​​រមណីយដ្ឋាន​កៀនស្វាយ​បច្ចុប្បន្ន ភ្ញៀវ​​ធ្លាក់​​ចុះ​ប្រមាណ​​​៩០%ឯ​ណោះ


រាជធានី​ភ្នំពេញ​ ៖ ធ្លាប់​តែជាទីកម្សាន្ត​ដ៏ពេញ​និយម ​សម្រាប់​ភ្ញៀវ​អន្តរជាតិ​និង​ភ្ញៀវ​ជាតិ តែ​ពេល​នេះ ដោយ​​​សារ​មេរោគ​កូ​វី​ដ​-១៩ ធ្វើឱ្យ​រមណីយដ្ឋាន​កៀនស្វាយ បាន​​ប្រែ​ទៅ​ជា​ស្ងាត់​ភ្ញៀវ​ឈឹង​តែ​ម្តង​ ។ កោះ​សន្តិភាព​បាន​ទៅ​ដល់​កន្លែង​ផ្ទាល់និង​បាន​សាកសួរ​អ្នកលក់​មួយ​ចំនួន ​។ ជា​ចម្លើយ​នោះ គឺពួក​គេ​បាន​ប្រាប់​ថា ចំនួន​ភ្ញៀវ​បាន​ធ្លាក់​ចុះ​ប្រមាណ​ជា​៩០%​ឯណោះ ចាប់តាំងពី​មាន​មេរោគ​កូ​វី​ដ​-១៩ បាន​រាតត្បាត​ពិភព​លោក និង​រួមទាំងប្រទេស​កម្ពុជា​មក​ ។

អ្នកស្រី​យឹ​ម សា​រុំ អាយុ​៤៥​ឆ្នាំ ដែល​កំពុង​តែ​អង្គុយ​អាំង​សាច់​មាន់ ត្រី​ និង​គ្រឿងក្នុង​មាន់ នៅ​លើ​តូប​របស់​ខ្លួន ​ស្ថិត​ក្នុង​រមណីយដ្ឋានកៀនស្វាយបាន​និ​យា​យ​ឲ្យ​ដឹង​ថា ទោះបីជា​មានការព្រួយបារម្ភ ខ្លាចឆ្លងវីរុស​កូវីដ​​-១៩យ៉ាងណា​ក៏​ដោយ ​អ្នកស្រី​នៅ​តែ​បន្ត​ការ​លក់ដូររាល់ថ្ងៃ ព្រោះត្រូវរក​ប្រាក់សងធនាគារ ។ ​

ចង់ឈប់ដែរ​ បើធនាគារគេមិនយក​លុយខែនោះ ខ្ញុំអាចឈប់បាន តែបើគេនៅ​តែយក ខ្ញុំមានលុយឯណា បង់ឱ្យ​គេ ។ ខ្ញុំចេះ​តែការពារខ្លះទៅ ។ ទោះបី​កូ​វី​ដ​-១៩ កាន់តែរាលដាលក្ដី បើធនាគារ មិនពន្យារពេបង់ ការ​ប្រាក់ទេ ខ្ញុំនៅ​តែអង្គុយ​លក់អុីចឹង ។ បើគេផ្អាកសិន ដល់​ពេលស្ងប់ស្ងាត់ ខ្ញុំនឹងបង់ឱ្យធម្មតាវិញ » ។អ្នកស្រី​សា​រុំ​បាន​បញ្ជាក់​ថា ៖ រមណីយដ្ឋាន​កៀន​ស្វាយ​បាត់បង់​ភ្ញៀវ​បរទេស​ ក៏​ដូច​ជា​ភ្ញៀវ​ខ្មែរ​ចូល​មក​កំសាន្ត​តាំងពី​ចុង​ខែមករា​មក​ម្ល៉េះ ​ក្រោយ​ពី​ប្រទេស​កើត​ជម្ងឺ​កូ​វី​ដ​១៩ ។

ដូច​គ្នាដែរ លោកសា មឿ​ត អាយុ២៩ឆ្នាំ និង​អ្នកស្រី​មាន រី អាយុ​៣២​ឆ្នាំ​មាន ស្រុក​កំណើតនៅស្រុក​​កៀន​ស្វាយ ខេត្តកណ្តាល​​មានមុខ​រប​ឈរ​ហៅភ្ញៀវ ​ចូល​ផ្លូវ​រមណីយដ្ឋាន​កៀនស្វាយ ក៏ត្អូញត្អែរពីបញ្ហាប្រាក់​ចំណូលដែរ «​ថយច្រើនមែនទែន​» ។

កាលមិន​ទាន់​មានជំងឺកូវីដ-១៩នេះចូល​មក មួយ​ថ្ងៃខ្ញុំអាចរកបានចាប់ពី២ម៉ឺនឡើង​ទៅ ដល់​ពេលជំងឺនេះ មក​ដល់មួយ​ថ្ងៃ២ម៉ឺនរកមិនចង់បានផង ។ គ្រួសារគាត់ហាមឃាត់ដែរ តែបើយើងសម្រុកនៅផ្ទះទាំងអស់​គ្នា អត់មានចំណូលចូលមាន​តែពិបាកឡើង ។ ពេល​នេះ ប៉ះពាល់សេដ្ឋកិច្ចគ្រួសារខ្លាំងណាស់ ព្រោះជំងឺនេះ រាតត្បាត​កាន់តែ​ច្រើន​ទៅ​ៗ ។

បច្ចុប្បន្ន​ បាន​បាត់​ភ្ញៀវ​ស្ទើរ​១០០​ភាគរយ​ទៅ​ហើយ​។​ដោយសារ​ជម្ងឺ​នេះ​បាន​រាលដាល​ដល់​ភ្នំពេញ​ធ្វើ​ឲ្យ​ប៉ះ​ដល់​ជីវភាព​រស់នៅ​របស់​អ្នកស្រី​ដែល​សង្ឃឹមលើ​មុខរបរ​លក់​មាន់ ត្រីអាំង​ក្នុង​រមណី​ដ្ឋា​ន​គៀនស្វាយ​យ៉ាងធ្ងន់ធ្ងរ ។

​សូមបញ្ជាក់ថា រដ្ឋាភិបាលបាន​សម្រេចឲ្យផ្អាកដំណើរការកន្លែង ដែលអាច​មានការ​ជួបជុំមនុស្សច្រើន រួម​មាន ខារ៉ាអូខេ រោង​ភាពយន្ត ការ​ប្រគំតន្ត្រី កា​សុ​ី​ណូ ក្លិបកំសាន្ត​ និង​ការ​ជួបជុំ បែបសាសនាផ្សេង​ៗ លុះ​ត្រា​តែជំងឺកូវី​ដ-១៩ បានធូរស្បើយ ។ រដ្ឋាភិបាល​ក៏​បាន​សម្រេច​ផ្អាក​ការ​បង្រៀនគ្រប់​កម្រិត ទាំង ស្ថាប័ន​រដ្ឋ និងឯកជននៅទូ​ទាំង​ប្រទេស ។ ​

ទេសចរណ៍

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ