នា​ដើម្បី​ការពារ​កិត្តិយស​ជាតិ ការពារ​ជាតិ ការពារ​បូរណភាព​ទឹកដី​របស់​យើង ហើយ​គាំទ្រ​រាល់​ចំណាត់ការ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​ស្វែងរក​ដំណោះស្រាយ​ដោយ​សន្តិវិធី និង​តាម​រយៈ​តុលាការ​យុត្តិធម៌​អន្តរជាតិ​ឡា​អេ ដើម្បី​ធានា​និរន្តរភាព​បាន​យូរអង្វែង ក្នុង​ការ​ដោះស្រាយ​បញ្ហា​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ