សោកនាដកម្មប្រវត្តិសាស្ត្រដែលបណ្តាលឱ្យមនុស្សជិត១០០០នាក់ ស្លាប់និងរបួស យ៉ាងអាណោចអាធ័មលើស្ពានពេជ្រនៃតំបន់កោះពេជ្រកាលពីរាត្រីថ្ងៃទី២២ វិច្ឆិកា បានក្លាយទៅជាការវិភាគមួយសំរាប់ប្រជាជាតិខ្មែរគ្រប់ស្រទាប់ជាន់ថ្នាក់ ហើយចាប់ពីវេលាល្ងាចថ្ងៃទី២៣ វិច្ឆិកា អបិយជំនឿមួយបានផ្ទុះឡើងដោយនៅតាមលំនៅឋាននានាគេបានឃើញមានការដាក់ថ្វាយចេក ដបទឹក ផ្លែឈើ អង្ករ អំបិល និងអុជទៀនធូបព្រោងព្រាត និងមានកន្លែងខ្លះមានការប្រមូលផ្តុំគ្នាអុជទៀនធូបជារួមយ៉ាងធំមួយផងដែរ ។ មិនមានការផ្តល់ព័ត៌មានឱ្យឯកភាពគ្នាសំរាប់ការថ្វាយចេកនេះទេ តែវាហាក់ដូចជាណាត់គ្នាមួយដែលមិនថានៅក្នុងរាជធានីភ្នំពេញនោះទេ ដែលមានការដាក់សែនចេកអុជទៀនធូបនៅមុខផ្ទះ សូម្បីនៅតាមខេត្តនានាក៏មានការដាក់សែនដូចគ្នាដែរ ។
ចាប់ពីវេលាម៉ោង៧យប់ទៅ គេសង្កេតឃើញប្រជាពលរដ្ឋនៅទូទាំងរាជធានីភ្នំពេញ បាននាំគ្នាបាចអង្ករ ដាក់បាយ នំ ចំណី ផ្លែឈើ និងទឹក រួមទាំងភេសជ្ជៈផ្សេងៗជាច្រើននៅតាមមុខផ្ទះរបស់ខ្លួនតាមចិញ្ចើមផ្លូវ ហើយនាំគ្នាអុជទៀនធូបបន់ស្រន់សុំសេចក្តីសុខសប្បាយតាមគ្រួសារនីមួយៗ ហើយការដែលធ្វើបែបនេះក៏គឺជាការចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារអ្នករងគ្រោះ និងដើម្បីឧទ្ទិសកុសលចំពោះអ្នកស្លាប់ផងដែរ ។ អ្វីដែលមានការកត់សំគាល់នោះ គឺចេកណាំវ៉ាធ្លាប់តែមួយស្និតមានតំលៃត្រឹមតែ២០០០រៀលទៅ ២៥០០រៀល តែនៅរាត្រីថ្ងៃ ទី២៣ វិច្ឆិកា ចេកណាំវ៉ាមួយស្និតឡើងថ្លៃពី៨.០០០រៀល ទៅ៣០.០០០រៀល ។ ជាការពិតណាស់ចន្លោះម៉ោង៧យប់ ថ្ងៃទី២៣ វិច្ឆិកា នៅផ្សារដើមថ្កូវ ចេកណាំវ៉ាមួយស្និតតំលៃ៨.០០០រៀល នៅផ្សារទួលទំពូងមួយស្និត ១៥.០០០រៀល រីឯនៅផ្សារអូរបែកក្អមមួយស្និត២០.០០០រៀល និងនៅផ្សារធំថ្មីមួយស្និតតំលៃ៣០.០០០រៀលឯណោះ ។ តំលទាំងអស់នេះគេដើររកទិញមិនបានទៀតផង ។
តាមប្រភពព័ត៌មានពីខេត្តកណ្តាលឱ្យដឹងថា ប្រជាពលរដ្ឋបាននាំគ្នាផ្អើលទៅទិញចេកណាំវ៉ា ទៀន ធូប អុជដាក់សែននៅតាមមុខលំនៅឋានរបស់ខ្លួនដើម្បីធ្វើការបន់ស្រន់សុំសេចក្តីសុខ ហើយខ្លះទៀតយល់ថា ធ្វើបែបនេះដើម្បីជូនដំណើរព្រលឹងសពដែលបានស្លាប់យ៉ាងអាណោចអាធ័មនោះបានទៅដល់លំនៅឋានរបស់ពួកគេ ។ ដោយសារតែជំនឿខាងលើមានតៗគ្នាពីម្នាក់ទៅម្នាក់ ពិសេសការប្រាប់គ្នាតាមទូរស័ព្ទធ្វើឱ្យដំណឹងនេះបានដឹងយ៉ាងលឿនពីទីក្រុងរហូតដល់ជនបទដាច់ស្រយាល ។ ជំនឿខាងលើបានធ្វើឱ្យចេកណាំវ៉ាឡើងថ្លៃខ្ពស់ខុសពីថ្ងៃធម្មតាទៅតាមតំបន់ផ្សេងៗគ្នា ហើយនៅតាមទីប្រជុំជនវិញ តំលៃចេកណាំវ៉ាថ្លៃខ្ពស់កប់ពពកមិនដែលធ្លាប់មានពីមុនមក ។ តាមសេចក្តីរាយការណ៍ពីបណ្តាស្រុកនានានៅក្នុងខេត្តកណ្តាលបានឱ្យដឹងថា ចេកណាំវ៉ាបានឡើងថ្លៃខ្ពស់រហូតដល់មួយស្និត២ម៉ឺនរៀល ទៅ២ម៉ឺន៥ពាន់រៀលនៅក្រុងតាខ្មៅ ដោយឡែកនៅតាមទីប្រជុំជនតាមស្រុកវិញថ្លៃមិនដូចនៅក្រុងទេ គឺត្រឹមតែមួយស្និតពី៥ពាន់រៀល ទៅ៨ពាន់រៀល ដែលតំលៃនេះក៏មិនធ្លាប់មានឡើយ ។ ជាមួយគ្នានេះដែរនៅតាមភូមិ-ឃុំដាច់ស្រយាលតំលៃចេកមិនឡើងថ្លៃដូចនៅតំបន់ទីប្រជុំជនស្រុក និងក្រុងទេ គឺពួកគាត់ខ្លះអាចសុំឬខ្ចីគ្នាបានដើម្បីយកមករៀបចំពិធីសែនព្រេន ។
តាមផ្លូវជាតិឬតាមផ្លូវលំនានាគេសង្កេតឃើញមានការអុជធូបទៀន និងមានដាក់សំណែនចេកណាំវ៉ាទុំ ចាស់ និងមានដាក់អង្ករ អំបិលផងដែរនៅតាមមុខលំនៅឋាន ។ ដោយឡែកអ្នកដែលមិនមានចេកសែនព្រោះរកទិញមិនបាន ក៏ទិញនំពងទា ស្ករគ្រាប់ ឬនំចិនផ្សេងៗ ដើម្បីបានដាក់សែនបង្គ្រប់កិច្ចដូចគេឯងដែរ ។ ទាក់ទិននឹងជំនឿផ្អើលអស់អ្នកស្រុកគ្រប់គ្នាយ៉ាងឆាប់រហ័សបែបនេះ បើតាមប្រភពនិយាយថា ជំនឿនេះបានផ្តើមចេញពីអ្នករស់នៅរាជធានីភ្នំពេញមុនគេ ហើយក៏និយាយតៗគ្នាប្រាប់អ្នកជិតខាងសាច់ញាតិបន្តបន្ទាប់ ពិសេសតាមរយៈទូរស័ព្ទទៅគ្រប់ភូមិ-ឃុំ ហើយជំនឿខាងលើត្រូវបានគេជឿថា ដោយសារតែឧបទ្ទវហេតុដ៏មហារន្ធត់បណ្តាលឱ្យមនុស្សស្លាប់យ៉ាងច្រើននៅរាជធានីភ្នំពេញ ហើយពួកគាត់ជឿថា ជាខ្មោចតៃហោង ទើបពួកគាត់រៀបចំអុជធូបទៀន មានចេក អង្ករ អំបិល ដាក់សែននៅខាងមុខផ្ទះដើម្បីសុំសេចក្តីសុខដល់ក្រុមគ្រួសារ ។ ខ្លះទៀតនិយាយថា ខ្មោចតៃហោងស្លាប់នៅឆ្ងាយពីស្រុកកំណើតផ្ទះសំបែង ហើយព្រលឹងសព ក៏ត្រូវធ្វើដំណើរមករកផ្ទះវិញ ទើបពួកគាត់អុជធូបទៀនបំភ្លឺផ្លូវនិងដាក់នំចំណីសែនព្រេនដល់ព្រលឹងសពកុំឱ្យតាមយាយីដល់ក្រុមគ្រួសារខ្លួន ។ ក្រោយពីទៀនធូបរលត់អស់ ពួកគាត់បានបាចអង្ករ អំបិល បញ្ចេឧបទ្រុពចង្រឱ្យចាកចេញឆ្ងាយឃើញនៅលើផ្លូវសព្រាត ។
បើទោះជាបែបណាក្តី នេះគ្រាន់តែជាជំនឿអរូបីដែលគេជឿតៗគ្នាប៉ុណ្ណោះ ។ មានមតិខ្លះលើកឡើងថា ជំនឿខាងលើអាចជាចលាចលមួយមិនខុសកាលពី១០ឆ្នាំមុន ដែលគេនាំគ្នាហូបបបរសណ្តែកទាំងយប់នោះទេ ហើយកាលនោះសណ្តែកបាយឡើងថ្លៃខ្ពស់ណាស់ដូចចេកណាំវ៉ានាពេលនេះដូច្នេះដែរ ។ នៅតំបន់ប៉ោយប៉ែតច្រកព្រំដែននាព្រលប់ថ្ងៃទី២៣ វិច្ឆិកា ក៏មានការភ្ញាក់ផ្អើលកើតឡើងតាមអបិយជំនឿធ្វើឱ្យអ្នកស្រុកក្នុងក្រុងប៉ោយប៉ែតនាំ គ្នាសំរុកទិញចេក មិនថា ខ្ចី ឬទុំនោះទេ ដើម្បីយកទៅសែនព្រេនតាមគ្រួសាររៀងៗខ្លួន ធ្វើឱ្យតំលៃចេកនៅក្រុងប៉ោយប៉ែតមានហាងឆេងឡើងតាមមាត់រហូតដល់១ស្និតថ្លៃ១៥.០០០រៀលទៅ២ម៉ឺនរៀល ។ តាមអ្នកស្រុកដែលនិយាយតៗគ្នាថា ការរកទិញចេកពិបាក ហើយរហូតដល់ម៉ោងប្រហែល៨យប់តំលៃចេកបានឡើងរហូតដល់១ស្និត៣ម៉ឺនរៀលទៀតផង ហើយក៏រកទិញពុំបានផងដែរ ។ ស្ត្រីម្នាក់ជាអាជីវករលក់ចេកសុំមិនបញ្ចេញឈ្មោះលក់នៅផ្សារត្រីដែលជាផ្សារអគ្គចាស់បានប្រាប់ថា ចេកទាំងចាស់ទាំងខ្ចី និងទុំបាក់.កដែលលក់សល់តាំងពីថ្ងៃទី២២ វិច្ឆិកា ក៏ត្រូវបានលក់អស់ដែរ ។ អាជីវកររូបនេះបន្តថា តំលៃចេកគឺគាត់លក់បានតំលៃក្នុង១គីឡូក្រាម ១៥.០០០រៀល ហើយគាត់ថា បើតំលៃលក់ធម្មតា គឺក្នុងមួយគីឡូក្រាម ថ្លៃត្រឹមតែ២.៥០០រៀលប៉ុណ្ណោះ ។ ដោយសារអបិយជំនឿខាងលើនេះ បានធ្វើឱ្យអ្នកស្រុកនៅក្រុងប៉ោយប៉ែតសំរុកទិញចេកភ្លូកទឹកភ្លូកដីរហូតអ្នកខ្លះរកទិញមិនបាននាំគ្នាទៅតាមសុំ ឬទិញពី តាមភូមិអ្នកស្រុកទាំងយប់ឱ្យកាប់ពីដើមទៀតផង ។
នៅឯខេត្តព្រះវិហារឯណោះវិញ ក៏មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងទៅនឹងឧបទ្ទវហេតុរត់ជាន់គ្នាស្លាប់លើស្ពានកោះពេជ្រដែរ រហូតធ្វើឱ្យប្រជាពលរដ្ឋខេត្តព្រះវិហារដែលជាខេត្តមួយតែងតែមានជំនឿទៅលើបុណ្យបារមីភ្នំត្បែងមានជ័យ បារមីប្រាសាទកោះកេរ្តិ៍ បារមីប្រាសាទព្រះខ័ន និងបារមីប្រាសាទព្រះវិហារដែលមានលោកតាឌីជាអ្នកមានបុណ្យបារមីខ្លាំងពូកែដ៏មហិមា ស្ថិតនៅការពារប្រាង្គប្រាសាទខ្មែរដ៏ល្បីល្បាញឱ្យជួយផងដែរ ។ នៅពេលយប់ថ្ងៃទី២៣ វិច្ឆិកា ប្រជាពលរដ្ឋបាននាំគ្នាសែនព្រេនស្ទើរតែគ្រប់ផ្ទះ ដែលការសែនព្រេននោះពួកគេក្នុងតំបន់នោះតាមសង្កេតឃើញមានដាក់តែផ្លែចេកទុំ ទឹកតែ និងអុជទៀនធូបក្នុងរយៈបីថ្ងៃ ដើម្បីឧទ្ទិសដល់ព្រលឹង និងវិញ្ញាណក្ខន្ធអ្នកដែលបានលាចាកលោកនេះទៅ ទាំងវេទនាជាទីបំផុត ក្នុងឧបទ្ទវហេតុដ៏មហារន្ធត់នៅវេលាយប់ថ្ងៃទី២២ វិច្ឆិកា កន្លងទៅនេះ សុំឱ្យព្រលឹង និងវិញ្ញាណក្ខន្ធពួកគេបានទៅកាន់សុគតិភពគ្រប់ៗគ្នា ។ ម្យ៉ាងទៀតតាមជំនឿរបស់អ្នកស្រុកក្នុងតំបន់នោះ ពួកគេជាទំលាប់បន្ទាប់ពីបានឃើញឧបទ្ទវហេតុប្លែកៗបែកនេះហើយពួកគេចាំបាច់ត្រូវតែដាក់ចេក១ស្និតមានទឹក ទៀន ធូបធ្វើពិធីសែនព្រេន ដើម្បីឧទ្ទិសដល់អារុក្ខអារក្សអ្នកតាព្រៃភ្នំក្រំថ្ម អ្នកតាឈើវល្លិ៍ និងបីសាចទាំងឡាយឱ្យចាកចេញឆ្ងាយផុតអស់ពីនគរខ្មែរ ហើយតំលៃចេកសំរាប់ខេត្តនេះមិនថ្លៃនោះទេ ។
- ព្រឹត្តិការណ៍ក្នុងខេត្តបាត់ដំបងក្រោយការស្លាប់រង្គាលនៅកោះពេជ្រ
យោងតាមរបាយការណ៍របស់អាជ្ញាធរខេត្តឱ្យដឹងនៅព្រឹកថ្ងៃទី២៤ វិច្ឆិកា ថា សំរាប់ខេត្តបាត់ដំបងមានប្រជាពលរដ្ឋជួបគ្រោះថ្នាក់នៅក្នុងព្រឹត្តិការណ៍ដ៏រន្ធត់នៅកោះពេជ្រ រាជធានីភ្នំពេញកាលពីរាត្រីថ្ងៃទី២២ វិច្ឆិកា សរុបចំនួន៥នាក់ ក្នុងនោះចំនួន៣នាក់ស្លាប់ ហើយត្រូវបានបញ្ជូនសាកសពទៅដល់លំនៅឋានរៀងៗខ្លួនកាលពីយប់ថ្ងៃទី២៣ វិច្ឆិកា ។ ចំណែកម្នាក់ទៀតរងរបួសកំពុងសំរាកនៅមន្ទីរពេទ្យ និងប្រជាពលរដ្ឋម្នាក់ទៀតនៅបាត់ខ្លួនរកមិនទាន់ឃើញនៅឡើយ ។ នៅព្រឹកថ្ងៃទី២៤ វិច្ឆិកា អាជ្ញាធរខេត្តបាត់ដំបងបានទៅចូលរួមកាន់ទុក្ខជាមួយគ្រួសារសព និងបាននាំយកអំណោយបន្ថែមទៀតដើម្បីទៅចែកជូនគ្រួសារជនរងគ្រោះ ។ ជុំវិញសោកនាដកម្មនៅកោះពេជ្រ រាជធានីភ្នំពេញនេះ នៅក្រុងបាត់ដំបងកាលពីរាត្រីថ្ងៃទី២៣ វិច្ឆិកា ប្រជាពលរដ្ឋស្ទើរគ្រប់ទិសទីបានភ្ញាក់ផ្អើលទិញចេកទាំងខ្ចី ទាំងទុំដាក់សែនឧទ្ទិសកុសលផលបុណ្យជូនដល់វិញ្ញាណខណ្ឌអ្នកស្លាប់រាប់រយនាក់ ។ ជំនឿនេះបានផ្ទុះឡើងព្រោងព្រាតតៗគ្នាពេញក្រុង ធ្វើឱ្យហាងឆេងចេកឡើងថ្លៃដូចឡើងកាំជណ្តើរចាប់ពី១ស្និត៣.០០០រៀល រហូតដល់១ស្និត៣០.០០០រៀល មិនថាចេកក្តឹប ចេកចាស់ ឬចេកទុំទេ ។ នៅខាងមុខលំនៅឋានគ្រប់ទីកន្លែងតាមដងផ្លូវនានា គេឃើញតែភ្លើងទៀន និងធូបភ្លឺចិញ្ចាច ។ អ្នកខ្លះមានដាក់អង្ករ ឬទឹកជាមួយផ្លែចេកផងដែរ ។ អ្នកភូមិភាគច្រើននិយាយថា ពួកគេធ្វើតាមគ្នា ព្រោះយល់ថា ការសែនផ្លែចេក អង្ករ ឬទឹក រួចអុជធូបទៀនបួងសួងនេះ គឺឧទ្ទិសទៅដល់វិញ្ញាណខណ្ឌអ្នកដែលស្លាប់នៅកោះពេជ្ររាប់រយនាក់ឱ្យបានទៅកាន់សុគតិភព ។
អ្នកលក់ចេកឆ្លៀតឱកាសនេះកាប់ចេកមិនថាក្តឹប ចាស់ ឬទុំទេឱ្យតែមាន គឺកាប់យកមកលក់ទាំងអស់ ព្រោះតំលៃឡើងដល់៣០.០០០រៀលឯណោះក្នុង១ស្និត ប៉ុន្តែក៏មានអ្នកលក់ចេកខ្លះខាតឡុងចុងដែរ ដោយសារតែកាប់ចេកយកទៅលក់យប់ជ្រៅពេកអស់អ្នកទិញ ។ ប្រជាពលរដ្ឋខេត្តបន្ទាយមានជ័យក្រៅពីចូលរួមថវិកាតាមរយៈមូលនិធិនានារបស់ទូរទស្សន៍នារាត្រីថ្ងៃទី២៣ វិច្ឆិកា ស្ទើរគ្រប់ឃុំ-សង្កាត់ទូទាំងខេត្ត ប្រជាពលរដ្ឋបានផ្អើលយកគ្រឿងសក្ការៈ ជាពិសេសចេក និងអង្ករសែនព្រេនឧទ្ទិសមគ្គផលដល់វិញ្ញាណក្ខ័ន្ធជនរងគ្រោះហើយយកគ្រឿងសក្ការៈទាំងនោះទៅបណ្តែតតាមទឹកស្ទឹង ។ ការសែនព្រេនបែបនេះធ្វើឱ្យចេកឡើងថ្លៃពី១ស្និត១.៥០០រៀលទៅ៥ពាន់រៀលនិងឡើងដល់១ម៉ឺនរៀល ។ ប្រជាពលរដ្ឋនៅស្ទើរគ្រប់ផ្ទះក្នុងក្រុងសិរីសោភ័ណ និងនៅក្រុងប៉ោយប៉ែត ស្រុកមង្គលបុរី ស្វាយចេក ថ្មពួក ព្រះនេត្រព្រះ ភ្នំស្រុក និងម៉ាឡៃ បាននាំគ្នាទិញធូបទៀន ផ្កាភ្ញី នំនែក ផ្លែឈើ ពិសេសផ្លែចេក អង្ករ អំបិលដាក់សែនព្រេនតាមមុខផ្ទះ បណ្តោយផ្លូវថ្នល់ដើម្បីឧទ្ទិសដល់វិញ្ញាណក្ខន្ធជនរងគ្រោះទាំងឡាយដែលស្លាប់ក្នុងឧបទ្ទវហេតុលើស្ពានពេជ្រ រាជធានីភ្នំពេញ ។ ទន្ទឹមនឹងការបួងសួងឱ្យព្រលឹងជនរងគ្រោះបានទៅកើតនៅសុគតិភពនោះ ការបន់ស្រន់បណ្តេញឧបទ្រពចង្រៃទាំងឡាយចេញពីស្រុក ភូមិ ពិសេសគឺឱ្យអ្នករងរបួសបានរស់រានមានជីវិត និងសុខចំរើនតទៅ ។ ប្រជាពលរដ្ឋនៅក្នុងសង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ បានឱ្យដឹងថា មូលហេតុដែលនាំគ្នាសែនព្រេនដូចជាចេក អង្ករ អំបិល គឺជាការបញ្ជាក់ពីការចូលរួមរំលែកទុក្ខជាមួយគ្រួសារជនរងគ្រោះ ។ ក្រោយពីសែនព្រេនរួចប្រជាពលរដ្ឋសង្កាត់អូរអំបិលបានយកសំណល់ទាំងនោះទៅបណ្តែតនៅទឹកស្ទឹង ។
- ចេកមិនឡើងថ្លៃខ្ពស់នៅតាកែវ
អ្នកឆ្លើយឆ្លងព័ត៌មានខេត្តតាកែវរាយការណ៍ថា កាលពីល្ងាចថ្ងៃទី២៣ វិច្ឆិកា ២០១០ នៅទូទាំងខេត្តតាកែវស្រាប់តែមានប្រជាពលរដ្ឋមានការភ្ញាក់ផ្អើលនាំគ្នារៀបចំសែនព្រេនមានចេក អង្ករ អំបិល សណ្តែកស ខៀវ ល្ង និងដុតទៀនធូបទៅតាមមុខលំនៅឋានរបស់ខ្លួនដើម្បីឧទ្ទិសកុសលបុណ្យដល់អ្នកដែលស្លាប់បាត់បង់ជិវិតនៅលើស្ពានកោះពេជ្រដើម្បីឱ្យជនរងគ្រោះទាំងអស់បានទៅកាន់សុគតិភព ។ ប្រជាពលរដ្ឋបាននិយាយប្រាប់កោះសន្តិភាពថា សំរាប់តំលៃចេកនៅផ្សារតាកែវក៏ដូចនៅតាមទីផ្សារស្រុកនានាតំលៃធម្មតា១ស្និត១.៥០០រៀល តែសំរាប់សែនឧទ្ទិសកុសលនាល្ងាចថ្ងៃទី២៣ វិចិ្ឆិកា នេះតំលៃចេក១ស្និតនៅតាកែវ ៤.០០០រៀលប៉ុណ្ណោះ ។ ប្រជាពលរដ្ឋខេត្តរតនគីរីឯណោះវិញ រឿងអបិយជំនឿបាននិយាយតៗគ្នាអំពីបារមីខាងផ្លូវងងឹតថា នឹងយកជីវិតមនុស្សទូទាំងប្រទេសកម្ពុជាឱ្យបាន១.០០០នាក់ទៀត បន្ទាប់ពីការស្លាប់ជិត៤០០នាក់លើស្ពានកោះពេជ្រ ។ ពាក្យចចាមអារ៉ាមគួរឱ្យតក់ស្លុតនេះបានភ្ជាប់មកជាមួយនូវវិធីរំដោះគ្រោះ គឺប្រជាពលរដ្ឋត្រូវដាក់អង្ករ អំបិល និងចេកនៅមុខផ្ទះធ្វើពិធីឧបកិច្ចថ្វាយឧទ្ទិសដល់បារមី និងព្រលឹងខ្មោចព្រាយបិសាចមិនឱ្យមកយាយីដល់អាយុជីវិតពួកគាត់ដោយដុតទៀនធូបបួងសួងសុំសេចក្តីសុខដើម្បីបញ្ចៀសគ្រោះដល់ខ្លួន និងក្រុមគ្រួសារ ។
នៅល្ងាចថ្ងៃទី២៣ ខែវិច្ឆិកា ទីផ្សារចេកណាំវ៉ាមានហាងឆេងណាស់ ពីមុនចេកមួយស្និតតំលៃ១.០០០រៀល ពេលនេះឡើងដល់តំលៃ២.៥០០រៀលឡើងទៅ ។ ដោយសារតំបន់ភូមិភាគ|សាននេះសំបូរចេកស្រាប់ផង ប៉ុន្តែទោះជាសំបូរយ៉ាងណាក្តីក៏នៅមានការខ្វះខាតក្នុងពេលភ្លាមៗនេះដែរ ។ បញ្ហាគ្រោះថ្នាក់នៅតំបន់កោះពេជ្រនោះ ចំពោះខេត្តរតនគីរីពុំទាន់មានដំណឹងពីអ្នករងគ្រោះឬអត់នៅឡើយទេ ។ លោកអភិបាលខេត្តរតនគីរីនិយាយថា មានម្នាក់បាត់ខ្លួន មិនទាន់ដឹងច្បាស់ថា ស្លាប់ឬរស់នៅឡើយ ។ ប្រជាពលរដ្ឋនៅខេត្តព្រះសីហនុក៏មានការភ្ញាក់ផ្អើលក្នុងការសែនចេកដែរ ។ មូលហេតុដែលប្រជាពលរដ្ឋភ្ញាក់ផ្អើលនាំគ្នាទៅទិញចេកមកសែនព្រេនបែបនេះ ដោយសារតែមានជំនឿ ហើយបន្ទាប់ពីបានដឹងពីហេតុការណ៍នៃសោកនាដកម្មដ៏រន្ធត់ដែលកើតមានឡើងនៅតំបន់ស្ពានកោះពេជ្រធ្វើឱ្យពួកគាត់មានអារម្មណ៍រន្ធត់ញាប់ញ័រ និងភ័យខ្លាច ទើបពួកគាត់នាំគ្នាដាក់សែននៅលើដីមុខផ្ទះដែលសំណែននោះមានចេកមួយស្និត អង្ករមួយក្តាប់ អំបិលមួយក្តាប់ និងទឹកមួយកែវ ហើយដុតទៀនធូបសុំសេចក្តីសុខដល់ក្រុមគ្រួសារ និងញាតិសន្តានរបស់គាត់ និងឧទ្ទិសមគ្គផលដល់វិញ្ញាណក្ខន្ធអ្នកដែលបានស្លាប់បាត់បង់ជីវិតដោយសារឧបទ្ទវហេតុនៅលើស្ពានពេជ្រ ។
ប្រជាពលរដ្ឋនៅខេត្តព្រះសីហនុបានត្អូញត្អែរថា សព្វមួយដងតំលៃចេកក្នុងមួយស្និត២.៥០០រៀល ប៉ុន្តែនៅល្ងាចថ្ងៃទី ២៣ វិច្ឆិកា ម៉ោងប្រមាណ៤រសៀល ពេលដែលផ្អើលទិញចេកដើម្បីយកមកសែនព្រេន ស្រាប់តែចេកបានឡើងថ្លៃជាលំដាប់រហូតដល់មួយស្និតតំលៃ ៣០.០០០រៀល ។ ប្រជាពលរដ្ឋនៅខេត្តព្រះសីហនុ នាំគ្នារិះគន់ម្ចាស់ស្តង់លក់ផ្លែឈើថា ហាក់បីដូចជាគ្មានការយោគយល់អ្វីបន្តិចសោះ តំលៃកើនឡើង១ទៅជាង១២ដងនៃតំលៃធម្មតា ។ ចំណែកនៅខេត្តព្រៃវែង ក៏មានរបាយការណ៍ឱ្យដឹងថា នៅឯស្រុកពាមរក៍ វេលាម៉ោង៥ល្ងាច ថ្ងៃទី២៣ វិច្ឆិកា ប្រជាពលរដ្ឋនាំគ្នាផ្អើលរត់ទៅទិញចេកយកមកដាក់សែននៅចិញ្ចើមថ្នល់ខាងមុខផ្ទះរបស់ខ្លួន ស្ទើរតែគ្រប់ផ្ទះទាំងអស់ ។ ការសែននោះគេបានអុជធូប៥សរសៃនៅលើផ្លែចេក ហើយបាចអង្ករ និងអំបិលនៅក្បែរផ្លែចេកនោះទៅតាមជំនឿរបស់ពួកគេ ។ ប្រជាពលរដ្ឋបាននិយាយដូចៗគ្នាថា ពួកគេដាក់ចេកសែននៅតាមផ្លូវមុខផ្ទះរបស់ខ្លួនបែបនេះ គឺដើម្បីសុំសេចក្តីសុខសប្បាយសំរាប់គ្រួសាររបស់ពួកគេ និងម្យ៉ាងទៀតគឺដើម្បីឧទ្ទិសកុសលដល់ព្រលឹងអ្នកស្លាប់ទាំងអស់នៅក្នុងហេតុការណ៍អកុសលលើស្ពានពេជ្រកាលពីរាត្រីថ្ងៃទី២២ វិច្ឆិកា នោះ ។ ចំពោះការសែនព្រេននេះ ដែរ គេសង្កេតឃើញថា ចំពោះមនុស្សដែលមិនមានឆ្នាំកំណើតកើតចំឆ្នាំជូត ឆ្នាំវក និងឆ្នាំខាល គឺគេសែនតែផ្លែចេកហើយបាចអង្ករ និងអំបិលប៉ុណ្ណោះ ។ ប៉ុន្តែសំរាប់អ្នកដែលកើតចំឆ្នាំជូត ឆ្នាំវក និងឆ្នាំខាល គឺត្រូវសែនផ្លែឈើ៧មុខថែមទៀត ។ ចំពោះមូលហេតុ គឺពុំមាននរណាម្នាក់អាចបំភ្លឺឱ្យបានច្បាស់លាស់នោះទេ ក្រៅពីនិយាយថា បងប្អូននៅភ្នំពេញ ទូរស័ព្ទមកប្រាប់ឱ្យសែនក៏សែនតាមទៅ ប្រហែលជាឆ្នាំឆុងហើយមើលទៅ ។ ទោះបីជាយ៉ាងណាក៏ដោយ គេសង្កេតឃើញថា ផ្លែឈើ និងផ្លែចេកនៅផ្សារអ្នកលឿងពុំមានការឡើងថ្លៃដូចនៅភ្នំពេញទេ គឺនៅមុនថ្ងៃបុណ្យអុំទូក១ស្និតតំលៃ១.៥០០រៀល ហើយបច្ចុប្បន្ននេះក៏នៅតែ១.៥០០រៀលដដែល ប៉ុន្តែចំនួនអ្នកទិញផ្លែចេកមានការកើនឡើងគួរឱ្យកត់សំគាល់ ។
គួរបញ្ជាក់ផងដែរថា សំរាប់ខេត្តព្រៃវែងមានជនរងគ្រោះស្លាប់បាត់បង់ជីវិត៣៨នាក់ រងរបួសជាង៦០នាក់ និងបាត់ខ្លួនជាង៣០នាក់ ។ មកដល់វេលាម៉ោង៥ល្ងាចថ្ងៃទី២៤ វិច្ឆិកា ២០១០ ការផ្អើលទិញផ្លែឈើ៧មុខ ដើម្បីសែនព្រេន ឧទ្ទិសដល់វិញ្ញាណក្ខន្ធអ្នកស្លាប់ដែលធ្លាក់ ក្នុងមហាសោកនាដកម្មនៅលើស្ពានពេជ្រ ដើម្បីសុំសេចក្តីសុខ ចៀសផុតពីគ្រោះថ្នាក់បានបន្តពីការសែនចេកកាលពីម្សិលមិញដែលតាមតំលៃផ្លែមៀន១គ្រាប់១០០រៀល និងមង្ឃុត១ផ្លែ៣០០រៀល ។ ការផ្អើលទិញផ្លែឈើ៧មុខនៅរាជធានី និងខេត្តនានានេះគឺកើតឡើងតៗគ្នាពីមនុស្សម្នាក់ទៅមនុស្សម្នាក់ រកប្រភពអ្នកដើមគេមិនឃើញទេ…ពោលគឺអ្នកខ្លះឃើញគេធ្វើបែបណាមួយក៏ធ្វើតាម… ៕
អ្នករាយការណ៍កោះសន្តិភាព
ចែករំលែកព័តមាននេះ