ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បិទ​មន្ទីរ​សម្រាក​ព្យាបាល​ជំងឺ​មេត្តា​សំណង់​១២ និង​រុះ​ផ្លា​ក​យីហោ​ទម្លាក់​ចុះ បន្ទាប់​ពី​ព្យាបាល​ក្មេង​ប្រុស​អាយុ០៨​ខែ​ម្នាក់​ស្លា.ប់

11 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ មន្ទីរ​សម្រាក​ព្យាបាល​ជំងឺ​មេត្តា​សំណង់​១២ ត្រូវ​បាន​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ចុះ​បិទ និង​រុះរើ​ផ្លា​ក​យីហោ​ទម្លាក់​ចេញ បន្ទាប់​ពី​ព្យាបាល​បណ្ដាល​ឲ្យ​ក្មេង​ប្រុស​អាយុ ៨​ខែ​ម្នាក់ បាន​ស្លា​.​ប់​បាត់បង់​ជីវិត…

រាជធានី​ភ្នំពេញ ៖ មន្ទីរ​សម្រាក​ព្យាបាល​ជំងឺ​មេត្តា​សំណង់​១២ ត្រូវ​បាន​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ចុះ​បិទ និង​រុះរើ​ផ្លា​ក​យីហោ​ទម្លាក់​ចេញ បន្ទាប់​ពី​ព្យាបាល​បណ្ដាល​ឲ្យ​ក្មេង​ប្រុស​អាយុ ៨​ខែ​ម្នាក់ បាន​ស្លា​.​ប់​បាត់បង់​ជីវិត ។

ការ​ចុះ​បិទ​មន្ទីរ​សម្រាក​ព្យាបាល​ជំងឺ​មេត្តា​សំណង់​១២ នេះ បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​០៤​និង​២០​នាទី​រសៀល​ថ្ងៃ​ទី​៨ ខែកក្កដា ឆ្នាំ​២០២៥ ដោយ​ធ្វើ​ឡើង​ទៅ​តាម​សេចក្តីសម្រេច ស្តី​ពី​ការ​បិទ​មន្ទីរ​សម្រាក​ព្យាបាល​ជំងឺ មេត្តា​សំណង់ ១២ លេខ​៦០៤/២៥ រប ចុះ​ថ្ងៃ​ទី​០៨ ខែកក្កដា ឆ្នាំ​២០២៥ របស់​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ ដោយ​មានការ​ចូលរួម​លោក​វេជ្ជបណ្ឌិត កែវ វិបុល អនុប្រធាន​មន្ទីរ​សុខាភិបាល នៃ​រដ្ឋបាល​រាជធានី​ភ្នំពេញ​,​លោក កែវ សុភា អភិបាលរង នៃ​គណៈ​អភិបាល​ខណ្ឌទួលគោក និង​អាជ្ញាធ​សង្កាត់ ។

មន្ទីរ​សម្រាក​ព្យាបាល​ជំងឺ​មេត្តា​សំណង់​១២ ស្ថិត​នៅផ្ទះ​លេខ​២៥ ផ្លូវ​លេខ​២៦៥ សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។ ក្នុង​ឱកាស​នោះ​គណៈកម្មការ ក៏​បាន​ប្រគល់​សេចក្តី​ជូន​លោក​វេជ្ជបណ្ឌិត ហ៊ា​ង រតនា ដែល​ជា​ម្ចាស់​ទុន​មន្ទីរ​សម្រាក​ព្យាបាល​ជំងឺ មេត្តា​សំណង់​១២ ផង​ដែរ ។

តាម​សេចក្តីសម្រេច ស្តី​ពី​ការ​បិទ​មន្ទីរ​សម្រាក​ព្យាបាល​មេត្តា​សំណង់​១២ របស់​មន្ទីរ​សុខាភិបាល នៃ​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​សម្រេច
ប្រការ​១ ៖ បិទ​ទីតាំង​ផ្តល់​សេវា​សុខាភិបាល​ឯកជន ០១​កន្លែង (​មន្ទីរ​សម្រាក​ព្យាបាល មេត្តា​សំណង់​១២) របស់​លោក វេជ្ជបណ្ឌិត ហ៊ា​ង រតនា ដែល​មាន​ទីតាំង​ស្ថិត​នៅផ្ទះ​លេខ​២៥ ផ្លូវ​លេខ​២៦៥ សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌ ទួល​គោក រាជធានី​ភ្នំពេញ ដោយ​មូលហេតុ ពុំ​ទាន់​មាន​លិខិតអនុញ្ញាត​ពី​ក្រសួងសុខាភិបាល ។

ប្រការ​២ ៖ ប្រធាន​ការិយាល័យ​និយ័ត​កម្ម​សុខាភិបាល ប្រធាន​ការិយាល័យ​សុខាភិបាល​ស្រុក​ប្រតិបត្តិ​ចតុមុខ និង​លោក វេជ្ជបណ្ឌិត ហ៊ា​ង រតនា មាន​ភារកិច្ច​អនុវត្ត​សេចក្តីសម្រេច​នេះ​តាម​ភារកិច្ច​រៀង​ៗ​ខ្លួន ឱ្យ​មាន​ប្រសិទ្ធិ​ភាព ចាប់ពី​ថ្ងៃ​ចុះហត្ថលេខា​នេះ​តទៅ ។

បន្ទាប់​ពី​មន្ទីរ​សម្រាក​ព្យាបាល​ជំងឺ​មេត្តា​សំណង់​១២ ត្រូវ​បាន​បិទ​នៅ​វេលា​ក្បាល​ព្រលប់ លោក​វេជ្ជបណ្ឌិត ហ៊ាន រតនា ដែល​ជា​ជា​ម្ចាស់​គ្លីនិក បាន​បង្ហោះ​សារ​នៅ​ក្នុង​បណ្ដាញ​សង្គម​អោយ​ដឹង​ថា “​ពេល​នេះ គ្លីនិក​មេត្តា​សំណង់​១២ ត្រូវ​បាន​បិទ​។ ខ្ញុំ​មាន​មនោ​ស​ញ្ជេ​ត​នា និង​អនុស្សាវរីយ៍ ជាមួយ​ទី​នេះ និង​ជាមួយ​អ្នកជំងឺ​នៅ​ទី​នេះ​ច្រើន​ណាស់ ពេល​នេះ បេះដូង​របស់ខ្ញុំ ដូច​ត្រូវ​បាន​កាំបិត​មួយ​ចាក់​យ៉ាង​ជ្រៅ ណាមួយ គឺ​ទិដ្ឋភាព ដែល​ម្តាយ​អោប​សាកស​.​ពកូន​យំ នៅ​ដិតដាម​ចំពោះ​មុខ​ខ្ញុំ​។ នេះ​គឺជា​លើក​ទី​មួយ​ហើយ ក្នុង​ឆាកជីវិត​ខ្ញុំ ដែល​ខ្ញុំ​ព្យាយាម​ជួយ​សង្គ្រោះ​អ្នកជំងឺ​ដោយ​ខ្លួនឯង​ផ្ទាល់​ហើយ និង​បញ្ជូន​ជំងឺ​បន្ត​ដើម្បី​ជួយ​សង្គ្រោះ​ហើយ តែ​នៅ​តែ​មិន​អាច​ជួយ​សង្គ្រោះ​អ្នកជំងឺ​បាន​។ វា​បាន​ប៉ះទង្គិច​ផ្លូវចិត្ត​ខ្ញុំ​ខ្លាំង​ណាស់ នៅ​ហេតុការណ៍​ទាំងនេះ និង​ជា​ពិសេស នៅ​ពេល​លឺ​ពាក្យ​ថា «​ព្យាបាល​ដើម្បី​លុយ​»​។ ខ្ញុំ​ដឹង​ច្បាស់​អំពី​ខ្លួនឯង ថា​ទឹកចិត្ត​ខ្ញុំ​បែប​ណា ថា​ចង់​ធ្វើ​អ្វី ដើម្បី​អ្វី ទស្សនៈវិស័យ​របស់​ខ្លួនឯង​បែប​ណា ខ្ញុំ​លះបង់​អ្វីខ្លះ​។ ពេល​នេះ​ខ្ញុំ​សួរ​ខ្លួនឯង​ថា​តើ ខ្ញុំ​គួរ​បន្ត​ទៀត​ទេ ?​?​? នោះ​សូម​បងប្អូន​វាយតម្លៃ​ចុះ ថា​ខ្ញុំ​ជា​មនុស្ស​បែប​ណា ជា​គ្រូពេទ្យ​បែប​ណា ? បងប្អូន​អាច​ខំ​មិន​បាន​ទាំងអស់ មិន​ថា បងប្អូន​ជា​គ្រូពេទ្យ អ្នក​ស្អប់​ខ្ញុំ អ្នក​ស្រលាញ់​ខ្ញុំ ជា​អ្នកជំងឺ​ខ្ញុំ ឬ​ក៏​មិនមែន បើ​ខ្ញុំ​មើលឃើញ​ថា មាន​ខំ​មិន​ចាប់ពី ៥% ទៅ ថា​ខ្ញុំ​ជា​គ្រូពេទ្យ​មិនល្អ នោះ​ខ្ញុំ​នឹង​បញ្ចប់​អាជីព​ជា​គ្រូពេទ្យ​របស់​ខ្លួន បោះបង់​សញ្ញាប័ត្រ និង​គណៈ​គ្រូពេទ្យ​របស់ខ្ញុំ​ចោល និង​ឈប់​ធ្វើ​ជា​គ្រូពេទ្យ​ពេញ​មួយ​ជីវិត រហូត​ដល់​ថ្ងៃ​ខ្ញុំ​ស្លា​.​ប់​។ លោក​ក៏​បាន​បញ្ជាក់​ទៀត​ថា​នេះ មិនមែន​ជា​ការ​ឆ្លើយ​តប ឬ​បកស្រាយ​អ្វីមួយ​នោះ​ទេ គឺ​ខ្ញុំ​គ្រាន់តែ​ចង់​រំដោះ​ផ្លូវចិត្ត​របស់ខ្ញុំ ។

គួរ​បញ្ជាក់​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​ថ្ងៃ​ទី​៧ ខែកក្កដា ឆ្នាំ​២០២៥ មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​នៅ​មន្ទីរ​សម្រាក​ព្យាបាល​ជំងឺ​មេត្តា​សំណង់​១២ បន្ទាប់​ពី​ស្ត្រី​ម្នាក់ រួម​ទាំង​ក្រុម​គ្រួសារ បាន​បី​ស​.​ពកូន​ប្រុស មក​ទ្រហោយំ នៅ​មន្ទីរ​សម្រាក​ព្យាបាល​ជំងឺ​មេត្តា​សំណង់​១២ ដោយ​ចោទប្រកាន់​ថា បាន​ព្យាបាល​ក្មេង​អាយុ​៨​ខែ មានការ​ធ្វេសប្រហែស បណ្ដាល​ឲ្យ​ស្លា​.​ប់ ព្រមទាំង កើត​ទុក​មិន​សុខចិត្ត ប្ដឹង​សមត្ថកិច្ច​ឱ្យ​ចុះ​ត្រួតពិនិត្យ និង​ស្រាវជ្រាវ ដើម្បី​រក​យុត្តិធម៌ ។

ក្មេង​ប្រុស ដែល​បាន​ស្លាប់​បាត់បង់​ជីវិត​ឈ្មោះ វង់ ចន្ទ​វឌ្ឍនៈ​វិភូ អាយុ​៨​ខែ មាន​ឪពុក ឈ្មោះ វង់ រ​ដ្ឋា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ទីលំនៅ​៥៥ ផ្លូវ​លេខ​៩ បុរី​ឡាយ​គង់ សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។ បាន​ស្លា​.​ប់​បាត់បង់​ជីវិត នៅ​វេលា​ម៉ោង​០៧​និង​៥០​នាទី​ព្រឹក​ថ្ងៃ​ទី​៧ ខែកក្កដា ឆ្នាំ​២០២៥ នៅ​មន្ទីរពេទ្យ​គន្ធ​បុប្ផា បន្ទាប់​ពី​បញ្ជូន​ចេញពី​មន្ទីរ​សម្រាក​ព្យាបាល​ជំងឺ​មេត្តា​សំណង់ ១២ ។

លោក​វេជ្ជបណ្ឌិត ហ៊ា​ង រតនា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ម្ចាស់​មន្ទីរ​សម្រាក​ព្យាបាល​មេត្តា​សំណង់​១២ បាន​បំភ្លឺ​ប្រាប់​សមត្ថកិច្ច​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​ប្រហែល​១៦ និង​០០​នាទី ថ្ងៃ​ទី​០៥ ខែកក្កដា ឆ្នាំ​២០២៥ ឪពុក​ម្ដាយ​ទារក​រង​គ្រោះ បាន​នាំ​មក​កាន់​មន្ទីរ​សម្រាក​ព្យាបាល​មេត្តា​សំណង់​១២ ដោយ​ពិនិត្យ​ឃើញ មានកំ​ដៅ​៣៧,៥០​អង្សារ ហើយ​បាន​ឲ្យ​ទារក​រង​គ្រោះ​សម្រាក​ព្យាបាល​តាមដាន​អាកា​រៈ​សុខភាព​បន្ត​។ នៅ​វេលា​ម៉ោង​ប្រហែល​០៦ និង​៣០​នាទី ថ្ងៃ​ទី​០៧ ខែកក្កដា ឆ្នាំ​២០២៥ ទារក​រង​គ្រោះ ស្រាប់តែ​មាន​អាកា​រៈ​មិន​ស្រួល​ធ្វើ​ទុក​ខ្លាំង ទើប​ខាង​គ្រូពេទ្យ​យើង​បាន​ធ្វើការ​សង្គ្រោះ​តាម​បច្ចេកទេស​ពេទ្យ តែ​ដោយ​អាកា​រៈ​មិន​ស្រួល​ខ្លាំង​ទើប ដឹក​ទារក​តាម​រថយន្ត​ផ្ទាល់ខ្លួន ទៅ​កាន់​មន្ទីរពេទ្យ​គន្ធ​បុប្ផា​, ពេល​ទៅ​ដល់​គ្រូពេទ្យ​នៅ​មន្ទីរពេទ្យ​គន្ធ​បុប្ផា បាន​ធ្វើការ​សង្គ្រោះ​ប្រហែលជា​កន្លះ​ម៉ោង ទើប​ប្រាប់​ថា ទារក​បាន​ស្លា​..​ប់​បាត់​ទៅ​ហើយ រួច​ខាង​មន្ទីរពេទ្យ​គន្ធ​បុប្ផា បាន​ចេញ​លិខិត​មរណភាព​ឲ្យ ហើយ​ក្រុម​គ្រួសារ ដឹក​សាកសព​ទារក​ត្រឡប់​មក​កាន់​មន្ទីរ​សម្រាក​ព្យាបាល​មេត្តា​សំណង់​១២​វិញ ។

បន្ទាប់​ពី​កូនប្រុស​ជាទី​ស្រឡាញ់ បាន​ដាច់ខ្យល់​ស្លាប់ ក្រុម​គ្រួសារ​មាន​ប្រតិកម្ម​យ៉ាង​ខ្លាំង ហើយ​ទ្រហោយំ ហើយ​បាន​ចោទប្រកាន់​មក​លើ​គ្រូពេទ្យ​នៅ​មន្ទីរ​សម្រាក​ព្យាបាល​ជំងឺ​មេត្តា​សំណង់​១២ ថា​មានការ​ធ្វេសប្រហែស មិន​យកចិត្តទុកដាក់​ទុក​បណ្ដោយ​ឲ្យ​កូន​របស់​គាត់​រហូត​ដល់​ធ្ងន់ធ្ងរ​បាត់បង់​ជីវិត ហើយ​ប្តឹង​សមត្ថកិច្ច ក៏​ដូច​ជា​មន្ត្រី​ពាក់ព័ន្ធ​ឲ្យ​ជួយ​អន្តរាគមន៍ ដើម្បី​ឲ្យ​ជួយ​រក​យុត្តិធម៌​ព្រមទាំង​បីកូន​ជាទី​ស្រឡាញ់​របស់​គាត់ ទៅ​ដល់​មន្ទីរពេទ្យ​តែ​ម្ដង​។ នៅ​ព្រឹក​នោះ មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ ក៏​ដូច​ជា​នគរបាល​មូលដ្ឋាន និង​នគរបាល​ជំនាញ ក៏​ចុះ​ទៅ​ត្រួតពិនិត្យ និង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង នៅ​មន្ទីរ​សម្រាក​ព្យាបាល​ជំងឺ​មេត្តា​សំណង់ ១២ ។

បន្ទាប់​ពី​ធ្វើការ​ត្រួតពិនិត្យ និង​ប្រមូល​ព័ត៌មាន បាន​លិខិត​ពិនិត្យ​ឈាម​របស់​មន្ទីរ​សម្រាក​ព្យាបាល​ជម្ងឺ​មេត្តា​សំណង់​១២ លោក​ឧកញ៉ា​វេជ្ជបណ្ឌិត ន​ង សុវណ្ណ​រ័​ត្ន គ្រូពេទ្យ​កោសល្យវិច័យ​អម​តុលាការ​រាជធានី​ភ្នំពេញ បាន​សន្និដ្ឋាន​ថា ក្មេង​ប្រុស​ស្លាប់​ដោយ​ជំងឺគ្រុនឈាម​។ ទោះបីជា​យ៉ាងណា រំលង​បាន​មួយ​ថ្ងៃ មន្ទីរ​សម្រាក​ព្យាបាល​ជំងឺ​មេតា​ដំណង់​១២ ត្រូវ​បាន​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ ចេញ​សេចក្តី សម្រេច​ចុះ​បិទ​អាជីវកម្ម និង​ឲ្យ​រុះរើ ស្លាក​ចេញ ដោយ​មូលហេតុ ពុំ​ទាន់​មាន​លិខិតអនុញ្ញាត​ពី​ក្រសួងសុខាភិបាល​។ គេ​មានការ​ឆ្ងល់ ថា មន្ទីរ​សុខាភិបាល ហេតុ​អ្វី​បានជា​ទុក​អោយ​គ្លីនិក​មួយ ធ្វើ​អាជីវកម្ម​ដោយ​ពុំ​មានច្បាប់ ជា​យូរ​មក​ហើយ ហើយ​ទាល់តែ​មានរឿង ទើប​ចុះ​បិទ ហើយ​ថា អត់​ច្បាប់ ? ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ