ខេត្តបាត់ដំបង ៖ ក្នុងរយៈពេល២ថ្ងៃគឺថ្ងៃទី២៩-៣០ មីនា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ទោ អ៊ុច សុខុនស្នងការនៃស្នងការដ្ឋាននគបាលខេត្តបាត់ដំបង និងជាមេបញ្ជាការរងនគរបាលជាតិទិសភូមិភាគទី៥ បានដឹកនាំប្រតិភូស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ចុះសំណេះសំណាលសួរសុខទុក្ខកងកម្លាំងនគរបាលវរសេនាតូចការពារព្រំដែនគោកលេខ៣១០ និងលេខ៨២៣ក្នុងស្រុកសំឡូត, លេខ៨១៧ និង៨១៩ ចំណុះ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដែលកំពុងឈរជើងក្នុងភូមិសាស្ត្រ ស្រុកសំពៅលូន ស្រុកកំរៀង ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។
ក្នុងកិច្ចសំណេះសំណាលនេះ លោកស្នងការបានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប្រសាសន៍ផ្តាំផ្ញើរបស់លោកនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ក៏ដូចជាប្រសាសន៍ផ្តាំផ្ញើរបស់លោកនាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរង និងជាមបញ្ជាការនគរបាលជាតិទិសភូមិភាគទី៤ទី៥ ចំពោះកងកម្លាំងនគរបាលជាតិទាំងអស់ ក្រៅពីការពង្រឹងនូវតួនាទីនិងភារកិច្ចរបស់ខ្លួន ក្នុងកិច្ចរក្សាការពារនូវសន្តិសុខ សណ្តាប់ធ្នាប់សង្គម ការការពារនូវបូរណភាពទឹកដី សូមឲ្យកងកម្លាំងនគរបាលទាំងអស់ថែរក្សាការពារខ្លួនឲ្យបានល្អប្រសើរចៀសវាងនូវករណីឆ្លងជំងឺCOVID-19 ។
លោកឧត្តមសេនីយ៍ បានស្នើឲ្យមន្ត្រីនគរបាល ក្រុមគ្រួសារ និងអ្នកជិតខាង ចេះធ្វើអនាម័យតាមការណែនាំរបស់ក្រសួងសុខាភិបាល ករណីមានសមាជិកគ្រួសារណាមួយចំណូលមកថ្មី ត្រូវដាក់ខ្លួនដាច់ដោយឡែកក្នុងរយៈពេល១៤ថ្ងៃសិន ហើយជូនព័ត៌មានជាបន្ទាន់ទៅដល់មន្ត្រីសុខាភិបាលនៅជិតបំផុត ។ លោកស្នងការបានអំពាវនាវដល់ប្រជាពលរដ្ឋពិសេសបងប្អូនដែលអញ្ជើញវិលត្រឡប់មកពីក្រៅប្រទេស សូមកុំមានការបារម្ភភ័យខ្លាចថា មានទោសកំហុសដោយប្រការណាមួយឲ្យសោះ ហើយមានការគេចវេសពីសមត្ថកិច្ច ឬមន្ត្រីជំនាញ សូមអញ្ជើញបង្ហាញខ្លួនដល់សមត្ថកិច្ច អាជ្ញាធរពាក់ព័ន្ធពិសេសមន្ត្រីសុខាភិបាល ដើម្បីបានពិនិត្យសុខភាព វាស់កំដៅនិងទទួលបាននូវការណែនាំពីវិធានការផ្សេងៗរបស់ក្រសួងសុខាភិបាល ម្យ៉ាងវិញទៀតសូមកុំឲ្យមានការបំផុសអូសទាញប្រជាពលរដ្ឋ ចូលទៅក្នុងទឹកដីថៃ ដោយខុសច្បាប់ក្នុងស្ថានភាពនាពេលនេះ ឲ្យសោះហើយក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋសូមកុំចាញ់បោកការអូសទាញរបស់ជនឱកាសនិយមមួចំនួនដែលឆ្លៀតនាំពលរដ្ឋឆ្លងដែនដោយប្រថុយប្រថាន ។
ក្រោយបញ្ចប់ការសំណះសំណាលនេះ លោកឧត្តមសេនីយ៍បាននាំយកនូវថវិកា សម្ភារ គ្រឿងឧបភោគ បរិភោគប្រគល់ជូនកងកម្លាំងនគរបាលក្នុងមួយវរសេនាតូចទទួលបានរួមមាន៖ ថវិកា១-សម្តេចក្រឡាហោម ស ខេង និងលោកជំទាវឧបត្ថមថវិកាចំនួន២,០០០,០០០រៀល(ពីរលានរៀល), ២-ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិតនេត សាវឿនអគ្គស្នងការនគរបាលជាតិឧបត្ថមថវិកាចំនួន១,០០០,០០០រៀល(មួយលានរៀល), ៣-ឯកឧត្តម ងួន រតនៈអភិបាលនៃគណៈអភិបាលខេត្តបាត់ដំបងឧបត្ថមថវិកាចំនួន១,០០០,០០០រៀល(មួយលានរៀល), ៤-ឯកឧត្តមឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគបាលខេត្តបាត់ដំបងឧបត្ថមថវិកាចំនួន១,០០០,០០០រៀល(មួយលានរៀល) ។
សម្ភារគ្រឿងឧបភោគ បរិភោគៈ -សម្តេចក្រឡាហោម ស ខេងនិងលោកជំទាវឧបត្ថម៖ ១-អង្ករចំនួន០២តោន, ២-មីចំនួន១០០កេសតូច, ៣-សាប៊ូអនាម័យចំនួន២៨៨ដុំ, -ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ឧបត្ថម៖ ១-ត្រីខចំនួន០២កេសធំ, ២-មីចំនួន០៤កេសធំ, ៣-ទឹកក្រូចចំនួន៣០កេស, ៤-ទឹកត្រីចំនួន១០យួរ, ៥-ទឹកស៊ីអីវចំនួន១០យួរ, ៦-ត្រីងៀតចំនួន០៥គីឡូក្រាម, ៧-ខ្ទឹមសចំនួន០៥គីឡូក្រាម, ៨-ប៊ីចេងចំនួន០៥គីឡូក្រាម, ៩-ឱសថនិងបរិក្ខាពេទ្យមួយចំនួនបន្ថែមទៀត ។
ចែករំលែកព័តមាននេះ