សកម្មជន​ហ្វេ​ស​ប៊ុ​ក ខ្លាសរ អស់លក្ខណ៍​ពាក់​ព័​ន្ធ​គ្រឿង​ញៀន


រាជធានី​ភ្នំពេញ​ ៖ ​បុរស​ម្នាក់​ឈ្មោះ​​រ៉េ​ត សា​រុន អាយុ​៤០​ឆ្នាំ ដែល​គេ​ស្គាល់​ថា ជា​សកម្មជន​ និ​ងជាម្ចាស់អាក់ខោន​ហ្វេ​ស​ប៊ុ​ក ខ្លាសរ ដែលគេអះអាងថា ​ពូកែ​ជេរតាមបណ្តាញសង្គម​ហ្វេសប៊ុក​ ត្រូវ​បាន​នគរបាល​ប៉ុស្តិ៍​ទឹកថ្លា​ឃាត់ខ្លួន រួម​ជាមួយ​យុវជន​ម្នាក់​ទៀត ព្រមទាំង​ដកហូត​បាន​ថ្នាំ​ញៀន​១​កញ្ចប់​ផង​ដែរ​។

​ការ​ឃាត់ខ្លួន​​សកម្មជន​ខាងលើនេះ​ត្រូវ​បាន​នគរបាល​អោយ​ដឹង​ថា ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​១១ និង​៣០​នាទី​យប់​ថ្ងៃ​ទី​២៩ ខែមីនា ឆ្នាំ ២០២០ ខ​ណៈ​ពេល​ដែល​​សកម្មជន​ខាងលើ​ធ្វើ​ដំណើរ​ទៅ​ទិញ​ថ្នាំ​ញៀន​នៅ​តំបន់​ត្រពាំង​ឈូក ស្ថិត​ក្នុងភូមិ​បុរី​កម្មករ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។

ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ​​ដែល​ត្រូវ​ចាប់ខ្លួន ​ម្នាក់​​ឈ្មោះ រ៉េ​ត សា​រុន ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ដែល​គេ​ស្គាល់​ថា សកម្មជន​មួយ​រូប​ពូ​កែ​ជេរ​តាម​បណ្តាញ​សង្គម ដែល​មាន​អា​ក់​ខោ​ន​ហ្វេ​ស​ប៊ុ​ក ខ្លាសរ ស្នាក់​នៅ​បន្ទប់​ជួល ភូមិ​ភ្នំពេញ​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ និង​ម្នាក់ទៀត​​ឈ្មោះ រ៉ុ​ន ចំ​រ៉ុ​ង ភេទ​ប្រុស អាយុ​១៨​ឆ្នាំ​ មុខរបរ​លក់ដូរ ស្នាក់​នៅ​បន្ទប់​ជួល ភូមិ​ភ្នំពេញ​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។​ បន្ទាប់​ពី​ឃាត់ខ្លួន សមត្ថកិច្ច​ដកហូត​បាន​ថ្នាំ​ញៀន​ប្រភេទម្សៅ​​ក្រាម​សថ្លា​១​កូន​ថង់​តូច និង​ម៉ូតូ​​មួយ​​គ្រឿង ម៉ាក​ស្គូ​ពី ពណ៌​ស ពាក់​ស្លាក​លេខ​ ភ្នំពេញ​ ១GQ-៤៧៥៨ ។

តាមប្រភពពី​​នគរបាល​អោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ នគរបាល​មូលដ្ឋានក៏​បាន​ចុះ​ល្បាត​នៅ​ក្នុង​មូលដ្ឋាន ដែល​ជា​តំបន់​ស្មុ​គ​​ស្មាញ ក៏​បាន​ប្រទះ​ឃើញ​ជនសង្ស័យ ហើយក៏​ធ្វើការ​ត្រួតពិនិត្យ និង​ឆែកឆេរ ស្រាប់តែ​ឃើញ​គ្រឿងញៀន​១​កញ្ចប់​នៅ​ក្នុង​កាបូប​​របស់​ជនសង្ស័យ​ឈ្មោះ ​រ៉េ​ត សា​រុន ហៅ​ខ្លា​សរ ក៏​ឃាត់ខ្លួន រួម​ជាមួយ​យុវជន​ម្នាក់​ទៀត ។

តាម​ចម្លើយ​សារភាព ថ្នាំ​ញៀន​នោះ​ ត្រូវ​បាន​រូបគេ​ប្រើ​ក្មេង​អោយទៅ​ទិញ ហើយពេល​ទិញ​បាន​ហើយ ត្រឡប់​មក​វិញ​ត្រូវ​នគរបាល​ឃាត់ខ្លួន​តែ​ម្តង ។ ​សកម្មជន​ខ្លាសរ រួម​ជាមួយ​យុវជន​ម្នាក់​ទៀត ត្រូវ​បាន​នគរបាល​បញ្ជូន​ទៅ​កាន់​អធិការដ្ឋានខណ្ឌ​សែន​សុខ ។

​លោក​វ​រ​សេនីយ៍​ឯក ហួរ ម៉េ​ង​វ៉ាង អធិការ​នគរបាល​ខណ្ឌ​សែន​សុខ បានអោយ​ដឹង​ថា បន្ទាប់​ពី​ឃាត់ខ្លួន សមត្ថកិច្ច​បាន​ធ្វើតេស្ត គឺ​ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ​ពុំ​មាន​សា​រ​ធាតុ​ញៀន​នោះ​ទេ ៕​ (កែសម្រួលដោយ ៖ ធីតា​)

សន្ដិសុខ​សង្គម

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ