ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រួម​គ្នា​ថែរក្សា​មរតក​ដូនតា​! អាជ្ញាធរ​ជាតិ​អប្សរា ជួសជុល​ប្រាសាទ​ឥដ្ឋ​នៅ​ជ្រុង​អាគ្នេយ៍​របស់​ប្រាសាទភ្នំក្រោម

1 ថ្ងៃ មុន

ខេត្តសៀមរាប ៖ ក្រុម​អ្នកជំនាញ នៃ​អាជ្ញាធរ​ជាតិ​អប្សរា ជួសជុល​សង្គ្រោះ​ប្រាសាទ​ឥដ្ឋ​នៅ​ជ្រុង​អាគ្នេយ៍​របស់​ប្រាសាទភ្នំក្រោម ដែល​តួ​ប្រាសាទ​ទាំងមូល​រង​ការ​ខូចខាត​ធ្ងន់ធ្ងរ​។ ការងារ​ជួសជុល​នេះ​បាន​ចាប់ផ្តើម​ពី​ខែឧសភា ហើយ​គ្រោង​នឹង​បញ្ចប់​នៅ​ខែ​វិ​ច្ឆ​កា ឆ្នាំ​២០២៥ ខាង​មុខ…

ខេត្តសៀមរាប ៖ ក្រុម​អ្នកជំនាញ នៃ​អាជ្ញាធរ​ជាតិ​អប្សរា ជួសជុល​សង្គ្រោះ​ប្រាសាទ​ឥដ្ឋ​នៅ​ជ្រុង​អាគ្នេយ៍​របស់​ប្រាសាទភ្នំក្រោម ដែល​តួ​ប្រាសាទ​ទាំងមូល​រង​ការ​ខូចខាត​ធ្ងន់ធ្ងរ​។ ការងារ​ជួសជុល​នេះ​បាន​ចាប់ផ្តើម​ពី​ខែឧសភា ហើយ​គ្រោង​នឹង​បញ្ចប់​នៅ​ខែ​វិ​ច្ឆ​កា ឆ្នាំ​២០២៥ ខាង​មុខ ​។

លោក រស់ វិសុទ្ធ មន្ត្រី​អភិរក្ស​ នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ និង​បុរាណវិទ្យា នៃ​អាជ្ញាធរ​ជាតិ​អប្សរា បានឱ្យ​ដឹង​ថា ប្រាសាទ​ឥដ្ឋ ដែល​ស្ថិត​នៅ​ជ្រុង​អាគ្នេយ៍​របស់​ប្រាសាទភ្នំក្រោម មាន​ស្ថានភាព​ខូចខាត​ធ្ងន់ធ្ងរ ដូច​ជា​ផ្នែក​ខឿន​ជើង​ជញ្ជាំង សសរ​ផ្អោប​សងខាង ជញ្ជាំង និង​ដំបូល​ជាដើម​។ ការងារ​ជួសជុល បាន​ចាប់ផ្តើម​ពី​ជើង​ជញ្ជាំង​ខាងក្រោម ដោយ​ដាប់​យក​ស្រទាប់​ឥដ្ឋ​ដែល​ពុក​ផុយ​ចេញ ហើយ​ជំនួស​ដោយ​ឥដ្ឋ​ថ្មី និង​ប្រើប្រាស់​ឥដ្ឋ​ចាស់​ដែល​រលុះ​ធ្លាក់​ខ្លះ ដែល​នៅ​មានគុណ​ភាព​ដើម្បី​ពង្រឹង​ផ្នែក​ ដែល​ខូចខាត​ឱ្យ​រឹង​មាំ​ឡើង​វិញ​។ បិទ​កំបោរ​បាយអរ​នៅ​តាម​មុខតំណ​ នៃ​ឥដ្ឋ​ ដែល​បាត់បង់​សារធាតុ​បាយអ​ ដើម្បី​ការពារ​ជម្រាប​ទឹក ការពារ​សត្វល្អិត ស្មៅ និង​រុក្ខជាតិ​ផ្សេង​ៗ ដែល​បង្ក​ជា​កំណក​ដី​នាំ​ឱ្យ​ឥដ្ឋ​ពុក​បន្ត​ទៀត​។ ចំណែក​ជញ្ជាំង​ផ្នែក​ខាងត្បូង ​ដែល​មាន​ហានិភ័យ​ខ្ពស់ បណ្តាល​មក​ពី​ពុក​ផុយ​ជើង​ក្រោម និង​រលុះ​ឥដ្ឋ ធ្វើ​ឱ្យ​ជញ្ជាំង​មាន​សភាព​ស្តើង និង​ខ្សោយ​ខ្លាំង ត្រូវ​ជួសជុល​ចាប់ពី​ជើង​ជញ្ជាំង​រហូត​ទៅ​ដល់​ក្បាំង​ជញ្ជាំង​ផ្នែក​ខាងលើ ដែល​មាន​ស្នាម​ព្រិល​ជា​រាង​បង្អួច ​និង​មាន​រន្ធ​ខ្យល់​នៅ​លើ​ជញ្ជាំង រក្សា​តាម​លំនាំ​ដើម តាម​អនុសាសន៍​ក្រុម​អ្នកជំនាញ​ការ​អាយ​ស៊ី​ស៊ី​-​អង្គរ និង​សំបូរ​ព្រៃ​គុក ​។

លោក រស់ វិសុទ្ធ បញ្ជាក់​ទៀត​ថា ​ប្រាសាទ​ឥដ្ឋ​ នៅ​ជ្រុង​អាគ្នេយ៍​របស់​ប្រាសាទភ្នំក្រោម មាន​គ្រោះថ្នាក់​ខ្លាំង​ នៅ​ផ្នែក​ជើង​ជញ្ជាំង​ខាងក្រោម បណ្តាល​មក​ពី​ទឹកភ្លៀង​ជ្រាប​ចូល​ទៅ​ក្នុង​ស្រទាប់​ឥដ្ឋ បន្តិច​ម្តង​ៗ ធ្វើ​ឱ្យ​ជញ្ជាំង​ឥដ្ឋ​ចុះ​ខ្សោយ រួម​ជាមួយ​ការ​បៀម​សំណើម​នៅ​ផ្នែក​ខាងលើ ដោយ​កត្តា​ស្មៅ និង​រុក្ខជាតិ​ដុះ​ចាក់​ឫស​ផង​បាន​ធ្វើ​ឱ្យ​ឥដ្ឋ​កាន់តែ​ពុក​ផុយ និង​រលុះ​ធ្លាក់​ ។

សូម​ជម្រាប​ថា កាលពី​ឆ្នាំ​២០២៤ កន្លង​មក អាជ្ញាធរ​ជាតិ​អប្សរា ធ្លាប់​បាន​ជួសជុល​ប្រាសាទ​ឥដ្ឋ​នៅ​ជ្រុង​ឦសាន​ នៃ​ប្រាសាទភ្នំក្រោម រួចរាល់​ដោយ​ជោគជ័យ​ និង​បាន​រឹង​មាំ​ឡើង​វិញ ឱ្យ​រួច​ផុត​ពី​ហានិភ័យ​នានា​មក​ហើយ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ