ប្រទេសរុស្ស៊ី ៖ នាយករដ្ឋមន្ត្រីរុស្ស៊ី លោកមីខាអ៊ីលមីឈូស្ទីន បានស្នើកាលពីថ្ងៃទី៣០ ខែមីនា ដល់អភិបាលនៃបណ្ដារដ្ឋ និងតំបន់របស់សហព័ន្ធរុស្ស៊ី ឲ្យត្រៀមសម្រាប់វិធានការបិទបង្ខាំងប្រទេសទាំងស្រុង ដើម្បីទប់ការឆ្លងរាលដាលនៃវីរុសCOVID-19 ។
ប្រទេសរុស្ស៊ីនាថ្ងៃទី៣០ ខែមីនា មានអ្នកឆ្លងវីរុសថ្មី៣០២នាក់ ដែលនោះជាការកើនលឿនពុំធ្លាប់មានពីមុនមក ដែលនាំឲ្យចំនួនអ្នកឆ្លងសរុបក្នុងប្រទេសនោះឡើងដល់១.៨៣៦នាក់ ក្នុងនោះ៩នាក់បានបាត់បង់ជីវិត។ នេះជាតួលេខផ្លូវការដែល គ្រូពេទ្យមួយចំនួនយល់ថាមានច្រើនជាងនោះ។
ពលរដ្ឋក្រុងមូស្គូបានទទួលបញ្ជាឲ្យស្ថិតនៅក្នុងផ្ទះ ចាប់ពីថ្ងៃទី៣០ មីនា ទៅហើយប្រមុខរដ្ឋាភិបាលយល់ថា ចាំបាច់ត្រូវពង្រីកវិធានការនោះ ក្នុងប្រទេសទាំងមូល។ លោកថា ខ្ញុំស្នើដល់មេដឹកនាំបណ្ដារដ្ឋនិងតំបន់ ឲ្យមើលបទពិសោធន៍របស់ក្រុងមូស្គូ ហើយពិចារណាពីការចាត់វិធានការបែបនោះក្នុងរដ្ឋនិងតំបន់របស់ពួកគេ៕ ដកស្រង់ចេញពីវេបសាយ ៖ yahoo (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ