ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្នំ​សំពៅ និង ភ្នំ​បាណ​ន់ កំពុង​សិក្សា​ដាក់​ជា​តំបន់​បេ​តិ​ភណ្ឌ​ធម្មជាតិ

18 ម៉ោង មុន

រាជធានី​ភ្នំពេញ ​៖ ​មន្ត្រី​ជំនាញ ​នៃ​ក្រសួងបរិស្ថាន សហការ​ជាមួយ​អាជ្ញាធរ​ខេត្តបាត់ដំបង មន្ទីរ​បរិស្ថាន​ខេត្ត អង្គការ​សត្វព្រៃ​ និង​រុក្ខជាតិ​អន្តរជាតិ​នៅ​កម្ពុជា ​(FFI) និងដៃគូ​អភិវឌ្ឍន៍…

រាជធានី​ភ្នំពេញ ​៖ ​មន្ត្រី​ជំនាញ ​នៃ​ក្រសួងបរិស្ថាន សហការ​ជាមួយ​អាជ្ញាធរ​ខេត្តបាត់ដំបង មន្ទីរ​បរិស្ថាន​ខេត្ត អង្គការ​សត្វព្រៃ​ និង​រុក្ខជាតិ​អន្តរជាតិ​នៅ​កម្ពុជា ​(FFI) និងដៃគូ​អភិវឌ្ឍន៍ កំពុង​រួម​គ្នា​សិក្សា​លើ​ទិន្នន័យ ​និង​ពិនិត្យ​ពិភាក្សា ទៅ​លើ​សក្តានុពល​ នៃ​តំបន់​ភ្នំ​ថ្មកំបោរ ចំនួន​២​គឺ​ភ្នំ​សំពៅ និងតំបន់​ភ្នំ​បាណ​ន់ នៅ​ក្នុងភូមិ​សាស្ត្រ​ខេត្តបាត់ដំបង ដើម្បី​រៀបចំ ចុះបញ្ជី​ជា​តំបន់​បេ​តិ​ភណ្ឌ​ធម្មជាតិ ​។

លោក ខ្វៃ អាទិ​ត្យា​ មន្ត្រី​អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន បាន​ថ្លែង​នៅ​ថ្ងៃ​ទី​៩ ខែកក្កដា ឆ្នាំ២០២៥​ថា​ តាម​រយៈ​ការ​រ​ពិនិត្យ ស្រាវជ្រាវ​ពី​សំណាក់​មន្ត្រី​ជំនាញ និង​ភាគី​ពាក់ព័ន្ធ បាន​កំពុង​ប្រែក្លាយ​តំបន់​នេះ​ ជា​តំបន់ ​ដែល​មាន​សក្តានុពល​យ៉ាង​សំខាន់ ប្រវត្តិសាស្ត្រ និង​មានសម្បត្តិ​ធនធានធម្មជាតិ ​ដែល​អាច​រៀបចំ​ជា​គោលដៅ​លំហែ​បៃតង​ ផង​ដែរ ​។

ចំណែក​លោក ហេង ហុង ប្រធាន​នាយកដ្ឋាន​តំបន់​បេតិកភណ្ឌ​ធម្មជាតិ អគ្គនាយកដ្ឋាន​សហគមន៍​មូលដ្ឋាន នៃ​ក្រសួងបរិស្ថាន ជា​ប្រធាន​ក្រុមការងារ​ក្រសួងបរិស្ថាន កាលពី​ថ្ងៃ​ទី​៧-៨ ខែកក្កដា ឆ្នាំ​២០២៥ បាន​សហការ​ជាមួយអ្នក​ស្រាវជ្រាវ​មក​ពីអង្គការ​សត្វព្រៃ ​និង​រុក្ខជាតិ​អន្តរជាតិ​នៅ​កម្ពុជា​ (FFI) និង​មានការ​ចូលរួម​ពី​មន្ទីរ​បរិស្ថាន​ខេត្តបាត់ដំបង បាន​ផ្សព្វផ្សាយ​លទ្ធផល​ស្តី​ពី «​ការ​សិក្សា​ស្រាវជ្រាវ​ជីវៈចម្រុះ​នៅ ភ្នំ​បាណ​ន់ និង​ភ្នំ​សំពៅ​» ដោយ​អង្គការ​(FFI) និង​នាយកដ្ឋាន​ជីវៈចម្រុះ កាលពី​ឆ្នាំ​២០២៤ និង​បាន​ចុះ​ពិនិត្យ​ទីតាំង​សក្តានុពល ​នៅ​ភ្នំ​បាណ​ន់ ​និង​ភ្នំ​សំពៅ និង​ជួប​សំណេះសំណាល​ជាមួយ​សហគមន៍​មូលដ្ឋាន​ ។

សូម​បញ្ជាក់​ថា តាម​លទ្ធផល​ នៃ​កា​សិក្សា​ស្រាវជ្រាវ​ដោយ​ដាក់​ម៉ាស៊ីន​ថត​ស្វ័យប្រវត្តិ ​(Camera trap) បាន​រក​ឃើញ​ប្រភេទ​សត្វ​ ស្ថិត​នៅ​ក្នុង​ចំណាត់ថ្នាក់​កំពុង​រងគ្រោះថ្នាក់​ជា​សាកល រួម​មាន សត្វ​ពង្រូល​, ក្ងោក​, កែះ​, ស្វា​ត្រោស​, ស្វា​ក្តាម និង​ប្រភេទ​សត្វ មាន​ដោយ​បង្គួរ​ជា​ច្រើន​ទៀត ដូច​ជា សត្វ​ឆ្កែចចក​, ឆ្មា​ដាវ​, ប្រ​ម៉ា​, ក្តាន់​ញ៉ែង​តូច និង​ជា​ពិសេស​បាន​រក​ឃើញ​ប្រភេទ​សត្វ​តុកកែ​, ​សត្វ​ជីងចក់ និង​ខ្យង​គោក ​ដែល​ជា​ប្រភេទ​ថ្មី ​សម្រាប់​កម្ពុជា ​និង​ពិភពលោក​ ។

សូម​បញ្ជាក់​ថា​ភ្នំ​បាណ​ន់ និង​ភ្នំ​សំពៅ គឺជា​ទីតាំង​ក្រុង​បុរាណ​ខ្មែរ​នា​សម័យ​អង្គរ​, មាន​សិលាចារឹក K.1434, មាន​ប្រាសាទបុរាណ​, មាន​ល្អាង​ជា​ច្រើន និង​ជាទី​តាំង​ថ្មកំបោរ​ដ៏​កម្រ ​ដែល​ជា​អតីត​នៅ​ក្នុង​សមុទ្រ​មាន​អាយុកាល​ក្នុង​ស័ក​ទី​១ Paleozoic ក្នុង​សម័យកាល Permian មានអាយុកាល​(២៥១-២៩៩ លាន​ឆ្នាំ​មុន​)​។ ក្រៅ​អំពី​សក្តា​សក្តានុពល​តម្លៃ​ជីវៈចម្រុះ និង​ធនធានធម្មជាតិ​, តម្លៃ​វប្បធម៌​ប្រវត្តិសាស្ត្រ​, ភ្នំ​បាណ​ន់ និង​ភ្នំ​សំពៅ គឺជា​ទីតាំង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ទៅ​គោរព​បូជា​ផ្នែក​សាសនា​, ទស្សនា​ព្រៃឈើ និង​ទស្សនា​ផ្ទាំង​ទស្សនី​យ ភាព​សត្វ​ប្រចៀវ ហោះហើរ​ចេញពី​រូង​ជា​រៀងរាល់ថ្ងៃ នៅ​ចន្លោះ​ម៉ោង​៥ ដល់​ម៉ោង​៦​ល្ងាច ដែល​ផ្ទាំងទស្សនីយភាព​នេះ អ្នក​ភូមិ​ហៅ​ហ្វូង​ប្រចៀវ​ទាំងនោះ​ថា​«​កងទ័ព​ប្រចៀវ​» មាន​ប្រមាណ ៥​លាន​ក្បាល​ ។

ជាមួយ​និង​ផលប្រយោជន៍​ផ្នែក​ទេសចរណ៍​ខាងលើ សត្វ​ប្រចៀវ​បាន​ផ្តល់​ប្រាក់​ចំណូល​ដល់​សហគមន៍​មូលដ្ឋាន តាម​រយៈ​ប្រមូល​អាចម៍​ប្រចៀវ ​ពី​ក្នុង​ល្អាង​នៃ​ភ្នំ​ទាំង​២ ដែល​ក្នុង​មួយ​ឆ្នាំ​ៗ ជា​មធ្យម​ទទួល​បាន ៣​ម៉ឺន​ដុល្លារ ពី​ភ្នំ​បាណ​ន់ និង​២​ម៉ឺន​ដុល្លារ​ពី​ភ្នំ​សំពៅ​ ។

កន្លង​មក​ថ្មី​ៗ​នេះ ​អ្នកជំនាញ​បាន​រក​ឃើញ​នៅ​ភ្នំ​បាណ​ន់ និង​ថ្មកំបោរ​ ខេត្តបាត់ដំបង​ ជា​ប្រភេទ «​ខ្យង​ឧទ​យា​ទិ​ត្យ​»​ជា​កំណត់​ត្រា​ថ្មី​របស់​ពិភពលោក ​និង​ត្រូវ​បាន​ទទួលស្គាល់​ថា ​ជា​ប្រភេទ​ខ្យង​គោក​ថ្មី​សម្រាប់​វិទ្យាសាស្ត្រ​ ។

អ្នកជំនាញ​បានឱ្យ​ដឹង​ដែរ​ថា​ ការ​រក​ឃើញ​នេះ គឺជា​ខ្យង​រស់ មិនមែន​ជា​សំណាក​ខ្យង​ទេ ហើយ​វា​មាន​ចំនួន​ច្រើន​នៅ​តាម​ភ្នំ​ថ្មកំបោរ​ក្នុង​ខេត្តបាត់ដំបង ពិសេស​នៅ​ភ្នំ​បាណ​ន់​តែ​ម្តង​ ។

លើស​ពី​នេះ​កាលពី​ថ្មី​ៗ​កន្លង​មក ក្រសួងបរិស្ថាន​ ក៏​រក​ឃើញ​ប្រភេទ​តុ​កែ​ និង​ជីងចក់ កំណត់​ត្រា​ថ្មី​សម្រាប់​ពិភពលោក​នៅ​កម្ពុជា​។​ តុកកែ​១​ប្រភេទ និង​ជីងចក់​២​ប្រភេទ ដែល​ក្រុម​អ្នក​វិទ្យាសាស្ត្រ​បរិស្ថាន​មួយ​ក្រុម ដែល​ក្នុង​នោះ​មក​ពី​ក្រសួងបរិស្ថាន អង្គការ​សត្វព្រៃ​ និង​រុក្ខជាតិ​កម្ពុជា និង​សាកលវិទ្យាល័យ La Sierra របស់​សហរដ្ឋអាមេរិក រក​ឃើញ​នៅ​តំបន់​ភ្នំ​ថ្មកំបោរ ខេត្តបាត់ដំបង ត្រូវ​បាន​ទទួលស្គាល់ ជា​ប្រភេទ​កំណត់​ត្រា​ថ្មី​សម្រាប់​ពិភពលោក​ ។

ក្រុម​អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ កាលពី​ខែមីនា ឆ្នាំ​២០២៤ កន្លង​ទៅ សិក្សា​លើ​ប្រភេទ​ជីវៈចម្រុះ​ថ្មី​នៅ​តំបន់ ភ្នំ​កំពីងពួយ ភ្នំ​បាណ​ន់ ភ្នំ​សំពៅ និង​ភ្នំ​ខ្ពស់ ក្នុងភូមិ​សាស្ត្រ​ខេត្តបាត់ដំបង​។ ហើយ​ថ្មី​ៗ​នេះ ​អ្នក​វិទ្យាសាស្ត្រ​បាន​បង្ហាញ​លទ្ធផល​លើ​ការ​រក​ឃើញ លើ​ប្រភេទ​ជីវៈចម្រុះ​ចំនួន​៣ ជា​ប្រភេទ​កំណត់​ត្រា​ថ្មី​សម្រាប់​ពិភពលោក ក្នុង​នោះ​រួម​មាន ​៖
១-​តុកកែ​ភ្នំ​កំពីងពួយ (Cyrtodactylus kampingpoiensis) រក​ឃើញ​នៅ ភ្នំ​កំពីងពួយ ភ្នំ​បាណ​ន់ ភ្នំ​សំពៅ និង​ភ្នំ​ខ្ពស់​។ kampingpoiensis សរសេរ​ជា​ភា​ឡា​តាំង មាន​ន័យ​ថា​ជា​ភ្នំ​កំពីងពួយ​។
២-​ជីងចក់​ស្លឹក​បាត់ដំបង (Dixonius noctivagus) រក​ឃើញ​ក្នុង​ទីតាំង​ដូច​តុកកែ​ភ្នំ​កំពីងពួយ​ដែរ​។ noctivagus ជា​ភាសាឡាតាំង​មាន​ន័យ​ថា​រកស៊ី​នៅ​ពេល​យប់​។
៣-​ជីងចក់​ភ្នំ​ខ្ពស់​(Hemiphyllodactylus khpoh)​រក​ឃើញ​នៅ​តាម​ភ្នំ​ថ្មកំបោរ​ភ្នំ​ខ្ពស់ ស្រុក​បាណ​ន់​។ khpoh​សរសេរ​ជា​ភា​ឡា​តាំង មាន​ន័យ​ថា​ជា​ភ្នំ​ខ្ពស់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ