ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក នេ​ត សា​វឿ​ន បញ្ជា​ឲ្យ​ស៊ើប​ករណី«ម៉ាស៊ីន​សម្លា.ប់​មេរោគ Covid-19 ផលិត​ដោយ​កូន​ខ្មែរ»

4 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​៣១ មីនា ២០២០​នេះ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សា​វឿ​ន…

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​៣១ មីនា ២០២០​នេះ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ បាន​ចេញ​បញ្ជា​ទៅ​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា នៃ​ក្រសួងមហាផ្ទៃ ឲ្យ​ស៊ើបអង្កេត លើ​គណនី​ហ្វេ​ស​ប៊ុ​កមួយ​ចំនួន ដែល​បាន​បង្ហាញ​នៅ​ឧបករណ៍​ថ្មី​មួយ ដែល​បាន​បង្កើត​ឡើង ដោយ​អះអាង​ថា ដើម្បី​សម្លាប់​មេរោគ Covid-19 ។

បើ​តាម​គណនី​ហ្វេ​ស​ប៊ុ​កមួយ​បាន​បង្ហោះ​យ៉ាង​ដូច្នេះ​ថា “​ម៉ាស៊ីន​សម្លាប់​មេរោគ covid-19 ស្វ័យប្រវត្តិ ដែល​ខ្ញុំ​ផលិត​ផ្ទាល់​ដៃ ឥឡូវនេះ បាន​ជោគជ័យ 100% ហើយ ហើយ​ក៏​បាន​បំពាក់​នៅ​ស្ថា​ប​ន័​មួយ​ចំនួន​ផង​ដែរ ។ ក៏​សុំ​អរគុណ​ដល់ លោក​ឆាយ ផង​ដែរ ដែល​ខិតខំ​ជួយ​ផលិត​ទាំង​យប់​ទាំង​ថ្ងៃ​ជាមួយ​ខ្ញុំ​” ហើយ​បញ្ជាក់​ថា Made In Cambodia ។

ដោយ​មាន​បញ្ជា​ផ្ទាល់​ពី ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​ធ្វើការ​ស្រាវជ្រាវ​ទៅ​លើ​ផេ​ក Yana Shanko ដែល​បាន​ធ្វើការ​បង្ហោះ​ផ្សព្វផ្សាយ​ទាក់ទង​ទៅ​នឹង​ការ​ផលិត និង​ដាក់​ឱ្យ​ប្រើប្រាស់​ឧបករណ៍ បាញ់​សម្លាប់ មេរោគ​កូ​វីត​-១៩ ដោយ​ស្វ័យប្រវត្តិ​ខាងលើ​នេះ ។

នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បានអោយ​ដឹង​ថា កម្លាំង​ជំនាញ​បាន​ទាក់ទង​ទៅ​អ្នក​ផលិត​ឧបករណ៍​នោះ ដើម្បី​ធ្វើការ​សាកសួរ​យក​ព័ត៌មាន​លម្អិត ហើយ​អ្នក​ផលិត​ឧបករណ៍​នោះ ក៏​បាន​បញ្ជាក់​ថា តាម​ការ​ពិត​ឧបករណ៍​នោះ ប្រើ​សម្រាប់​បាញ់​អាល់កុល​ដោយ​ស្វ័យប្រវត្តិ រាល់ពេល​មាន​មនុស្ស​ឆ្លងកាត់​ប៉ុណ្ណោះ ប៉ុន្តែ​មិន​មាន​ន័យ​ថា វា​អាច​សម្លាប់​មេរោគ​កូ​វីត​-១៩ បាន​ទេ ។

នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បញ្ជាក់​ដែរ​ថា ហេតុ​ដូច្នេះ​ហើយ​សូម​បងប្អូន​ប្រជា​ព​រដ្ឋ​ទាំងអស់ កុំ​មានការ​យល់​ច្រឡំ ព្រោះ​នេះ​មិនមែន​ជា​ការ​ពិត​ទេ ដែល​ថា ឧបករណ៍​នេះ​អាច​សម្លាប់​មេរោគ​កូ​វីត​-១៩ បាន​១០០% ដោយ​ស្វ័យប្រវត្តិ​ដូចដែល​បាន​ផ្សព្វផ្សាយ​បំផ្លើស​ក្នុង​ផេ​កមួយ​ចំនួន​នោះ ។

គួរ​បញ្ជាក់ ផង​ដែរ​ថា បច្ចុប្បន្ន​នេះ ពុំ​ទាន់​មាន​ឧបករណ៍​មួយ​ណា ដែល​អាច​ព្យាបាល​ឬ​សម្លាប់​មេរោគ​កូ​វីត​-១៩ បាន ដែល​ទទួលស្គាល់​ពី​អង្គការ​សុខភាព​ពិភពលោក ឬ​ក្រសួងសុខាភិបាល នៅឡើយ​ទេ ចំពោះ​ការ​ផ្សព្វផ្សាយ​ខាងលើ​ជា​ការ​ផ្សព្វផ្សាយ​បំ​ភ្លើ​ស និង​ជា​ព័ត៌មាន​មិន​ពិត​ពេល​នេះ​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​កំពុងធ្វើការ​ស៊ើបរក​ជន​បំពុលសង្គម​ទាំងនោះ មក​ចាត់វិធានការ​តាម​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ