វីរបុរសបាល់ទាត់ក្រុមជម្រើសជាតិតួកគី គឺអតីតអ្នកចាំទី Rustu Recber កំពុងស្ថិតក្នុងដំណាក់កាលធ្ងន់ធ្ងរមួយនៅក្នុងមន្ទីរពេទ្យ បន្ទាប់ពីបានឆ្លងវីរុស Covid-19 ។

សូមរំលឹកលោក Rustu Recber ជាអតីតអ្នកចាំទីក្លិប Barcelona និង Fenerbahce ដែលបច្ចុប្បន្នមានវ័យ ៤៦ឆ្នាំ ដែលបានបង្ហាញខ្លួនសម្រាប់ក្រុមជម្រើសជាតិតួកគីចំនួន ១២០ប្រកួត និងបានជួយតួកគីឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ World Cup 2002 ។

បើតាមសម្តីរបស់ភរិយារបស់លោកគឺលោកស្រី Isil Recber បាននិយាយនៅលើបណ្តាញសង្គម Instagram ថា «យើងនៅតែតក់ស្លុតចំពោះរោគសញ្ញាភ្លាមៗ និងបានកំពុងវិវត្តយ៉ាងឆាប់រហ័ស» ។

ជាសំណាងលោកស្រី Isil Recber និងកូនទាំងពីរនាក់បានធ្វើតេស្តលទ្ធផលចេញមកគឺអវិជ្ជមានចំពោះវីរុស Covid-19 ។
សូមរលឹកថាលោក Rustu Recber បានចូលនិវត្តន៍ក្នុងឆ្នាំ ២០១២ បន្ទាប់ពីបានរួមរស់ជាមួយក្លិបចុងក្រោយក្នុងអាជីពរបស់លោក Besiktas អស់រយៈពេល៥ឆ្នាំ ។
ក្លិប Fenerbahce សរសេរលើបណ្តាញ Twitter របស់ខ្លួនថា «យើងសូមបង្ហាញនូវក្តីប្រាថ្នារបស់យើងសម្រាប់ការជាសះស្បើយយ៉ាងឆាប់រហ័ស ចំពោះអតីតអ្នកចាំទីក្រុមជម្រើសជាតិរបស់យើង Rustu Recber ដែលបានពាក់អាវរបស់យើងអស់រយៈពេលជាច្រើនឆ្នាំមកហើយ» ។
ដោយឡែកក្លិប Barcelona ក៏បានសរសេរនៅលើ Twitter របស់ខ្លួនជាភាសាតួកគីថា «សូមទទួលបានសុខភាពល្អ!» ៕ (ដកស្រង់ចេញពី BBC)
ចែករំលែកព័តមាននេះ