បរទេស ៖ គូរ៉ាសៅ (Curaçao) បានក្លាយជាប្រទេសតូចជាងគេបំផុតក្នុងប្រវត្តិសាស្ត្រ ដែលបានទៅលេងពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup បន្ទាប់ពីឆ្លងផុតការប្រកួតជម្រុះប្រចាំតំបន់អាមេរិកខាងជើង កណ្តាល និងការ៉ាអ៊ីប (Caribbean) ដែលស្គាល់ថា តំបន់ Concacaf នោះ កាលពីព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ (ម៉ោងនៅកម្ពុជា)។
ក្រុមជម្រើសជាតិគូរ៉ាសៅបានត្រឹមស្មើជាមួយចាម៉ៃកា ដោយគ្មានគ្រាប់ស៊ុតបញ្ចូលទីគ្នា ដើម្បីបញ្ចប់នៅកំពូលតារាងពូល B នៃការប្រកួតជម្រុះប្រចាំតំបន់ Concacaf កក់កៅអីស្វ័យប្រវត្តិសាស្ត្រព្រឹត្តិការណ៍ World Cup ឆ្នាំ២០២៦ នៅសហរដ្ឋអាមេរិក កាណាដា និងម៉ិកស៊ិក។ ដ្បិតចាម៉ៃកា ឈរនៅលេខ ២ នៅសល់ឱកាសប្រកួតជម្រុះអន្តរទ្វីប។
ចាប់តាំងពីក្រុមបាល់ទាត់ជម្រើសជាតិគូរ៉ាសៅ ចាប់កំណើតលើកដំបូងនៅឆ្នាំ ១៩២៤ នេះជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ដែលពួកគេបានកៅអីការប្រកួតព្រឹត្តិការណ៍ World Cup។ មិនត្រឹមតែប៉ុណ្ណោះ ប្រទេសដីកោះនៃប្រជុំកោះការ៉ាអ៊ីបហូឡង់ (Caribbean Netherlands) ដែលមានផ្ទៃដីសរុបត្រឹម ៤៤៤ គីឡូម៉ែត្រការ៉េ និងមានប្រជាជនសរុបជាង ១៥៥ ០០០ នាក់មួយនេះ បានបង្កើតកំណត់ត្រាប្រវត្តិសាស្ត្រជាប្រទេសតូចបំផុតបានទៅលេងជុំចុងក្រោយព្រឹត្តិការណ៍ World Cup ដោយបំបែកកំណត់ត្រាចាស់ប្រទេសអ៊ីស្លង់។
អ៊ីស្លង់បានក្លាយជាប្រទេសតូចជាងគេបំផុតក្នុងប្រវត្តិសាស្ត្របានទៅលេង World Cup នៅឆ្នាំ ២០១៨។ ប្រទេសនៅអឺរ៉ុបមួយនេះ មានផ្ទៃដីសរុបត្រឹម ១០៣ ១២៥ គីឡូម៉ែត្រការ៉េ និងប្រជាជនប្រមាណ ៣៥០,០០០ នាក់ នៅពេលនោះ។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ រកឃើញចំនួន ៤២ ក្រុមក្នុងចំណោម ៤៨ ក្រុម (រាប់ទាំងម្ចាស់ផ្ទះ) ដែលកក់កៅអី World Cup ឆ្នាំ២០២៦ នៅសហរដ្ឋអាមេរិក កាណាដា និងម៉ិកស៊ិក។
-អឺរ៉ុប ១២ ក្រុម ៖ អង់គ្លេស បារាំង ក្រូអាស៊ី ព័រទុយហ្គាល់ ន័រវេស អាល្លឺម៉ង់ ហូឡង់ ស្កុតឡែន បែលហ្ស៊ិក ស្វីស អេស្ប៉ាញ និងអូទ្រីស
-អាស៊ី ៨ ក្រុម ៖ អូស្ត្រាលី អ៊ីរ៉ង់ ជប៉ុន កូរ៉េខាងត្បូង អារ៉ាប៊ីសាអូឌីត កាតា ហ្ស៊កដានី (លើកដំបូង) និងអ៊ូសបេគីស្ថាន (លើកដំបូង)
-អាមេរិកខាងត្បូង ៦ ក្រុម ៖ អាហ្សង់ទីន (ក្រុមការពារជើងឯក) ប្រេស៊ីល អេក្វាឌ័រ អ៊ុយរូហ្គាយ កូឡុំប៊ី និងប៉ារ៉ាហ្គាយ
-អាហ្វ្រិក ៩ ក្រុម ៖ អាល់ហ្សេរី ទុយនេស៊ី អេហ្ស៊ីប ហ្គាណា ម៉ារ៉ុក កាប់វែរ (លើកដំបូង) កូតឌីវ័រ សេណេហ្គាល់ និងអាហ្វ្រិកខាងត្បូង
*Concacaf ៦ ក្រុម ៖ ម្ចាស់ផ្ទះសហរដ្ឋអាមេរិក កាណាដា និងម៉ិកស៊ិក ព្រមទាំងគូរ៉ាសៅ (លើកដំបូង) ហៃទី និងប៉ាណាម៉ា
-អូសេអានី ១ ក្រុម ៖ នូវែលហ្សេឡង់៕



ចែករំលែកព័តមាននេះ