ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​នឹង​អនុវត្ត​វិធានការ​រដ្ឋបាល​លើ​៣​គ្រួសារ​ចុង​ក្រោយ​ នៃ​គម្រោង​ស្ពាន​ចាក់​អង្រែ​ក្រោម-ព្រែក​ប្រា បើ​មិន​ព្រម​ទទួលយក​សំណង

14 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ សហការ​ជាមួយ​គណៈកម្មការ​អន្តរក្រសួង បាន​ប្រើ​រយៈពេល​ជាង​១​ឆ្នាំ​ហើយ ក្នុង​ការ​ដោះស្រាយ​ជា​មូ​យ​បងប្អូន​ប្រជាពលរដ្ឋ​ ដែល​រង​ផល​ប៉ះពាល់ ​នៃ​គម្រោង​សាងសង់​ស្ពាន​ឆ្លងកាត់​ទន្លេបាសាក់(​ចាក់​អង្រែ​ក្រោម​–​ព្រែក​ប្រា​) ហើយ​មក​ដល់​ពេល​នេះ ផល​ប៉ះពាល់​មួយ​ចំនួន​ធំ​…

រាជធានី​ភ្នំពេញ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ សហការ​ជាមួយ​គណៈកម្មការ​អន្តរក្រសួង បាន​ប្រើ​រយៈពេល​ជាង​១​ឆ្នាំ​ហើយ ក្នុង​ការ​ដោះស្រាយ​ជា​មូ​យ​បងប្អូន​ប្រជាពលរដ្ឋ​ ដែល​រង​ផល​ប៉ះពាល់ ​នៃ​គម្រោង​សាងសង់​ស្ពាន​ឆ្លងកាត់​ទន្លេបាសាក់(​ចាក់​អង្រែ​ក្រោម​–​ព្រែក​ប្រា​) ហើយ​មក​ដល់​ពេល​នេះ ផល​ប៉ះពាល់​មួយ​ចំនួន​ធំ​ ត្រូវ​បាន​ដោះស្រាយ​បញ្ចប់ ប៉ុន្តែ​មាន​ប្រជាពលរដ្ឋ​ចំនួន​៣​គ្រួសារ​ប៉ុណ្ណោះ មិន​ទាន់​ទទួលយក​សំណង​ពី​អាជ្ញាធរ នូវឡើយ​ទេ បើ​ទោះបី​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ បាន​សម្រេចប្រគល់​សំណង​ជូន​ពួក​គាត់​ជាង​៣​លាន​ដុល្លារ​ យ៉ាងណា​ក្តី​ ។

ជាក់ស្តែង​នៅ​រសៀល​ថ្ងៃ​ទី​០៨​កក្កដា​នេះ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ធ្វើការ​អញ្ជើញ​ពួក​គាត់​ទាំង​៣​គ្រួសារ​ មក​ប្រជុំ​ពិភាក្សា​រក​ដំណោះស្រាយ​ម្តងទៀត នៅ​សាលា​រាជធានី​ភ្នំពេញ​។​ ជា​លទ្ធផល​ គឺ​ពួក​គាត់​នៅ​តែ​ទាមទា​សំណង​ហួសហេតុ មិន​អាច​ទទួលយក​បាន​ដដែល ​ពោល​គឺ​បាន​ទាមទារ គុណ​នឹង​២,​ គុណ​នឹង​៣ ​នៃ​សំណង​ ដែល​រដ្ឋ​បាន​ប្រគល់​ជូន ​។

លោក ឃួ​ង ស្រេង បាន​លើក​ឡើង​ថា​ ៖ ដី​របស់​បងប្អូន​ ដែល​រង​ផល​ប៉ះពាល់​នេះ យើង​មិនមែន​យក​មក ​ដើម្បី​ជា​ប្រយោជន៍​ខ្លួនឯង​ទេ គឺ​ដើម្បី​ធ្វើ​ស្ពាន ធ្វើ​ផ្លូវ​ឱ្យ​ប្រជាពលរដ្ឋ​ទូទៅ​ បាន​ធ្វើ​ដំណើរ ដោះស្រាយ​ការ​កកស្ទះ​ចរាចរ​ណ៍។ ​ដូច្នេះ​សូម​បងប្អូន​ទាំង​៣​គ្រួសារ​ មេត្តា​យោគយល់​។ អាជ្ញាធរ ​ក្នុង​នាម​ជា​ម៉ែ​ជា​ឪ មិន​ចង់​ប៉ះពាល់​ជាមួយ​ប្រជាពលរដ្ឋ​ទេ សូមកុំ​ទា​រសំណង​ថ្លៃ​ខ្លាំង​ពេក រហូត​រដ្ឋ ​មិន​អាច​ទទួលយក​បាន ​។

លោក ​ឃួ​ង ស្រេង បាន​បន្ថែម​ទៀត​ថា ​៖ តម្លៃ​ដី ​រហូត​ដល់​ជាង​៣​លាន​ដុល្លារ​នេះ សម​ល្មម​ហើយ ប៉ុន្តែ​បងប្អូន​នៅ​តែ​ទទួលយក​មិន​បាន​។ បងប្អូន​អាច​ជួល​ក្រុមហ៊ុន អចលនៈទ្រព្យ​ ចំនួន​២​ក្រុមហ៊ុន មក​សិក្សា​ពី​តម្លៃ ​នៅ​លើ​ទីតាំង​បងប្អូន​បាន ដោយ​រដ្ឋបាល​រាជធានី​ភ្នំពេញ សុខចិត្ត​ចេញ​លុយ​ថ្លៃ​ក្រុមហ៊ុន​ឱ្យ​ថែម​ទៀត​។ ​បើ​នៅ​តែ​មិន​ត្រូវ​គ្នា​ទៀត រដ្ឋបាល​រាជធានី​ភ្នំពេញ គ្មាន​ជម្រើស​អ្វី ​ក្រៅពី​អនុវត្ត​វិធានការ​រដ្ឋបាល ​ដើម្បី​រុះរើ​នោះ​ទេ ព្រោះ​វា​ល្មម​ដល់​ពេល​ហើយ មិន​អាច​បន្ត​ដោះស្រាយ​ទៅ​មុខ​ទៀត​ទេ​។ ក្រោយ​ការ​អនុវត្ត​ច្បាប់រដ្ឋបាល ​ដើម្បី​រុះរើ បងប្អូន​អាច​បន្ត​ប្តឹង​ទៅ​តុលាការ​បាន​ ។

លោក ​ឃួ​ង ស្រេង បាន​បញ្ជាក់​ផង​ដែរ​ថា​ ថវិកា​ជាង​៣​លាន​ដុល្លារ​ ដែល​នឹង​ប្រគល់​ជូន​នេះ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​សម្រេច​រួច​ហើយ មិន​អាច​បន្ថែម​បាន​ទៅ​តាម​ការ​ទាមទា​រស្រេច​តែ​ចិត្ត​នោះ​ទេ​។ ចុង​ក្រោយ​នេះ​ អាជ្ញាធរ​រាជធានី​ភ្នំពេញ ​មាន​ជម្រើស​២​ សម្រាប់​បងប្អូន គឺទី​១ បងប្អូន​ទាំង​៣​គ្រួសារ ​អាច​រុះរើ​ដោយ​ខ្លួនឯង រដ្ឋបាល​រាជធានី​ភ្នំពេញ ​នឹង​ប្រគល់​ថវិកា​ជូន​ថ្លៃ​រុះរើ ​ចំនួន​១០​ម៉ឺន​ដុល្លារ​ និង​ទី​២ រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹ ង​ជួល​គេ​ឱ្យមក​រុះរើ​។ មែនទែន​ទៅ ​អាជ្ញាធរ​រាជធានី​ភ្នំពេញ មិន​មាន​ចេតនា​ណាមួយ ​ចង់​អនុវត្ត​វិធានការ​រដ្ឋបាល ដើម្បី​រុះរើ​នោះ​ទេ តែ​វា​ដល់​ពេល​ហើយ​ ។

គួរ​បញ្ជាក់​ថា ប្រជាពលរដ្ឋ ​ដែល​រង​ផល​ប៉ះពាល់ មិន​ទទួលយក​សំណង​ខាង​នេះ​ រួម​មាន ៖

១/ គ្រួសារ ឈ្មោះ ប៊ូ ឆាយ សំណង​ផល​ប៉ះពាល់​ទឹកប្រាក់ សរុប​ចំនួន ៩៣៩.៣៨០,៥២$ (​ប្រាំបួន​រយ​សាមសិប​ប្រាំបួន​ពាន់​បី រយ​ប៉ែតសិប​ដុល្លារ​អា​មេ​រិ​ក និង​ហាសិប​ពីរ​សេន​)

២/ គ្រួសារ​ឈ្មោះ ហុ​ក សេង​គឹ​ម សំណង​ផល​ប៉ះពាល់​ទឹកប្រាក់ សរុប​ចំនួន ២.២០៩.៥៤៣,១៥$ (​ពីរ​លាន​ពីរ​រយ​ប្រាំបួន​ពាន់​ប្រាំ​រយ​សែសិប​បី​ដុល្លារ​អា​មេ​រិ​ក និង​ដប់​ប្រាំ​សេន​)

និង​៣/ គ្រួសារ​ឈ្មោះ ហុ​ក សេង​ជួរ សំណង​ផល​ប៉ះពាល់​ទឹកប្រាក់ សរុប​ចំនួន ១៧១.៨៣៨,១៩ $ (​មួយ​រយ​ចិត សិប​មួយ​ពាន់​ប្រាំបី​រយ​សាមសិប​ប្រាំបី​ដុល្លារ​អា​មេ​រិ​ក និង​ដប់​ប្រាំបួន​សេន​)​។ សំណង​ទាំងនេះ ​ពួក​គាត់​មិន​ទទួលយក​ទេ ​។

គម្រោង​សាងសង់​ស្ពាន​ឆ្លងកាត់​ទន្លេបាសាក់ (​ចាក់​អង្រែ​ក្រោម​-​ព្រែក​ប្រា​)​នេះ​ ស្ថិត​នៅ​ភូមិ​អូរ​អណ្តូង សង្កាត់​ព្រែក​ប្រា ខណ្ឌ​ច្បារ​អំពៅ​។ ​គម្រោង​នេះ​វា​នឹង​ផ្តល់​នូវ​អត្ថប្រយោជន៍​ដ៏​សំខាន់ ក្នុង​ការ​ផ្សារ​ភ្ជាប់​សេដ្ឋកិច្ច​-​សង្គម រវាង​តំបន់ ខាងកើត និង​ខាងលិច​រាជធានី​ភ្នំពេញ ត​ភ្ជាប់​ទៅ​តំបន់​អភិវឌ្ឍន៍​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ ហើយ​ក៏​នឹងក្លាយជា​ខ្សែ​ផ្លូវ​វាង​ដ៏​សំខាន់ ក្នុង​ការ​បញ្ចៀស​ការ​កកស្ទះ​ចរាចរណ៍ ដែល​កើត​មាន​ជា​រៀងរាល់ថ្ងៃ​នៅ​ចំណុច ស្ពាន​ព្រះ​មុនី​វង្ស ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ